
ច្រកព្រំដែនបាវិត កម្ពុជា-វៀតណាម។ ហេង ជីវ័ន
ភ្នំពេញៈ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា និងវៀតណាមក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២២ មានតម្លៃសរុបជាង ៤,៦ ពាន់លានដុល្លារ កើន ២២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះទំនិញដែលនាំពីវៀតណាមមកកម្ពុជាមានជិត ២/៣ នៃទឹកប្រាក់នាំចេញ-នាំចូលសរុប។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល ៣ ត្រីមាសដំបូងពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុប ៤ ៦៣៣,៦៦ លានដុល្លារ កើនឡើង ២២ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ៣ ៧៩៧,៣២ លានដុល្លារ។ ក្នុងនោះការនាំទំនិញពីកម្ពុជាទៅវៀតណាម មានទឹកប្រាក់ ១ ៥៥៩, ៩៩ លានដុល្លារ កើន ៣,១ ភាគរយ និងការនាំចូលទំនិញពីវៀតណាមមានចំនួន ៣ ០៧៣,៦៨ លានដុល្លារ កើន ៣៤,៥ ភាគរយ។ សម្រាប់ជញ្ជីងពាណិជ្ជកម្មទ្វេភាគី គឺភាគីកម្ពុជាមានឱនភាព ១ ៥១៣,៦៩ លានដុល្លារ។
បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា វៀតណាម គឺជាប្រទេសដែលនាំទំនិញចូលមកកម្ពុជាច្រើនទី ២ បន្ទាប់ពីប្រទេសចិន ដែលមានចំនួន ៧ ៩០០,៥៥ លានដុល្លារ និងតាមពីក្រោយដោយប្រទេសសិង្ហបុរី, ថៃ និងស្វ៊ីស ជាដើម។ ចំណែកចំណាត់ថ្នាក់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ គឺវៀតណាម ស្ថិតនៅលេខរៀងទី ២ បន្ទាប់ពីអាមេរិក ដែលមានចំនួន ៧ ០៤៦,៧៥ លានដុល្លារ និងលេខ ៣ ប្រទេសជប៉ុន ចំនួន ៨៩៧,៦៩ លានដុល្លារ, ចិន ៨៩៥,៤៦ លានដុល្លារ និងប្រទេសមួយចំនួនទៀតដូចជា កាណាដា, អាល្លឺម៉ង់, ចក្រភពអង់គ្លេស និងថៃ។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក ងួន ម៉េងតិច បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៣១ ខែតុលាថា ដោយសារមានព្រំដែនជាប់គ្នា ដូច្នេះសកម្មភាពផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ បានកើតឡើងជាប្រចាំទោះបីក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ នៅទូទាំងសកលលោកក៏ដោយ។
លោកបន្តថា ទីផ្សារប្រទេសទាំង ២ តែងជួយគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរផលិតផលកសិកម្មដូចជា ស្រូវ ស្វាយចន្ទី កៅស៊ូ ពោត ដំឡូងមី ផលិតកម្មសត្វ និងផលិតផលវារីវប្បកម្មមួយចំនួន។
លោកប្រាប់ទៀតថា ដោយសារតែការផ្លាស់ប្តូរទំនិញរបស់ប្រជាជននៅតាមព្រំដែនទាំង ២ មានជាប្រចាំ ដូច្នេះទំហំទឹកប្រាក់ផ្លាស់ប្តូរទំនិញអាចមានច្រើនលើសពីតួលេខខាងលើ។
លោកថ្លែងថា៖ «ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ គឺមានច្រើនមុខទំនិញ ហើយប្រទេសទាំង ២ ក៏បាននាំចេញ-នាំចូលធនធានធម្មជាតិ និងផលិតផលមិនទាន់កែច្នៃមួយចំនួនជាមួយគ្នាផងដែរ។ កំណើនសេដ្ឋកិច្ច និងកិច្ចសហការល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ នឹងជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ មានទំហំកាន់តែធំបន្ថែមទៀតនៅពេលអនាគត»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ធ្លាប់បាននិយាយថា កសិផល គឺជាទំនិញចម្បងគេដែលកម្ពុជានាំទៅវៀតណាម ចំណែកផលិតផលវៀតណាមនាំមកកម្ពុជាមានដូចជា ដែក សម្ភារសំណង់ ប្រេង បន្លែ ផ្លែឈើ ជី និងគ្រឿងយន្តកសិកម្ម ជាដើម។
ទិន្នន័យធនាគារជាតិនៃកម្ពុជា (NBC) ឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២១ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានទឹកប្រាក់សរុប ៤១ ពាន់លានដុល្លារក្នុងនោះការវិនិយោគរបស់វិនិយោគិនវៀតណាម ស្ថិតនៅចំណាត់ថ្នាក់ទី ៤ ដែលមានចំនួន ២,៥ ពាន់លានដុល្លារ ស្មើនឹង ៦,១ ភាគ ខណៈប្រទេសចិន ឈរលេខ ១ ដោយមានចំនួន ១៨ ពាន់លានដុល្លារ ស្មើនឹង ៤៣,៩ ភាគរយ, កូរ៉េ ៤,៩ ពាន់លានដុល្លារ ស្មើ ១១,៩ ភាគរយ, និងសិង្ហបុរី ២,៧ ពាន់លានដុល្លារ ស្មើនឹង ៦,៥ ភាគរយ។
កាលពីឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានតម្លៃសរុប ៥ ១២៨,៦២ លានដុល្លារ កើនឡើង ៣១,២ ភាគរយធៀបឆ្នាំ ២០២០ ក្នុងនោះការនាំចេញរបស់កម្ពុជាមានចំនួន ១ ៩៨៥,០៨ លានដុល្លារ កើនឡើង ៥៨,៦ ភាគរយ និងការនាំពីវៀតណាមមានចំនួន ៣ ១៤៣,៥៣ លានដុល្លារ កើនឡើង ១៨,៤ ភាគរយ។ នេះបើតាមអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា៕