ភ្នំពេញៈ គិតត្រឹមឆមាសទី១ ឆ្នាំ ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនដល់ពលរដ្ឋបានចំនួន ៣ ២៧១ ស្លាក ទទួលបានចំណូល ២៣ ប៊ីលានរៀល និងបានចុះបញ្ជីស្លាកលេខពិសេស (ថ្នាក់រាជធានី-ខេត្ត)បាន ១៦ ៤៩៥ ស្លាក និងបានចំណូលជាង ១៩ ប៊ីលានរៀល ខណៈគោលដៅបន្តក្រសួងនឹងជំរុញបញ្ចប់ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក។
នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃទី ២៧ តុលា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ មកដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ គណៈកម្មការអន្តរក្រសួងចុះបញ្ជីបានចំនួន ១២ ២៧៨ ស្លាក បានចំណូលជាង ៩១ ប៊ីលានរៀល។
លោកបញ្ជាក់ថា៖ «ត្រឹមឆមាសទី១ ឆ្នាំ ២០២២ ការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៣ ២៧១ ស្លាក ដោយបានចំណូល ២៣ ប៊ីលានរៀល និងការចុះបញ្ជីស្លាកលេខពិសេស (ថ្នាក់រាជធានី-ខេត្ត) បាន ១៦ ៤៩៥ ស្លាក និងបានចំណូលជាង ១៩ ប៊ីលានរៀល»។
លោក ចាន់ថុល បានឱ្យដឹងថា ចាប់ពីបើកដំណើរការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនតាមប្រព័ន្ធស្វ័យប្រវត្តិកម្មមកគណៈកម្មការអន្តរក្រសួងបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈនៅទីស្តីការក្រសួង ផ្សារទំនើប AEON,AEON SEN SOK, Chipmong Noro Mall, “The Heritage Walk” ក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងនៅផ្សារទំនើប FURI Times Square Mall ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ ក្រសួងសម្ពោធបើកឱ្យប្រើជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបររថយន្តធុនធ្ងន់ បានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ។ បានផ្តល់ម៉ាស៊ីន POS ចំនួន ៣០០ គ្រឿង ដោយកំពុងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំនេះ។ ចាប់តាំងពីបើកដំណើរការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួន តាមប្រព័ន្ធស្វ័យប្រវត្តិកម្មមក ក្រសួងបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីឆ្មក់ត្រួតពិនិត្យលើការប្រើឯកសារយានយន្តក្លែងបន្លំលើកំណាត់ផ្លូវជាតិលេខ ១ បានទទួលស្ថានីយបញ្ចូលថាមពលយានយន្តដើរដោយថាមពលអគ្គិសនីចំនួន ៥ ទីតាំងក្នុងនោះ ១ ទីតាំងនៅទីស្តីការក្រសួង និង ៤ ទីតាំងទៀតនៅតាមបណ្តារាជធានី-ខេត្ត ក្រោមកម្មវិធីអភិវឌ្ឍន៍របស់ UNDP។
លោកបានឱ្យដឹងថា ចាប់តាំងពីបើកដំណើរការចុះបញ្ជីស្លាកលេខពិសេសផ្ទាល់ខ្លួនមកដល់ដំណាច់ខែមិថុនា ឆ្នាំ ២០២២ ក្រសួងបានបញ្ចប់ការកែសម្រួលអនុក្រឹត្យស្ដីអំពីការកំណត់ល្បឿនសម្រាប់យានជំនិះ បានចែកមួកសុវត្ថិភាពសរុប ១០ ម៉ឺន និងបានចែកស្ទិកឃ័រចំណាំងប្លាតជូនពលរដ្ឋ ៣,៦ លានសន្លឹកបន្ថែមទៀត,បានឧបត្ថម្ភរនាំងចំនួន ៣ ០០០ , កាមេរ៉ាចាប់ល្បឿន ៥ គ្រឿងជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានបញ្ចប់ការសិក្សាផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញដោយក្រុមហ៊ុន CRBC។
ចំពោះការងារត្រៀមអនុវត្តបន្តលោក ចាន់ថុល បញ្ជាក់ថាក្រសួងបានជំរុញបញ្ចប់ការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងការរៀបចំគោលនយោបាយជាតិដឹកជញ្ជូនផ្លូវគោក និងជំរុញការសិក្សា និងរៀបចំគោលនយោបាយសម្រាប់ការប្រើប្រាស់យានយន្តអគ្គិសនី (EV) ផងដែរ។
លោកបានឱ្យដឹងថា ក្រសួងបានជំរុញការអនុវត្តកម្មវិធីដកពិន្ទុលើការបើកបរលើសល្បឿនកំណត់ដោយមានកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅទាបបំផុត ដោយបន្តសហការឆ្មក់ត្រួតពិនិត្យ (Spot Check) លើការប្រើប្រាស់ឯកសារយានយន្តក្លែងបន្លំជាសាធារណៈ។
ក្រៅពីនោះ ក្រសួងក៏បានបន្តពង្រីកមណ្ឌលផ្តល់សេវាសាធារណៈបន្ថែមនៅតាមផ្សារទំនើបតាមរាជធានី-ខេត្ត។ បន្តអនុវត្តការងារឆ្មក់ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីបន្តបង្ក្រាប បទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ឱ្យកាន់តែ មានប្រសិទ្ធភាព និងបន្តកែលម្អស្ថានីយថ្លឹងរថយន្តទូទាំង ប្រទេស និងសាងសង់ស្ថានីយថ្លឹងរថយន្តបន្ថែមនៅតាមបណ្តាផ្លូវសំខាន់ៗ។
បន្ថែមពីនោះ ក្រសួងក៏បន្តបំពាក់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ចាប់ល្បឿន និងទម្ងន់ (AI,Weight in Motion) នៅតាមស្ថានីយជញ្ជីងនីមួយៗ និងជំរុញការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