លោក​ គិត ម៉េង បាន​ស្នើឱ្យ​ប្រមុខ​ថ្នាក់ដឹកនាំ​រដ្ឋ​ជា​សមាជិក​អាស៊ាន​គិតគូរ​ដាក់​សហគមន៍​អាស៊ាន​ជា​ចំណុច​អាទិភាព​ក្នុង​របៀបវារៈ​សេដ្ឋកិច្ចជាតិ​រៀងៗ​ខ្លួន ដើម្បី​ជំរុញ​ដល់​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ជាពិសេស​ភាព​ធន់​នឹង​វិបត្តិ នៅ​ចំពោះ​មុខ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​ប្រាកដប្រជា​។

នៅ​ថ្ងៃទី​ ១០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ​នៃ​របៀបវារៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៤០ និង​ ៤១ លោក​ គិត ម៉េង ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​បាន​អំពាវនាវ​ឱ្យ​អាស៊ាន​បន្ត​គិតគូរ​ ចំពោះ​បញ្ហា​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​នៅ​ចំពោះ​មុខ​ភាពផុយស្រួយ​នៃ​ស្ថានការណ៍​សេដ្ឋកិច្ច​ពិភពលោក​។

ក្នុងឋានៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន លោក​បាន​ស្នើ​ដល់​បណ្តា​ប្រមុខ​ដឹកនាំ​រដ្ឋ​នៃ​ប្រទេស​ជា​សមាជិក មេត្តា​ដាក់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជា​ចំណុច​អាទិភាព​ក្នុង​របៀបវារៈ​សេដ្ឋកិច្ច​ជាតិ​រៀងៗ​ខ្លួន ដើម្បី​សហមារណកម្ម​សេដ្ឋកិច្ច​របស់​អង្គការ​តំបន់​នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​ គិត ម៉េង សង្កត់ធ្ងន់​ដូច្នេះ​ថា​៖ «​អាស៊ាន​ត្រូវតែ​បន្ត​ធ្វើជា​ចំណុច​ស្នូល សម្រាប់​ប្រព័ន្ធ​ពាណិជ្ជកម្ម ដែល​មាន​លក្ខណៈ​បើកចំហ ស្មើភាព និង​ពហុភាគី​ប្រកប​ដោយ​ការទទួល​ខុសត្រូវ ប្រកាន់​ខ្ជាប់​នូវ​វិធាន​ច្បាប់​។

លោក​ គិត ម៉េង បាន​អំពាវនាវ​ទៅកាន់​អ្នក​ធុរកិច្ច​អាស៊ាន​ទាំងឡាយ​ឱ្យ​គោរព​តាម​ចំណាត់ការ​រដ្ឋាភិបាល​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​ជួយ​សម្រួល​ឱ្យ​កាន់តែ​រហ័ស​នូវ​សេដ្ឋកិច្ច​ ដែល​មាន​ភាពធន់​ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​ទាំង​កម្រិត​ជាតិ និង​តំបន់ តាមរយៈ​កិច្ចសមាហរណកម្ម និង​សុខដុម​នីយកម្ម​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ លោក​បន្ថែម​ថា ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ដែល​គ្មាន​ភាពប្រាកដ​ប្រជា​នេះ ទាមទារ​ឱ្យ​អាស៊ាន​រួមគ្នា​ជា​ធ្លុង​មួយ បើ​មិន​ដូច្នេះ​ទេ នឹង​ជួប​ការលំបាក ជាពិសេស​ចំពោះ​កម្លាំង​ពលកម្ម និង​សហគ្រាស​មីក្រូ សហគ្រាស​ធុន​តូច និង​មធ្យម​។

ជាមួយ​គ្នា​នេះដែរ​លោក ​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​យល់​ថា ការអំពាវនាវ​របស់​លោក​ គិត ម៉េង ជា​រឿង​ប្រសើរ​ចាំបាច់​ខ្លាំង​ក្នុង​ការពង្រឹង​កិច្ចអនុវត្ត​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​សេដ្ឋកិច្ច​អាស៊ាន​ ជាពិសេស​សម្រាប់​វិស័យ​ឯកជន ដែល​បាន​រាំងស្ទះ​រយៈពេល ៣ ​ឆ្នាំ​មកហើយ​ ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​ ១៩ ​។

លោក​ លឹម ហេង គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​និយាយ​ឱ្យ​ចំ កិច្ចព្រមព្រៀង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ យើង​ដាក់ឱ្យ​ដំណើរការ​តាំងពី​ឆ្នាំ ​២០១៥ ដែល​យើង​អនុវត្ត​ជា​បណ្តើរៗ​ហើយ ជាពិសេស​សម្រាប់​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​ករណី​ដែល​ឆ្លង​ប្រទេស​មួយៗ គឺ​នៅ​មាន​កម្រិត​នៅឡើយ ហើយ​បន្ថែម​បរិបទ​កូវីដ ​១៩ បី ​ឆ្នាំ នេះ​ធ្វើឱ្យ​រាំងស្ទះ​បន្ថែមទៀត​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​ហ្នឹង​»​។

