ភ្នំពេញៈ នៅឆ្នាំ ២០២៣ ខាងមុខនេះ កម្ពុជាត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៦ ភាគរយ ដែលកំណើននេះត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យសំខាន់ៗចំនួន ៣ ក្នុងឆ្នាំ ២០២២ គឺវិស័យកសិកម្ម វិស័យឧស្សាហកម្ម និង វិស័យសេវាកម្ម។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៨ ខែតុលា។
សេចក្តីប្រកាសព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលពិនិត្យពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៣ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៩២៤ ដុល្លារអាមេរិក បើធៀបនឹង ១ ៧ ៨៥ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា៖ «កំណើននេះ ត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២២ ដូចជា វិស័យឧស្សាហកម្មមាន អត្រាកំណើន ៩,២% (៩% ក្នុងឆ្នាំ ២០២២) វិស័យសេវាកម្មមានអត្រាកំណើន ៦,៦% (៤,៣% ក្នុងឆ្នាំ ២០២២) និងវិស័យ កសិកម្មមានអត្រាកំណើន១,១% (០,៧% ក្នុងឆ្នាំ ២០២២)»។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ ២០២៣ អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានរំពឹងថា កើនឡើងក្នុងរង្វង់ ២,៥%។ អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកត្រូវបានប៉ាន់ស្មានថា នឹងនៅតែបន្តមានស្ថិរភាព ក្នុងរង្វង់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក។ ឱនភាពគណនីចរន្ត(រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករ ថារួមតូចមកត្រឹម ១៤,១% នៃ ផ.ស.ស.។ ដោយឡែក ទុនបម្រុង អន្តរជាតិសរុបត្រូវបានរំពឹងថានឹង បន្តកើនឡើងដល់ ២២ ១៤៩ លានដុល្លារអាមេរិក ដែលធានាការនាំចូលបាន ៧,៦ ខែ។
ចំពោះក្របខ័ណ្ឌថវិកាឆ្នាំ ២០២៣ ចំណូលក្នុងប្រទេសថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២៩ ៣១២ ប៊ីលានរៀល ត្រូវជា ២២,៣៣% នៃ ផ.ស.ស. ដែលមានការកើនឡើង ១៤,៥% ធៀបនឹងច្បាប់ថវិកា ឆ្នាំ ២០២២។ ក្របខ័ណ្ឌថវិកាឆ្នាំ ២០២៣ មានគោលដៅ បង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ២១,៤៦% នៃផ.ស.ស. ដែលមានការកើនឡើងចំនួន ១,២៧ ពិន្ទុភាគរយ នៃ ផ.ស.ស. ធៀបនឹង ច្បាប់ថវិកាឆ្នាំ ២០២២ ពោលគឺនឹងសម្រេចបានខ្ពស់ ជាងគោលដៅនៃការប្រមូល ចំណូលចរន្តថវិការដ្ឋ ដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម ០,៣ ពិន្ទុភាគរយ នៃ ផ.ស.ស. ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្ត្រ កៀរគរចំណូល ឆ្នាំ ២០១៩-២០២៣៕