
ទិដ្ឋភាពអគារខ្ពស់ៗនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែតុលា។ ហេង ជីវ័ន
ភ្នំពេញៈ កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣ ខាងមុខត្រូវព្យាករថា នឹងសម្រេចបានអត្រាកំណើន ៦,៦ ភាគរយ ខណៈផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់មនុស្សម្នាក់ នឹងកើនដល់ ១ ៩២៤ ដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី ២៨ ខែតុលា បានឱ្យដឹងថា តាមការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ខាងមុខ នឹងសម្រេចបានកំណើនអត្រា ៦,៦ ភាគរយ ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ពាន់ លានរៀល ឬសមមូលនឹង ៣២ ២៩១ លានដុល្លារ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៩២៤ ដុល្លារ បើធៀបនឹង ១ ៧៨៥ ដុល្លារ ក្នុងឆ្នាំ ២០២២។
ក្រសួងសេដ្ឋកិច្ចបានលើកឡើងថា៖ «កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៣ នឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន ៣ គឺឧស្សាហកម្ម, សេវាកម្ម, និងកសិកម្ម»។
យោងតាមសេចក្តីព្រាងច្បាប់ខាងលើ គឺវិស័យឧស្សាហកម្ម ត្រូវព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២ ភាគរយ ក្នុងឆ្នាំ ២០២៣ គឺប្រហាក់ប្រហែលនឹងកំណើនឆ្នាំ ២០២២ ក្នុងអត្រា ៩,០ ភាគរយ ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានព្យាករថា នៅបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិកូវីដ ១៩), វិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦ ភាគរយ ក្នុងឆ្នាំ ២០២៣ ពីកំណើន ៤,៣ ភាគរយក្នុងឆ្នាំ ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត, និងវិស័យកសិកម្ម ត្រូវបានរំពឹងថា នៅបន្តនិន្នាការកើនឡើងក្នុងអត្រា ១,១ ភាគរយ ក្នុងឆ្នាំ ២០២៣ ធៀបនឹង ០,៧ ភាគរយ ក្នុងឆ្នាំ ២០២២ ដោយសារការរំពឹងទុកលើការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ស្របពេលអនុវិស័យនេសាទ ត្រូវបានរំពឹងថានឹងងើបឡើងវិញ។
ទោះយ៉ាងណាជាមួយសុទិដ្ឋិនិយមខាងលើ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនទាំងក្នុង និងក្រៅប្រទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបង្កភាពរអាក់រអួលដល់កិច្ចអភិវឌ្ឍន៍ជារួម។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ ឆ្នាំ ២០២៣ បានបញ្ជាក់ថា៖ «ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ក្នុងគោលបំណងស្តារ និងពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាប័ន្ន, ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកលនិងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៣០ ខែតុលាថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរកាន់តែខ្លាំងចាប់ពីឆ្នាំ ២០២២ នេះតទៅ ព្រោះក្រៅពីលក្ខណៈអំណោយផលនៃកត្តាក្នុងស្រុក (ស្ថិរភាពនយោបាយ ច្បាប់វិនិយោគ និងមានប្រព័ន្ធដឹកជញ្ជូនល្អ) កម្ពុជាក៏ជាប្រទេសមានទីផ្សារអន្តរជាតិធំទូលាយសម្រាប់នាំចេញទំនិញផងដែរ។
លោកបន្តទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាបានចុះហត្ថលេខាកន្លងមកដូចជា CCFTA, CKFTA, និង RCEP រួមទាំងប្រព័ន្ធអនុគ្រោះពន្ធមួយចំនួនដូចជា EBA របស់សហភាពអឺរ៉ុប និង GSP របស់អាមេរិក នឹងអាចនាំកម្ពុជាឱ្យទទួលបានការរីកលូតលាស់សេដ្ឋកិច្ចកាន់តែលឿន និងរឹងមាំ។
លោកបន្ថែមថា ចំនួនក្រុមហ៊ុនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាយល់ព្រមឱ្យមកបណ្តាក់ទុននៅកម្ពុជាក៏មានចំនួនកាន់តែច្រើនផងដែររៀងរាល់ឆ្នាំ។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចប្រទេសកម្ពុជា ចាប់ពីឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ទៅមុខនឹងមានកំណើនទាំងការនាំចូល-នាំចេញ ទំនិញ ព្រោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជាបានចុះហត្ថលេខា នឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឱ្យកម្ពុជាទទួលបាននូវភាពវិជ្ជមានកាន់តែច្រើន»។
លោកលើកឡើងទៀតថា ខណៈនៅដើមខែវិច្ឆិកាខាងមុខនឹងមានថ្នាក់ដឹកនាំប្រទេសជាច្រើនលើពិភពលោកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលរៀបចំនៅប្រទេសកម្ពុជានោះ វានឹងអាចទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនវិនិយោគធំៗជាច្រើនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា។
ធនាគារពិភពលោក (WB) កាលពីថ្ងៃទី ២៦ ខែកញ្ញា បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ នឹងកើនឡើងដល់ ៥,២ ភាគរយដែលត្រូវបានគាំទ្រ ដោយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុក ខណៈអត្រាការងារកើនឡើងរួមជាមួយនឹងការប្រើប្រាស់របស់រដ្ឋាភិបាលដ៏រឹងមាំ ក្នុងអំឡុងពេលឆ្នាំបោះឆ្នោត ហើយអតិផរណាបានធ្លាក់ចុះ។ ឧស្សាហកម្មធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ត្រូវរំពឹងថា នឹងមានការជំរុញដែលបានគាំទ្រដោយការស្ដារឡើងវិញនៃតម្រូវការក្នុងស្រុក និងទេសចរណ៍។
សម្រាប់អត្រាអតិផរណានៅក្នុងឆ្នាំ ២០២៣ ត្រូវរំពឹងថា កើនឡើងក្នុងរង្វង់ ២,៥ ភាគរយ ដោយសារការរំពឹងទុកលើការវិលត្រឡប់ទៅរកនិន្នាការធម្មតាវិញនៃថ្លៃប្រេងអន្តរជាតិ។ ចំពោះអត្រាប្តូរប្រាក់រៀលធៀបទៅនឹងប្រាក់ដុល្លារអាមេរិក ត្រូវប៉ាន់ស្មានថា នឹងនៅបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥ រៀល ក្នុង ១ ដុល្លារ៕