ភ្នំពេញៈ កម្ពុជានឹងធ្វើការសិក្សាអំពីឱកាសក្នុងការអភិវឌ្ឍលើថាមពលពីពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW)។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងកៀរគរការវិនិយោគរហូតដល់ ១០០ លានដុល្លារ និងធ្វើជាគំរូក្នុងការចម្លងការទិញថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យ និងឆាប់រហ័សនៅកម្ពុជា ដើម្បីអនុវត្តតាមការប្តេជ្ញាចិត្តនៃគោលដៅរបស់ប្រទេសសម្រាប់កាបូនសូន្យត្រឹមឆ្នាំ ២០៥០។
គម្រោងនេះត្រូវបានប្រកាសបន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាកាលពីថ្ងៃទី ២ ខែវិច្ឆិកា លើអាណត្តិផ្តល់សេវាប្រឹក្សាប្រតិបត្តិការជាមួយអគ្គិសនីកម្ពុជា (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍថាមពលពីពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាម ADB នៅថ្ងៃទី ៣ ខែវិច្ឆិកា។
ស្ថិតក្រោមអាណត្តិនេះ ADB នឹងជួយ EDC ធ្វើការសិក្សាទូទាំងប្រទេសស្តីពីឱកាសសម្រាប់សមត្ថភាពថាមពលពន្លឺព្រះអាទិត្យបន្ថែម រួមជាមួយនឹងប្រព័ន្ធផ្ទុកថាមពលថ្ម (BESS) ដែលនឹងត្រូវអនុវត្តចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០៣០។ ADB ក៏នឹងជួយ EDC ផងដែរក្នុងការដេញថ្លៃគម្រោងសាកល្បង ១០០ មេហ្គាវ៉ាត់ដែលកំណត់ក្រោមការសិក្សាខាងលើទៅវិស័យឯកជនដែលនឹងសាងសង់ផ្តល់ហិរញ្ញប្បទាន និងដំណើរការគម្រោង។
គម្រោងសាកល្បងនេះត្រូវបានរំពឹងថា នឹងប្រមូលទុនរហូតទៅដល់ ១០០ លានដុល្លារ និងធ្វើជាគំរូក្នុងការពង្រីកវិសាលភាពផ្គត់ផ្គង់ថាមពលកកើតឡើងវិញដែលមានតម្លៃសមរម្យ និងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ «ការអភិវឌ្ឍថាមពលពីពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់នេះ គឺស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងរបស់ប្រទេសតាមរយៈការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពល។គន្លឹះនៃយុទ្ធសាស្ត្រនេះគឺជាការទាញយកធនធានពន្លឺព្រះអាទិត្យដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ខណៈការរួមចំណែករបស់ថាមពលព្រះអាទិត្យនេះបានកើនឡើងជាក់ស្តែងពីសូន្យក្នុងឆ្នាំ ២០១៦ ដល់ប្រមាណ១២ ភាគរយនៅចុងឆ្នាំ ២០២១»។ នេះបើយោងតាម ADB។
លោកស្រី F. Cleo Kawawaki ប្រធានការិយាល័យភាពជាដៃគូសាធារណៈ និងឯកជនរបស់ ADB បានលើកឡើងថា កម្មវិធីនេះប្រកបដោយមហិច្ឆតាខ្ពស់របស់កម្ពុជាក្នុងវិស័យថាមពលកើតឡើងវិញ។
លោកស្រីបានថ្លែងថា៖ «វានឹងកាត់បន្ថយថ្លៃអគ្គិសនី និងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខថាមពលដោយការទាញយកអត្ថប្រយោជន៍ពីធនធាននៅក្នុងស្រុក។ យើងសង្ឃឹមថា នឹងរួមចំណែកដល់កិច្ចខំប្រឹងប្រែងនេះតាមរយៈការគាំទ្រការដេញថ្លៃប្រកបដោយតម្លាភាពដែលបានត្រៀមយ៉ាងល្អ និងដែលបានទាក់ទាញការប្រកួតប្រជែងយ៉ាងសកម្មដើម្បីបង្កើនប្រសិទ្ធភាពភាពច្នៃប្រឌិត និងទុនពីវិស័យឯកជនដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន»។
