ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ស្ថាប័នរបស់លោកនឹងនៅតែបន្តខិតខំធ្វើកំណែទម្រង់ និងការធ្វើទំនើបកម្មក្នុងវិស័យពន្ធដារឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ដើម្បីបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធនៅក្នុងគោលដៅសម្រេចឱ្យបានទៅតាមផែនការដែលរាជរដ្ឋាភិបាលកំណត់ឱ្យប្រមូលពន្ធឱ្យបាន ៣ ៥៧១ លានដុល្លារ កើនឡើង ២៦,៧០ ភាគរយ ធៀបនឹងផែនការច្បាប់ថវិកាឆ្នាំ ២០២២។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺបានសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដោយតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឱ្យបាន ១៤ ៤៦៥,៣៩ ពាន់លានរៀល ស្មើនឹង ៣ ៥៧១,៧០ លានដុល្លារ កើនឡើង ២៦,៧០ ភាគរយបើធៀបនឹងផែនការច្បាប់ថវិកា ឆ្នាំ២០២២ ។
លោក គង់ វិបុល អគ្គនាយក GDT បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែវិច្ឆិកា ថា លោកនឹងប្តេជ្ញាក្នុងការសម្រេចឱ្យបានទៅតាមផែនការនេះ ទោះបីសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោករួមទាំងកម្ពុជានឹងបន្តប្រឈមការថមថយដោយសារឥទ្ធិពលនៃការរីករាលដាលជំងឺកូវីដ ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនក្តី។ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តខិតខំធ្វើកំណែទម្រង់ទាំងផ្នែកធនធានមនុស្ស ទំនើបកម្មបច្ចេកវិទ្យា វប្បធម៌ក្នុងការបង់ពន្ធរបស់អ្នកជាប់ពន្ធ តម្លាភាពក្នុងការបង់ពន្ធ និងជាពិសេសគឺអភិបាលកិច្ចល្អ។
លោកថ្លែងថា៖ «យើងនឹងខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបានទៅតាមផែនការដែលរដ្ឋាភិបាលបានកំណត់។ ពិតណាស់ការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ គឺបានដើរតួសំខាន់ណាស់ក្នុងចំណោមគោលការណ៍មួយចំនួនទៀតដែលយើងបានធ្វើកំណែទម្រង់។ ចំណែកការកែទម្រង់ធនធានមនុស្សគឺយើងបានធ្វើការបណ្តុះបណ្តាលមន្ត្រីយើងបានច្រើន។ សម្រាប់គោលការណ៍កែទម្រង់នេះ គឺយើងឈរលើគោលការណ៍អភិបាលកិច្ចល្អ តាមរយៈការរៀបចំទំនើបកម្មទាំងផ្នែកព័ត៌មានវិទ្យា និងក៏ដូចជារដ្ឋបាលសារពើពន្ធនានា»។
