ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង និងស្ថាប័នដើម្បីបង្កើតយន្តការដោះស្រាយបញ្ហាអគារដែលកំពុងជាប់គាំងមិនទាន់សាងសង់រួចនៅខេត្តព្រះសីហនុ ដែលគម្រោងភាគច្រើនកាន់កាប់ដោយវិនិយោគិនជនជាតិចិន។
យោងតាមមន្ដ្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្នមានសំណង់អគារជាប់គាំងជិត ១០០ នៅក្នុងខេត្តព្រះសីហនុ។
បើតាមលិខិតពីទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ផ្ញើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺដើម្បីជាការផ្តល់ការលើកទឹកចិត្ត និងដោះស្រាយបញ្ហាប្រឈមនៃគម្រោងវិនិយោគរបស់វិស័យឯកជនដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា៖ «រាជរដ្ឋាភិបាលបានយល់ព្រមឱ្យមានវិធានការគោលនយោបាយបន្ថែម ដោយផ្តល់ការលើកទឹកចិត្តដល់ម្ចាស់អគារ ឬគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ ក្នុងស្ថានភាពចំពោះមុខសិន ដើម្បីជំរុញការវិនិយោគបង្កើតតម្រូវការ និងបង្កើនទំនុកចិត្ត សំដៅស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ពិសេសក្នុងខណៈពេលដែលកម្ពុជានៅបន្តទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩, សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, គោលនយោបាយសូន្យកូវីដរបស់ចិន និងម្យ៉ាងទៀតស្ថានភាពជាប់គាំងនេះមានរយៈពេលច្រើនឆ្នាំ ហើយខេត្តព្រះសីហនុកំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំផែនការមេ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង»។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២ ខែវិច្ឆិកាថា លោកក៏ជាសមាជិកនៃគណៈកម្មការនេះដែរ ដោយពេលនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំជាយន្តការកំពុងឱ្យក្រុមការងាររបស់ក្រសួងប្រមូលឈ្មោះតាមស្ថាប័នពាក់ព័ន្ធនានា។
លោកប្រាប់ថា៖ «លិខិតដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី គឺជាគោលការណ៍ដោះស្រាយ និងលើកទឹកចិត្តផ្សេងៗ ដើម្បីដោះស្រាយលើបញ្ហានេះឱ្យរួចរាល់។ ដំណាក់កាលបន្តទៀតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំសិក្ខាសាលានៅចុងខែវិច្ឆិកានេះ ដើម្បីចូលរួមមតិជាមួយអ្នកពាក់ព័ន្ធ ពិសេស គឺវិស័យឯកជនដើម្បីរៀបចំជាគោលការណ៍ថា តើត្រូវថាតើដោះស្រាយតាមរបៀបណា?»។
លោកបន្តថា៖ «កិច្ចការនេះ គឺជារឿងសំខាន់គឺបានចូលរួមលើកស្ទួយបញ្ហាសេដ្ឋកិច្ចបានច្រើន មុខមាត់របស់ខេត្ត ក៏ដូចជាបញ្ហាសុវត្ថិភាពនៃអគារទាំងនេះដែរ។ យើងសង្ឃឹមថា វានឹងប្រែក្លាយខេត្តព្រះសីហនុរបស់យើងទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងទៅតាមប្លង់មេរួមដែលបានកំពុងសិក្សា»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងចំណុចគន្លឹះសំខាន់ៗដែលរដ្ឋាភិបាលគួរយកទៅអនុវត្តក្នុងការដោះស្រាយបញ្ហាជាប់គាំងសំណង់អគារមិនទាន់សាងសង់នេះ។
លោកថ្លែងថា៖ «ខ្ញុំសូមលើកនូវយន្តការ ២ ដើម្បីដាក់ជូនទៅអាជ្ញាធរពាក់ព័ន្ធយកទៅពិចារណា គឺទី១ ត្រូវជ្រើសរើសនូវអាជ្ញាកណ្តាលឯករាជ្យពីវិស័យឯកជនក្នុងវិស័យអចលនទ្រព្យដែលមានអាជ្ញាប័ណ្ណ និងជំនាញច្បាស់លាស់ក្នុងការសម្របសម្រួលរវាងម្ចាស់អចលនវត្ថុ និងអ្នកវិនិយោគនៃអគារនោះ។ ទី២ បើអ្នកវិនិយោគដែលបានជួលដីវិនិយោគពីក្នុងស្រុកបោះបង់ចោល គឺទុកសិទ្ធិឱ្យអាជ្ញាកណ្តាលឯករាជ្យធ្វើការស្វែងរកវិនិយោគិនថ្មី។ ខ្ញុំគិតថាប្រទេសណាក៏គេប្រើយន្តការបែបនេះដើម្បីដោះស្រាយរឿងនេះ»៕