ដើម្បី​ដោះស្រាយ​ និង​ជំរុញ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នេះ អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​រូបនេះ​យល់ថា បណ្តា​រដ្ឋ​ជា​សមាជិក​ត្រូវ​បើកចំហ​ប្រទេស​ឡើងវិញ​ឱ្យ​ដូច​ស្ថានការណ៍​មុន​វិបត្តិ​កូវីដ​ ១៩ ជា​ជំហាន​ដំបូង មុន​ចាប់​អនុវត្ត​យុទ្ធសាស្ត្រ​ផ្សេងៗ​ដែល​បាន​ដាក់ចេញ​ក្នុង​ផែនទី​អាស៊ាន គូសវាស​ពី​កិច្ចប្រជុំ​អាស៊ាន​នានា​។ លោក​មាន​សុទិដ្ឋិនិយម​ថា សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នឹង​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន​នាពេល​ខាងមុខ ដោយ​កិច្ចសហការ​រួមគ្នា​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ថា សមាហរណកម្ម​សេដ្ឋកិច្ច​របស់​អាស៊ាន​នៅមាន​កម្រិត​ណាស់​ដោយហេតុ​ស្ថានភាព​សេដ្ឋកិច្ច​របស់​រដ្ឋ​ជា​សមាជិក​មិនមាន​តុល្យភាព​នឹង​គ្នា និង​ជាពិសេស​ខ្សែ​ច្រវ៉ាក់​ផលិតកម្ម​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​ភាគច្រើន​មាន​ភាពស្រដៀង​គ្នា ដែល​នាំឱ្យ​ប្រទេស​ជា​សមាជិក​ប្រកួត​ប្រជែង​ធ្វើការ​នាំចេញ​រៀងៗ​ខ្លួន ប៉ះពាល់​ដល់​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជា​ធ្លុង​មួយ​ក្នុង​តំបន់​។

លោក​ គី សេរីវឌ្ឍន៍ ផ្តល់​យោបល់​ជុំវិញ​បញ្ហា​នេះ ដូច្នេះ​ថា​៖ «​ដើម្បី​ដោះស្រាយ លុះត្រា​អាស៊ាន​អង្គុយ​លើ​តុ​ជុំគ្នា យក​អ្នក​ជំនាញ​មក​សិក្សា​ និង​ជជែក​គ្នា និង​ជំរុញ​ឱ្យ​ផលិតកម្ម​ទាំងអស់​ហ្នឹង ផលិត​ទៅ​តាម​វិស័យ ដែល​យើង​ទុកចិត្ត​លំហូរ​វិនិយោគ​ទៅវិញ យើង​លុប​ពន្ធ​ត្រួត​ស៊ីគ្នា​ចេញ​ឱ្យអស់​ទៅ​។ ហើយ​យើង​ចែកជា​ប្លុក​រួមគ្នា​មួយ​ទៅ ថា​តើ​ប្រទេស​ណា​គួរ​ផលិត​ទំនិញ​អី ដែល​វា​បាន​បែងចែង​ខ្សែ​ច្រវ៉ាក់​ផលិត​កម្មរៀងៗ​ខ្លួន ដើម្បី​ជំរុញ​ឱ្យ​អាស៊ាន​ធ្វើការ​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​បាន​ល្អ​»​។

លោក​បន្ថែមថា កិច្ចការ​បែងចែក​ខ្សែ​ច្រវ៉ាក់​ផលិតកម្ម​នេះ មាន​ភាពចាំបាច់​ណាស់ មិន​ត្រឹមតែ​ជំរុញ​ឱ្យ​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​គ្នា​បាន​ល្អ​នោះទេ ហើយ​ក៏​ចៀសវាង​ការប្រកួត​ប្រជែង​ពាណិជ្ជកម្ម​ក្នុង​កម្រិត​តំបន់​ផងដែរ ដោយ​ហេតុ​បច្ចុប្បន្ន រដ្ឋ​ជា​សមាជិក​អាស៊ាន​ភាគច្រើន​ផលិត​មុខទំនិញ​ដូចៗ​គ្នាច្រើន​ទៅ​ដាក់លក់​លើ​ទីផ្សារ​។

គួរបញ្ជាក់​ថា អាស៊ាន​គឺជា​អង្គការ​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ ៥ ក្នុង​ពិភពលោក​។ អង្គការ​តំបន់​នេះ​គ្របដណ្តប់​ទៅ​ដោយ​យុវជន​ប្រមាណ ៣០% នៃ​ប្រជាជន​សរុប ឬ​ស្មើនឹង​ប្រមាណ ២២៥ ​លាន​នាក់ ដែល​ជា​ចំណុច​ស្នូល​នៃ​កម្លាំង​ពលកម្ម​នាំ​ដល់​កំណើន​សេដ្ឋកិច្ច ហើយ​គេ​ដឹងថា កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាស៊ាន ​(GDP) បាន​កើនឡើង​ក្នុង​អាត្រា ៣,១% ក្នុង​ឆ្នាំ​ ២០២១ ជាមួយ​នឹង​ការរំពឹង​ទុក​នូវ​កំណើន ៥,៣% និង ៤,៩% ក្នុង​ឆ្នាំ​ ២០២២ និង​ ២០២៣ រៀងៗ​គ្នា​។ នេះ​បើតាម​ការឱ្យ​ដឹងពី​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​បូក​ ៣ (AMRO)៕