ភ្នំពេញៈ កម្ពុជាបានទទួលការគាំទ្រពីសមាជិកទាំងមូលដើម្បីដឹកនាំកិច្ចប្រជុំលើកទី២០ នៃក្រុមការងារស្ដីពីការអភិវឌ្ឍច្បាប់នៃប្រព័ន្ធម៉ាឌ្រីដសម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រយៈពេល ៥ថ្ងៃ ពីថ្ងៃទី ៧-១១ ខែវិច្ឆិកា។
កម្ពុជាគឺតំណាងដោយលោក ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុង ហ្សឺណែវ ប្រទេស ស៊្វីស។
ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់នាថ្ងៃទី៨ ខែវិច្ឆិកា ថា៖ «អគ្គរាជទូតកម្ពុជា [លោក ឡុង កែមវិចិត្រ] បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងកិត្តិយសយ៉ាងក្រៃលែងដែលកម្ពុជា ត្រូវបានទទួលការគាំទ្រពីសមាជិកទាំងមូល ដើម្បីដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ»។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះនាថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុង ហ្សឺណែវ លោក ឡុង កែមវិចិត្រ ដែលជាអគ្គរាជទូតកម្ពុជា បានតាំងចិត្តខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំឱ្យទទួលបានលទ្ធផលដែលបានរំពឹងទុក។
អគ្គរាជទូតកម្ពុជារូបនេះបន្ថែមថា កិច្ចពិភាក្សាដែលនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំទី២០ នេះនឹងនាំមកនូវការអភិវឌ្ឍ និងភាពប្រសើរឡើងបន្ថែមទៀតចំពោះប្រព័ន្ធម៉ាឌ្រីដ ក្នុងការធ្វើឱ្យប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិនេះ រឹតតែមានភាពទាក់ទាញ ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ថែមទៀតដល់អ្នកប្រើប្រាស់សម្រាប់បម្រើដល់តម្រូវការនៃធុរកិច្ច។
សម្រាប់បម្រើដល់តម្រូវការនៃធុរកិច្ច ជាពិសេសនោះគឺសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានផលប្រយោជន៍ពីកម្មសិទ្ធិបញ្ញាដើម្បីជំរុញដល់គោលដៅធុរកិច្ចរបស់ខ្លួន។
ប្រព័ន្ធម៉ាឌ្រីដ គឺជាប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិដោយប្រើប្រាស់បច្ចេកវិទ្យាដែលគ្រប់គ្រងដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដោយប្រព័ន្ធនេះ បានផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ចំពោះការចុះបញ្ជីម៉ាកនៅក្នុងប្រទេសនានាជាសមាជិក។ នាពេលបច្ចុប្បន្នប្រព័ន្ធនេះមានសមាជិកចំនួន ១២៨ ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលបានចូលរួមការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈការចូលជាសមាជិកនៃពិធីសារទីក្រុង ម៉ាឌ្រីដ ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុង ម៉ាឌ្រីដ ទាក់ទងនឹងការចុះឈ្មោះអន្តរជាតិនៃម៉ាក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។
នៅក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមការងារម៉ាឌ្រីដនេះ សមាជិកនឹងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ និងវិធានមួយចំនួនពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាក ព្រមទាំងប្រឹក្សាលើការអភិវឌ្ឍប្រព័ន្ធបន្ថែម សំដៅលើកកម្ពស់ការប្រើប្រាស់ ធ្វើឱ្យប្រព័ន្ធមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន៕