​ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា​ស្នើឱ្យ​ហ្វី​លី​ពី​ន ទិញ​អង្ករ​ និង​ជំរុញ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ក​សិ​-​ម្ហូបអាហារ នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង ២ ។

​សំណើ​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​-​ហ្វីលីពីន ស្ដីពី​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម ដើម្បី​លើកកម្ពស់​កម្ពស់​ការវិនិយោគ និង​ពាណិជ្ជកម្ម​ទ្វេភាគី​កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង ​៤១ នៅ​រាជធានី​ភ្នំពេញ​។​

​ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក​ប្រាក់ សុខុន និង​លោក​អែន​រីក​គេ អេ ម៉ា​ណា​ឡូ ​(Enrique A. Manalo) រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន បាន​បើក​កិច្ចពិភាក្សា​ទ្វេភាគី ដើម្បី​តម្លៃ​ទំនាក់ទំនង​មិត្តភាព​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​ទាំង ២ ដែល​ភាគី​ទាំង ២​ បាន​សង្កត់ធ្ងន់​លើ វិស័យសេដ្ឋកិច្ច​ពាណិជ្ជ​កម្ម​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​បង្ហាញថា​៖ «​លោក​ប្រាក់ សុខុន បានស្នើ​ដល់​ភាគី​ហ្វីលីពីន​បង្កើន​ការ​នាំចូល​អង្ករ​ពី​កម្ពុជា និង​ផ្តល់យោបល់​ដល់​ហ្វីលីពីន​ពិចារណា​ទាញយក​ប្រយោជន៍​ពី​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដើម្បី​បង្កើន​ទំហំ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ក​សិ​-​ម្ហូបអាហារ​នៅ​កម្ពុជា​ពី​សំណាក់​អ្នកវិនិយោគ​ហ្វីលីពីន​»​។​

​ភាគី​កម្ពុជា​-​ហ្វីលីពីន បាន​គូសបញ្ជាក់​ពី​ការកត់សម្គាល់​រៀងៗ​ខ្លួន​ចំពោះ​កំណើន​នៃ​ការផ្លាស់ប្តូ​រលើ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កន្លងមក ដែល​ភាគី​ទាំង ២ ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ចំពោះ​វិស័យនេះ​។ ដើម្បី​ជំរុញ​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិនិយោគ​និង​ពាណិជ្ជ​កម្មនេះ ភាគី​ទាំង ២ បាន​សម្លឹង​ឃើញ​ពី​ភាពចាំបាច់​ក្នុងការ​ព​ន្លឿ​ន​កិច្ចចរចា​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា សកម្មភាព​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ហ្វីលីពីន និង​កម្ពុជា​នៅ​មិនទាន់មាន​ភាព​សកម្ម​នៅឡើយ​ទេ ចំណែក​ស្ថានភាព​ខ្សែ​ចង្វាក់​ផលិត​របស់​កម្ពុជា​និង​ហ្វីលីពីន​ក៏​មិនសូវមាន​ភាពខុសគ្នា​ប៉ុន្មាន​ដែរ ​ដែល​លោក​សង្កត់ធ្ងន់ថា ប្រទេស​ទាំង ២ ​មាន​រនាំង​ច្រើន​ក្នុង​ការធ្វើ​ពិពិធ​កម្ម​នឹង​គ្នា ជាពិសេស​រនាំង​សមុទ្រ​ដែល​ខណ្ឌ​ចែក​ប្រទេស​ទាំង ២ ​​បូករួម​រយៈ​ចម្ងាយ​ឆ្ងាយ​ពីគ្នា​ផង​។​

​លោក​បាន​ពន្យល់​ពី​លក្ខខណ្ឌ​នៃ​ការយកពន្ធ​ត្រួតស៊ីគ្នា​ដែល​ភាគី​កម្ពុជា ​និង​ហ្វីលីពីន​ចង់​សម្របសម្រួល​នោះ ដូច្នេះ​ថា​៖ «​ចំពោះ​ការយកពន្ធ​ត្រួតស៊ីគ្នា​គឺពាក់ព័ន្ធ​នឹង​ការវិនិយោគ​របស់​បរ​ទេស​នៅ​កម្ពុជា ភាគច្រើន​គឺជា​ការយកពន្ធ​លើ​ប្រាក់ចំណូល ដែល​ជាប់ពន្ធ​ប្រាក់ចំណូល​ពី​ប្រទេស​យើង​មួយ​ហើយ ហើយក៏​ផ្ញើ​ប្រាក់ចំណេញ​ទៅផ្ទះ​វិញ​ទៅ​ហ្វីលីពីន​ក៏​ជាប់ពន្ធ​មួយទៀត​។ ដូច្នេះ ការសម្របសម្រួល​គឺ​លើកកម្ពស់​ការវិនិយោគ​ច្រើនជាង​មុន​ដោយ​កាត់​បន្ថយពន្ធ​ត្រួតស៊ីគ្នា ដោយ​យកតែ​ពន្ធ​ក្នុងស្រុក​របស់​កម្ពុជា បើ​វិនិយោគ​នៅ​កម្ពុជា​ហើយ​ផ្ញើ​លុយ​ទៅ​ហ្វីលីពីន​ដោយ​មិន​បង់ពន្ធ​ទៀត​ទេ ហើយ​ពេល​កម្ពុជា​ទៅធ្វើ​ជំនួញ​នៅ​ហ្វីលីពីន​វិញ​ក៏​ដូចគ្នា »​។​

​សម្រាប់​ការពង្រឹង​វិស័យសេដ្ឋកិច្ច​សម្រាប់​បណ្តា​ប្រទេស​ទាំង ២ ​លោ​កប​ណ្ឌិត​គី សេរី​វឌ្ឍន៍ ផ្តល់​យោ​បល់ឲ្យ​​ប្រទេស​ទាំង ២​ រក​ចំណុច​ធ្វើ​ពិពិធ​កម្ម​នឹង​គ្នា ពោលគឺ​ចន្លោះប្រហោង​របស់​ប្រទេស​ទាំង ២ ដែល​អាចបំពេញ​តម្រូវការ​ដល់​គ្នា​ទៅវិញទៅមក​បាន ដែល​លោក​មើលឃើញ​ពី​ចំណុច​ធំៗ ​៣ គឺ​វិស័យ​ទេសចរណ៍ វិស័យ​កាត់ដេរ និង​ការកែច្នៃ​កសិផល​កសិកម្ម​។

​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​ ២០២១ កន្លងទៅ សភាពាណិជ្ជកម្ម​កម្ពុជា ​និង​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) តាម​ប្រព័ន្ធ​អន​ឡាញ​សំដៅ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម ព្រមទាំង​វិនិយោគ​រវាង​ប្រទេស​ទាំង ២​។ ក្រៅពីនេះ ភាគី​ទាំង​ ២ បាន​ឯកភាពគ្នា​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​ហ្វីលីពីន​-​កម្ពុជា ដែលមាន​ទីស្នាក់ការ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន និង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​-​ហ្វីលីពីន ដែលមាន​ទីស្នាក់ការ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​វិនិយោគ​នៅពេល​អនាគត​ផង ដោយ​រំពឹង​ចំពោះ​កំ​ណើ​ន​នៃ​ទំហំ​ដោះដូរ​ពាណិជ្ជកម្ម​៕