លោកនិយាយថា៖ «យើងធ្វើកំណែទម្រង់ទំនើបកម្មនេះក្នុងន័យធ្វើឱ្យអ្នកជាប់ពន្ធធ្វើការអនុលោមភាពដោយស្ម័គ្រចិត្ត (Voluntary Compliance) ផង និងឱ្យមានតម្លាភាពក្នុងការបង់ពន្ធផង ធ្វើឱ្យអ្នកជាប់ពន្ធគាត់ទុកចិត្តថា ប្រាក់ពន្ធនេះ គឺពិតជាបង់ពន្ធទៅរដ្ឋពិតប្រាកដមែន។ មួយទៀតដោយសារតែយើងធ្វើទំនើបកម្មលើប្រព័ន្ធ IT គ្រប់គ្រាន់ទៅអ្នកជាប់ពន្ធក៏ពិបាកគេចដែរ»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការភ្ញាក់រឭករបស់អ្នកជាប់ពន្ធលើកាតព្វកិច្ចពន្ធ និងតម្លាភាពនៅក្នុងការបង់ពន្ធបានចូលរួមចំណែកធ្វើឱ្យមានការបន្តកើនឡើងចំណូលពន្ធរបស់កម្ពុជា។
លោកថ្លែងថា៖ «កត្តាទី១ គឺការកើនឡើងសេដ្ឋកិច្ចដែលជាកម្លាំងចលករមួយក្នុងការជំរុញឱ្យចំណូលពន្ធ ទី២ គឺមានអាជីវកម្មមួយចំនួនដែលគាត់ពុំទាន់បានចុះបញ្ជីត្រឹមត្រូវគាត់បានចុះបញ្ជីស្របច្បាប់ ទី៣ ជាគោលការណ៍របស់អគ្គនាយកដ្ឋានពន្ធដារគាត់បានជំរុញ និងលើកទឹកចិត្តឱ្យមានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវដើម្បីធានាការប្រកួតប្រជែងស្មើភាពរវាងអ្នកជាប់ពន្ធទាំងអស់ អ៊ីចឹងទើបបានជាយើងឃើញថា ការប្រមូលចំណូលពន្ធការកើនឡើងខ្ពស់ជាងមុន»។
ទាក់ទិននឹងការអូសបន្លាយពេលការរីករាលដាលជំងឺកូវីដ និងបញ្ហាសង្គ្រាមក្នុងប្រទេស អ៊ុយក្រែន ត្រូវបានលោក គង់ វិបុល បញ្ជាក់ថា បញ្ហាទាំង ២ នេះ នឹងប៉ះពាល់ដល់ការប្រមូលពន្ធ។
លោកថ្លែងថា៖ «បញ្ហាសង្គ្រាមអ៊ុយក្រែន បានធ្វើឱ្យតម្លៃថាមពលទូទាំងពិភពលោកឡើងថ្លៃ ដែលធ្វើឱ្យកត្តាសេដ្ឋកិច្ចមានការថមថយ អតិផរណាឡើងខ្ពស់ដែលធ្វើឱ្យអំណាចទិញនៃប្រទេសអឺរ៉ុបថមថយ ដូច្នេះតម្រូវការទំនិញពីស្រុកខែ្មរយើងក៏អាចថមថយដែរ ហើយសេដ្ឋកិច្ចក៏រងផលប៉ះពាល់ដែរ»។
លោកបញ្ជាក់ថា៖ «យ៉ាងណាមិញយើងបន្តកំណែទម្រង់ស៊ីជម្រៅនៅអគ្គនាយកដ្ឋានពន្ធដារ បន្តធ្វើទំនើបកម្ម ដើម្បីគ្រប់គ្រងការប្រមូលពន្ធបន្ថែម និងផ្តល់សេវាឱ្យបានល្អដើម្បីជំរុញឱ្យអ្នកមិនទាន់ចុះបញ្ជីបង់ពន្ធឱ្យមកចុះបញ្ជីឱ្យបានស្មើភាពគ្នា។ យើងនឹងបន្តកំណែទម្រង់បន្ថែមទៀតដូចជាការបន្តពង្រឹងវប្បធម៌នៃការបង់ពន្ធ អ្នកជាប់ពន្ធដែលមិនដែលស្គាល់ច្បាប់ពីមុនមក បន្តពង្រឹងសមត្ថភាពមន្ត្រីបន្ថែមទៀតឱ្យមានចំណេះដឹងប្រសើរជាងមុន»។
បើតាមលោក វិបុល គិតត្រឹមដំណាច់ខែតុលា ឆ្នាំ ២០២២ នេះ GDT បានកៀរគរចំណូលពន្ធបានជាង ២ ៩០០ លានដុល្លារកើនឡើង ២៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ដោយការប្រមូលពន្ធនេះសម្រេចបានជាង ១០៤ ភាគរយនៃផែនការដែលរដ្ឋាភិបាលបានកំណត់សម្រាប់ឆ្នាំ ២០២២ នេះ៕