ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងបោះផ្សាយមូលបត្ររដ្ឋក្នុងទឹកប្រាក់ ២០០ លានដុល្លារសម្រាប់ឆ្នាំ ២០២៣ ខាងមុខបន្ថែមពីលើចំនួនទឹកប្រាក់ដែលច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានអនុញ្ញាតឱ្យបោះផ្សាយចំនួន ៣០០ លានដុល្លារតាមរយៈធនាគារជាតិនៃកម្ពុជា (NBC) ដែលបានធ្វើ ២ លើករួចមកហើយ។
លោក មាស សុខសេនសាន អ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ថា សម្រាប់ឆ្នាំ ២០២៣ រដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ប្រមាណ ២០០ លានដុល្លារអាមេរិក គឺជាទំហំទឹកប្រាក់ថ្មីបន្ថែមលើទំហំដែលបោះផ្សាយប្រមាណ ៣០០ លានដុល្លារក្នុងឆ្នាំ ២០២២។
លោកបញ្ជាក់ថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋក្នុងទំហំប្រមាណ ៣០០ លានដុល្លារក្នុងនោះក្រសួងសេដ្ឋកិច្ចបានចាត់ចែងការបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២ លើករួចមកហើយតាមរយៈការដេញថ្លៃនៅលើ NBC Platform ក្នុងនោះលើកទី ១ ក្នុងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២ និងលើកទី ២ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។
លោកបានបញ្ជាក់ថា៖ «ការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ ២០២៣ អាចនឹងចាប់ផ្តើមដើមឆ្នាំតែម្តង ដែលផែនការលម្អិតនៃការបោះផ្សាយនឹងត្រូវផ្សព្វផ្សាយនៅលើគេហទំព័រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខ។ ចំពោះកាលបរិច្ឆេទជាក់លាក់នៃការបោះផ្សាយនឹងអាស្រ័យតាមស្ថានភាពជាក់ស្តែងនៃទីផ្សារ»។
លោក ស៊ូ សុជាតិ អគ្គនាយកនិយតករមូលបត្រកម្ពុជា បាននិយាយថា ការចាប់ផ្តើមធ្វើការបោះផ្សាយមូលបត្ររដ្ឋ គឺជាធម្មតានឹងធ្វើជារៀងរាល់ឆ្នាំក្នុងទំហំទឹកប្រាក់នៃការសម្រេចរបស់រដ្ឋាភិបាលតាមរយៈការប្រជុំរបស់រដ្ឋសភា និងតាមរយៈការអនុម័តច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។
លោកបញ្ជាក់ថា៖ «ការបោះផ្សាយនឹងមិនខុសពីឆ្នាំ ២០២២ ទេ គ្រាន់តែការបោះផ្សាយឆ្នាំ ២០២៣ គឺ ២០០ លានដុល្លារ ហើយឆ្នាំ ២០២៤ យើងនឹងមានទំហំមួយទៀតនៃការបោះផ្សាយ។ ជាធម្មតារដ្ឋាភិបាលតែងធ្វើពិពិធកម្មបំណុល មានន័យថា យើងអាចខ្ចីបំណុលពីក្រៅប្រទេស និងយើងក៏អាចខ្ចីបំណុលក្នុងប្រទេសដែលធ្វើឡើងតាមរយៈការបោះផ្សាយមូលបត្ររដ្ឋនេះ។ ការណ៍នេះមិនមែនជារឿងប្លែកទេ។ ចាប់ពីពេលនេះតទៅយើងនឹងធ្វើការបោះផ្សាយ ១ ឆ្នាំម្តងៗ»។
កាលពីថ្ងៃទី ៧ ខែកញ្ញាកន្លងមក NBC បានធ្វើការបោះផ្សាយមូលបត្ររដ្ឋលើកទី ១ មានទំហំទឹកប្រាក់ប្រមាណ ២៥ លានដុល្លារ ដោយមានគ្រឹះស្ថានចូលរួមចំនួន ៨ បានចូលដេញថ្លៃ ជាមួយនឹងបរិមាណសរុប ៤១ ៨០០ ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះ ២,២ ភាគរយ។ ចំណែកការបោះផ្សាយមូលបត្ររដ្ឋ លើកទី ២ ក្នុងទំហំ ២០០ ពាន់លានរៀល ឬស្មើនឹង ៥០ លានដុល្លារ កាលពីថ្ងៃទី ២១ ខែកញ្ញា ដោយមានគ្រឹះស្ថានចូលរួម ៦ ស្ថាប័ន ប៉ុន្តែពុំមានគ្រឹះស្ថានណាមួយដេញថ្លៃបានជោគជ័យនោះឡើយ។
លោក មាស សុខសេនសាន បានពន្យល់ថា អនុលោមតាមក្របខ័ណ្ឌគោលនយោបាយបឋមស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ការបោះផ្សាយលក់មូលបត្ររដ្ឋនឹងត្រូវអនុវត្តជាជំហានៗ ដែលក្នុងជំហានដំបូង រាជរដ្ឋាភិបាលផ្តោតតែលើទីផ្សារដំបូង (Primary Market) ដោយមានតែវិនិយោគិនស្ថាប័នសក្តានុពលប៉ុណ្ណោះដែលអាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបានដូចជា គ្រឹះស្ថានធនាគារ និងហិរញវត្ថុ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង និងបេឡាជាតិសន្តិសុខសង្គម។
លោកបញ្ជាក់ថា៖ «ចំពោះវិនិយោគិនផ្សេងទៀត រួមទាំងសាធារណជន នឹងអាចចូលរួមវិនិយោគលើមូលបត្ររដ្ឋបានក្នុងទីផ្សារបន្ទាប់ (Secondary Market) ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងជំរុញការរៀបចំកិច្ចការនេះឱ្យបានឆាប់»៕