ភ្នំពេញៈ ផ្នែកឯកជន និងអ្នកសេដ្ឋកិច្ចរំពឹងថា ជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកម្ពុជា និងកូរ៉េ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នឹងផ្តល់ភាពវិជ្ជមានកាន់តែច្រើនសម្រាប់ពាណិជ្ជកម្មទ្វេភាគី ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) នឹងចូលជាធរមាននៅខែក្រោយ។
ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី ១១ ខែវិច្ឆិកា រវាងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងក្នុងរាជធានីភ្នំពេញ ភាគីទាំង ២ បានបង្ហាញការសាទរចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកើនឡើងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ និងមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងចូលជាធរមាននៅដើមខែធ្នូ នឹងធ្វើឱ្យកើនឡើងយ៉ាងច្រើននូវទំហំពាណិជ្ជកម្មទ្វេភាគី។
ក្នុងឱកាសនោះ លោក ហ៊ុន សែន បានស្នើលោក Yoon Suk Yeol ឱ្យជួយលើកទឹកចិត្ត និងជំរុញការវិនិយោគផ្ទាល់របស់កូរ៉េមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នប្រទេសកូរ៉េ ក៏បានទទួលពលករកម្ពុជាជាច្រើននាក់ឱ្យទៅធ្វើការក្នុងប្រទេសរបស់ខ្លួន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែវិច្ឆិកាថា ជំនួបរវាងថ្នាក់ដឹកនាំទាំង ២ ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងផ្តល់ភាពវិជ្ជមានច្រើនសម្រាប់នយោបាយការទូត និងកំណើនសេដ្ឋកិច្ចកម្ពុជា ដោយបច្ចុប្បន្នប្រទេសកូរ៉េកំពុងដើរតួនាទីសំខាន់ក្នុងការទទួលទិញផលិតផលកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា តាមរយៈជំនួបនេះនឹងជំរុញឱ្យការនាំទំនិញពីកម្ពុជាទៅប្រទេសកូរ៉េមានចំនួនកាន់តែច្រើន ខណៈការនាំចូលវត្ថុធាតុដើមពីកូរ៉េមកកែច្នៃសម្រាប់នាំចេញ ក៏នឹងកើនឡើងផងដែរ»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ និយាយថា កូរ៉េជាទីផ្សារសំខាន់មួយដែលទទួលទិញទំនិញពីកម្ពុជា ខណៈការបណ្តាក់ទុនរបស់កូរ៉េនៅកម្ពុជាក៏មានច្រើនដែរ ពិសេសក្នុងវិស័យសំណង់។
លោកបន្តថា ទោះបីយ៉ាងណា បើគេពិនិត្យមើលជញ្ជីងពាណិជ្ជកម្ម គឺកម្ពុជាមានឱនភាពច្រើនដែលទាមទារឱ្យរដ្ឋាភិបាល និងអ្នកវិនិយោគត្រូវរិះរកវិធីសាស្ត្រធ្វើពិពិធកម្មទំនិញរបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការនៅក្នុងប្រទេសកូរ៉េ។
លោកបន្តថា ផលិតផលកសិកម្មនឹងក្លាយជាទំនិញមានសក្តានុពលសម្រាប់នាំចេញទៅប្រទេសកូរ៉េ ពីលើអ្វីដែលកំពុងមាន (ផលិតផលវាយនភណ្ឌ) ខណៈ CKFTA នឹងក្លាយជាកម្លាំងជំរុញថ្មីមួយសម្រាប់ការនាំផលិតផលកសិកម្មកម្ពុជាទៅប្រទេសកូរ៉េ។
លោកថ្លែងថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការល្អ និងការចូលជាធរមាននៃ CKFTA ប្រាកដណាស់ ការនាំចេញផលិតផលមួយចំនួនទៅទីផ្សារកូរ៉េនឹងកើនឡើង។ កំណើននេះក៏ត្រូវអាស្រ័យលើការធ្វើពិពិធកម្មទំនិញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារដែរ»។
ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ចាប់ពីខែមករា-ខែតុលា ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ មានតម្លៃសរុប ៦៥៨,៩ លានដុល្លារ កើន ៣,២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងនោះការនាំចេញពីកម្ពុជាទៅកូរ៉េ មានចំនួន ១៩០,៥៣ លានដុល្លារ កើន ២១,៦ ភាគរយ និងការនាំទំនិញពីកូរ៉េមកកម្ពុជា ៤៦៨,៣៧ លានដុល្លារ ធ្លាក់ចុះ ២,៧ ភាគរយ៕