នាយិកា ADB ប្រចាំប្រទេសកម្ពុជាលោកស្រី Jyotsana Varma បានឱ្យដឹងថា ADB តែងតែគាំទ្រថាមពលបៃតងនៅកម្ពុជា ព្រោះវានឹងចូលរួមចំណែកក្នុងការធ្វើផែនការថាមពលរបស់ប្រទេស។
លោកស្រីលើកឡើងថា៖ «ADB រីករាយក្នុងការគាំទ្រការផ្លាស់ប្តូរទៅរកថាមពលបៃតងនៅកម្ពុជាដែលនឹងលើកកម្ពស់កំណើនសេដ្ឋកិច្ចស្អាតប្រកបដោយនិរន្តរភាព និងបរិយាប័ន្នតាមរយៈការកែទម្រង់គោលនយោបាយក្នុងផែនការ និងអភិបាលកិច្ចថាមពលការកែលម្អស្ថិរភាពបណ្តាញអគ្គិសនីនិងប្រសិទ្ធភាពថាមពល»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវកាលពីថ្ងៃទី ១៥ កញ្ញា នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ ក្រោមប្រធានបទ «ការពន្លឿនការផ្លាស់ប្តូរថាមពល៖ ការស្តារសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព»។
លោកលើកឡើងថា ប្រទេសកម្ពុជា បានដាក់បញ្ចូលប្រភពថាមពលកកើតឡើងវិញយ៉ាងសកម្មទៅក្នុងល្បាយថាមពលចម្រុះរបស់ប្រទេស។ នៅឆ្នាំ ២០២១ ថាមពលបានពីប្រភពថាមពលកកើតឡើងវិញ រួមទាំងវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស បានកើនដល់ ៤០ ភាគរយនៃថាមពលសរុបរបស់កម្ពុជា។
លោកបានថ្លែងថា៖ «បើនិយាយពីសមត្ថភាពថាមពលនៃប្រភពថាមពលរបស់ប្រទេសកម្ពុជា ការរួមចំណែកនៃប្រភពថាមពលកកើតឡើងវិញមានប្រហែល ៥៥ ភាគរយនៃសមត្ថភាពថាមពលដំឡើងសរុប។ សម្រាប់ដំណើរឆ្ពោះទៅមុខ កម្ពុជានឹងបន្តផ្តោតលើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ឱ្យអស់សក្ដានុពលនៃប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់កម្ពុជា»។
លោកបញ្ជាក់ថា៖ «ដើម្បីសម្រេចបាននូវគោលបំណងនេះ កម្ពុជាកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍ថាមពលកម្ពុជារហូតដល់ឆ្នាំ ២០៤០ គោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ផែនទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរថាមពលស្អាតឆ្ពោះទៅរកកាបូនសូន្យ និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពីពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា»។
ផែនការមេអភិវឌ្ឍន៍ថាមពលថ្មីរបស់កម្ពុជា បានទទួលស្គាល់សក្តានុពលក្នុងការពង្រីកបន្ថែមនូវសមត្ថភាពនៃថាមពលពន្លឺព្រះអាទិត្យ PV ដែលរំពឹងថានឹងលើសពី ៣ជីហ្គាវ៉ាត់ក្នុងឆ្នាំ ២០៤០។ ដោយសារការរួមចំណែកនៃថាមពលពន្លឺព្រះអាទិត្យកើនឡើងចាំបាច់ត្រូវមានការកែលម្អបណ្តាញតាមរយៈការអនុម័ត BESS។
អាណត្តិកម្មវិធីនេះ ផ្អែកលើការគាំទ្រពីមុនរបស់ ADB ដល់វិស័យថាមពលព្រះអាទិត្យរបស់កម្ពុជាដែលរួមមានឧទ្យានជាតិសូឡាដំបូងបង្អស់របស់ប្រទេសមានទីតាំងក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងផលិតថាមពលពីពន្លឺព្រះអាទិត្យរហូតដល់ ១០០ មេហ្គាវ៉ាត់៕