ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការជាផ្លូវការនូវថ្នាលឌីជីថលគន្លឹះ «Cambodia Distributed Ledger ហៅកាត់ថា CamDL »នៅថ្ងៃទី១៣ ខែ វិច្ឆិកា ខាងមុខនេះ ជាជំហានថ្មីមួយនៃវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញឲ្យមាននវានុវត្តន៍ នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុង «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។
ក្រសួងបានលើកឡើងថា CamDL គឺជាបណ្តាញប្លុកឆេនចម្រុះ (Hybrid Permissioned Blockchain) ដែលបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជន នូវថ្នាលមួយសម្រាប់តេស្ត សិក្សាស្វែងយល់ ដកពិសោធ ឬអភិវឌ្ឍកម្មវិធីក្នុងទម្រង់ Web 3.0 ឬកម្មវិធីដែលដំណើរការក្នុងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Application - DApp) ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃនៅក្នុងសហគមន៍ និងនៅក្នុងឧស្សាហកម្ម។
«ការដាក់ឲ្យដំណើរការថ្នាលឌីជីថលគន្លឹះ CamDL នឹងរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ជំរុញស្ថិរភាពហិរញ្ញវត្ថុ និងជំរុញឱ្យមានសុចរិតភាពហិរញ្ញវត្ថុ ក៏ដូចជារួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ បណ្តាញប្លុកឆេនចម្រុះ សំដៅដល់បណ្តាញប្លុកឆេនដែលអនុញ្ញាតឲ្យសាធារណជនមានលទ្ធភាពចូលទៅប្រើប្រាស់បានដោយសេរី ប៉ុន្តែលក្ខខណ្ឌតម្រូវដើម្បីចូលប្រើប្រាស់ត្រូវបានកំណត់»។
«ថ្នាលនេះ នឹងបំពេញតួនាទីជាប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការដំបូងគេនៅកម្ពុជា និងស្ថិតក្រោមបញ្ញត្តិកម្មរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យតួអង្គពាក់ព័ន្ធអាចចូលទៅប្រើប្រាស់ ធ្វើតេស្ត និងសហការគ្នាក្នុងការបង្កើតនវានុវត្តន៍ថ្មីៗដោយប្រើគំរូ «សាកល្បង និងរៀនសូត្រ - Test and Learn»។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ម៉ក់ ចំរើន អនុប្រធានសមាគមធុរកិច្ចបង្កើតថ្មីអ៊ីនធឺណិតកម្ពុជា (CISA) បានស្វាគមន៍ចំពោះការបោះជំហានដ៏ល្អរបស់រដ្ឋាភិបាលសម្រាប់ការធ្វើឱ្យប្រសើរឡើងនៃបរិយាកាសអាជីវកម្មឆ្ពោះទៅរកទំនើបកម្មនៃវិធីសាស្ត្រឌីជីថល និងនវានុវត្តន៍។
លោកថ្លែងថា៖ «ខ្ញុំពិតជាកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងភាពជាអ្នកដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងព្យាយាមលើកកម្ពស់សេដ្ឋកិច្ចឌីជីថលកម្ពុជារបស់យើង១កម្រិតទៀត តាមរយៈការផ្សព្វផ្សាយគេហទំព័រ Web 3.0 និងបច្ចេកវិទ្យា blockchain ។ ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីរបស់ CamDL នឹងផ្តល់ឱកាសជាក់ស្តែងបន្ថែមទៀតដល់ធុរកិច្ចបង្កើតថ្មីផ្នែក FinTech ដោយមានការការពារកាន់តែច្រើន ហើយអាចចូលរួមក្នុងការគ្រប់គ្រង និងបទប្បញ្ញត្តិបានត្រឹមត្រូវ»។
លោកលើកឡើងថា៖ «ខ្ញុំជឿថា CamDL នឹងមានភាពរួសរាយរាក់ទាក់ និងអាចឱ្យមានការចាប់ផ្ដើម FinTech កាន់តែច្រើន។ CISA ប្តេជ្ញាចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយ MEF សម្រាប់ការផ្សព្វផ្សាយ CamDL, Web 3.0 និងសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ»។
ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងទៀតថា សាធារណជន ជាពិសេសអ្នកអភិវឌ្ឍន៍កម្មវិធីអាចធ្វើការពិសោធដោយផ្ទាល់ និងសិក្សាឱ្យបានកាន់តែច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ព្រមទាំងដើម្បីកាត់បន្ថយហានិភ័យ ឲ្យស្ថិតក្នុងកម្រិតអប្បបរមាពីបច្ចេកវិទ្យាថ្មីៗ តាមរយៈការប្រើប្រាស់ថ្នាលនេះ។
តួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីវិស័យហិរញ្ញវត្ថុវិមជ្ឈការរួមមាន វិស័យសាធារណៈ វិស័យធនាគារ វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យគណនេយ្យនិងសវនកម្ម សហគ្រាសទូទៅ ក៏ដូចជាសាធារណជនទូទៅ អាចប្រើប្រាស់ និងទទួលបានសារប្រយោជន៍មួយចំនួនពីថ្នាលឌីជីថលគន្លឹះនេះ៕