ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ជាមួយរដ្ឋាភិបាលចិននៅដើមខែវិច្ឆិកានៅក្នុងការទទួលហិរញ្ញប្បទានសម្បទាន សម្រាប់ការសាងសង់ផ្លូវល្បឿនលឿនទី ២ ភ្នំពេញ-បាវិតនៃខេត្តស្វាយរៀង ដែលវិស័យឯកជនយល់ឃើញថាការសាងសង់ផ្លូវល្បឿនលឿនទី ២ នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការដោះដូរទំនិញទ្វេភាគី និងទេសចរណ៍រវាងកម្ពុជា-វៀតណាម។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីសមិទ្ធផលរយៈពេល ៥ ឆ្នាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៧ ខែតុលា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាផ្លូវថ្មីដែលមានប្រវែង ១៣៨ គីឡូម៉ែត្រ ត្រើយខាងកើតទន្លេមេគង្គនឹងមានការសង់ស្ពានថ្មីប្រវែង ២,៧ គីឡូម៉ែត្រ ២ គន្លងទៅ ២ គន្លងមកកម្ពស់ ៣៧,៥ ម៉ែត្រដូចស្ពានហ្សឹបាសា (ស្ពានអ្នកលឿង)។
លោកលើកឡើងថា៖ «យើងនឹងសាងសង់ផ្លូវល្បឿនលឿនថ្មី ១ ទៀតពីភ្នំពេញ-បាវិត ដើម្បីតភ្ជាប់ពីក្រុងបាវិតខេត្តស្វាយរៀងទៅក្រុងហូជីមិញ ប្រទេសវៀតណាម។ កិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) យើងបានធ្វើចប់សព្វគ្រប់ហើយ។ ឥឡូវនៅសល់តែប៉ុន្មានថ្ងៃទៀតនេះ យើងខ្ញុំកំពុងដុតដៃដុតជើង ដោយគណៈកម្មការអន្តរក្រសួងកំពុងខំប្រឹងប្រែងចរចាឱ្យបានកិច្ចព្រមព្រៀងសម្បទាន ដើម្បីចុះហត្ថលេខានៅថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនៅពេលនាយករដ្ឋមន្ត្រី លោក លី កេឈាង របស់ប្រទេសចិនមកទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន»។
លោកបន្តថា៖ «យើងទទួលបានការណែនាំអនុសាសន៍ពីសម្តេចឱ្យខំប្រឹងប្រែងធ្វើយ៉ាងណាចរចាឱ្យចប់ ដើម្បីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី ២ របស់យើងនៅឆ្នាំក្រោយ តាមការរំពឹងទុករបស់យើង។ តាមបទពិសោធរបស់ក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គេយល់ឃើញថា អាចរៀបចំទាន់បើកការដ្ឋាននៅខែ ៦ ឆ្នាំ ២០២៣ ។ នេះជាការគ្រោងទុករបស់ក្រុមហ៊ុន ប៉ុន្តែយើងក៏ជំរុញដែរ ដើម្បីកសាងផ្លូវល្បឿនលឿនឱ្យបាន ហើយនៅពេលដែលយើងសាងសង់រួចរាល់ហើយនេះខេត្តទាំងនោះនឹងមានការរីកចម្រើនដោយសារផ្លូវល្បឿនលឿន»។
ប្រធានសមាគមភ័ស្ដុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានស្វាគមន៍ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស។ លោកបន្តថា សមាគមបានតាមដានអំពីការសិក្សាគម្រោងនៃការរៀបចំផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ ជាយូរឆ្នាំមកហើយ។
លោកនិយាយថា៖ «ឥឡូវនេះរដ្ឋាភិបាលបានប្រគល់កិច្ចការនេះទៅក្រុមហ៊ុនចិន ដើម្បីទទួលការសាងសង់នៅក្នុងឆ្នាំក្រោយដែលនេះជាការចូលរួមចំណែកយ៉ាងច្រើន សម្រាប់ការជំរុញការដោះដូរពាណិជ្ជកម្ម និងទេសចរណ៍ជាមួយប្រទេសវៀតណាម ជាពិសេសប្រទេសកម្ពុជាយើង និងវៀតណាមគឺមានការដោះដូរទំនិញយ៉ាងសកម្មក្នុង ១ ឆ្នាំទៅ ១ ឆ្នាំ»។
កាលពីខែសីហា ឆ្នាំ ២០២២ កម្ពុជា និងវៀតណាមគ្រោងនឹងដំឡើងកូតារថយន្តធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនអន្តរជាតិរវាងប្រទេសទាំង ២ ពី ៥០០ គ្រឿងទៅ ៨០០ គ្រឿង នៅចុងឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការកើនឡើងសកម្មភាពនៃការដោះដូរទំនិញ។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថាការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២២ សម្រេចបានក្នុងទឹកប្រាក់ជាង ៣ ៧៦៥ លានដុល្លារកើនឡើង ២២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ។ ក្នុងនោះការនាំចេញទៅវៀតណាមមានជាង ១ ៣២៦ លានដុល្លារកើន ៣,៤ ភាគរយ និងកម្ពុជានាំពីវៀតណាមមានចំនួនជាង ២ ៤៣៩ លានដុល្លារ កើនឡើង ៣៥,៥ ភាគរយ៕