ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានៅតែរក្សាបាននូវកំណើនដ៏រឹងមាំ បើទោះបីទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ ១៩ ដែលបានអូសបន្លាយពេលជាង ២ ឆ្នាំមកនេះក្តី។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ទិវាសន្សំ អាស៊ាន» ក្រោមប្រធានបទ «សន្សំតិចប្រសើរជាងមិនបានសន្សំ» នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ៣១ ខែតុលា បានលើកឡើងថា ប្រព័ន្ធធនាគារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។ លោកបន្តថា NBC បន្តរក្សាបាននូវភាពធន់ ភាពរឹងមាំ និងវឌ្ឍនភាពក្នុងប្រព័ន្ធធនាគារ តាមរយៈការត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត ការដាក់ចេញនូវវិធានការម៉ាក្រូប្រុងប្រយ័ត្ននានាជាបន្តបន្ទាប់ និងទាន់ពេលវេលា ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឱ្យកាន់តែមានភាពទំនើប ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើប្រព័ន្ធធនាគារ ក៏ដូចជាបង្កើនភាពធន់នឹងវិបត្តិ និងកាត់បន្ថយបាននូវហានិភ័យជាប្រព័ន្ធ។
លោកបានបញ្ជាក់ថា៖ «ក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអំឡុងពេលការរាលដាលជំងឺកូវីដ ១៩ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីសម្រាលបន្ទុកដល់អតិថិជនដែលរងផលប៉ះពាល់ មានដូចជា ការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្ដល់ការរៀបចំឥណទានឡើងវិញ និងបន្ធូរបន្ថយការផាកប្រាក់ពិន័យចំពោះអតិថិជនដែលរងផលប៉ះពាល់ពីកូវីដ ១៩ ។
លោកបានថ្លែងថា៖ «ធនាគារជាតិនៃកម្ពុជាបានសហការជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីផ្ដល់លទ្ធភាពទៅដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ការយោគយល់ និងការអនុគ្រោះដល់អតិថិជនជាកូនបំណុលដែលរងគ្រោះដោយសារទឹកជំនន់តាមរយៈការរៀបចំឥណទានឡើងវិញ ការពន្យារពេលទូទាត់សងការបន្ធូរបន្ថយអត្រាការប្រាក់ការលើកលែងការពិន័យ និងការចៀសវាងរឹបអូសទ្រព្យធានាជាដើម»។
លោក អ៊ិន ចាន់នី សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជាបានទទួលស្គាល់ថា ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជាបន្តរក្សាបាននូវភាពរឹងមាំ និងដើរតួនាទីយ៉ាងសកម្មនៅក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ទោះបីការរីករាលដាលកូវីដ ១៩ បន្តអូសបន្លាយក្តី។
លោកបញ្ជាក់ថា៖ «បើទោះបីប្រទេសកម្ពុជាបាននិងកំពុងស្ថិតក្នុងបរិបទនៃជំងឺកូវីដ ១៩ ក្តី ក៏ស្ថានភាពធនាគារនៅតែទទួលបានកំណើន បន្តរក្សាបានភាពធន់ និងបានចូលរួមចំណែកការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច»។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន បានលើកឡើងថា ការរីករាលដាលកូវីដ ១៩ រយៈពេលជាង ២ ឆ្នាំមកនេះបានបង្កើតនូវកាលានុវត្តភាពថ្មីមួយ សម្រាប់ដំណើរវិវឌ្ឍន៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឱ្យឈានទៅរកការអភិវឌ្ឍតាមប្រព័ន្ធឌីជីថលក្នុងការរក្សាបាននូវនិរន្តរភាព និងកំណើន។
លោកថ្លែងថា៖ «ការរីករាលដាលនេះ បានក្លាយជាឱកាសថ្មី សម្រាប់ប្រទេសកម្ពុជា ជាពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងការសម្របខ្លួនឱ្យដើរទាន់បច្ចេកវិទ្យាដែលកំពុងវិវឌ្ឍទៅមុខឥតឈប់ឈរ។ យើងសង្កេតឃើញយ៉ាងច្បាស់ថា ផលិតផលឌីជីថលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជន ក៏ដូចជាសាធារណជន ដែលផ្តល់នូវភាពងាយស្រួល សម្បូរបែប ឆាប់រហ័ស ជាពិសេសអតិថិជនអាចធ្វើប្រតិបត្តិការបានដោយខ្លួនឯង គ្រប់ពេលវេលា និងគ្រប់ទីកន្លែង»។
បើតាមលោក សុវណ្ណនរៈ គិតត្រឹមខែសីហា ឆ្នាំ ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាននិងបន្តចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុជាពិសេសប្រាក់បញ្ញើបានកើនឡើងដល់ ១៦០,៦ ភាគរយនៃ ផ.ស.ស. ស្មើ ១៧០,៦ ពាន់លានរៀល (៤១,៥ ពាន់លានដុល្លារ)។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនក៏បានកើនឡើងគួរកត់សម្គាល់ដល់ប្រមាណ ១៤,៣ លានគណនី ក្នុងនោះ ១១,៧ លានគណនីនៅធនាគារពាណិជ្ជ និង ២,៦ លានគណនីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៕