ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឱ្យដឹងថា ឥទ្ធិពលបច្ចេកវិទ្យាហរិញ្ញវត្ថុ (FinTech) នៅកម្ពុជាកំពុងផ្លាស់ប្តូរឧស្សាហកម្មហិរញ្ញវត្ថុទាំងមូលក្នុងការផ្តល់ និងទទួលបានសេវាហិរញ្ញវត្ថុ ពិសេសក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ ការប្រើប្រាស់ FinTech បានរួមចំណែកដល់ការបន្តសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ រួមទាំងធុរកិច្ច និងការវិនិយោគ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងនៅក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកាថា ក្នុងអំឡុងការរីករាលដាលកូវីដ ១៩ បច្ចេកវិទ្យាឌីជីថល ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ត្រូវបានគេសង្កេតឃើញថាជាកត្តាជំរុញប្រកបដោយសក្តានុពលខ្ពស់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកតាមរយៈតួនាទីសំខាន់ៗចំនួន ៤ រួមមាន ការបង្កើនការប្រកួតប្រជែងដោយស្មើភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាហិរញ្ញវត្ថុ, ការបង្កើតផ្នែកទីផ្សារថ្មី និងការពង្រឹងទីផ្សារដែលមានស្រាប់ឡើងវិញ, ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុតាមរយៈកម្មវិធីឌីជីថល ដែលងាយស្រួលប្រើប្រាស់ផ្សេងៗ, និងការពង្រឹងឡើងវិញ និងពង្រីកប្រព័ន្ធអេកូឡូស៊ីនៃសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) និងធុរកិច្ចបង្កើតថ្មី។
លោកថ្លែងថា៖ «នៅក្នុងអំឡុងពេលការរីករាលដាលកូវីដ ១៩ ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិកបានបន្តកើនឡើង។ ដោយសង្កេតមើលឃើញពីសក្តានុពលវិស័យ FinTech រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ FinTech របស់កម្ពុជា ដើម្បីបង្កើតក្របខ័ណ្ឌរួមសម្រាប់វិស័យ FinTech និងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាខ្វះខាតផ្សេងៗនៅក្នុងការពន្លឿនការអភិវឌ្ឍ FinTech ដោយមានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជាស្ថាប័នទទួលខុសត្រូវសម្របសម្រួលព្រាងគោលនយោបាយនេះ»។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក សុខ វឿន ឱ្យដឹងថា ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានលើកកម្ពស់ និងឆ្លងកាត់ការផ្លាស់ប្តូរឌីជីថលយ៉ាងសំខាន់ក្នុងរយៈពេល ១ ទសវត្សរ៍ចុងក្រោយមកនេះ។ លោកបន្ថែមថា ធនាគារជាតិនៃកម្ពុជាបានអនុវត្តវេទិកាអន្តរប្រតិបត្តិការជាតិសំខាន់ៗមួយចំនួនដូចជា កម្ពុជាសែស្វិច (CSS) ដែលភ្ជាប់អន្តរម៉ាស៊ីនអេធីអឹមរួមគ្នា ប្រព័ន្ធ FAST ប្រព័ន្ធទូទាត់លក់រាយ (RFT) និងកម្មវិធី KHQR ដែលដំណើរការលើបច្ចេកវិទ្យា Blockchain។
លោកលើកឡើងថា៖ «ការរីករាលដាលកូវីដ ១៩ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពន្លឿននិន្នាការនេះ ខណៈឧស្សាហកម្មជាច្រើនបានផ្លាស់ប្តូរទៅរកប្រតិបត្តិការដោយគ្មានសាច់ប្រាក់។ ដូចយើងឃើញនាពេលនេះ គឺការទទួលយកបច្ចេកវិទ្យា Fintech ដូចជាកម្មវិធីដឹកជញ្ជូនអាហារ និងទំនិញ ក៏ដូចជាការទទួលយកជាទូទៅ ការទូទាត់តាមអេឡិចត្រូនិក និងការទូទាត់តាមឌីជីថលក្នុងប្រទេសបានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាកម្មរបស់ពួកគេ ក៏ដូចជាគុណភាពជីវិតរបស់ប្រជាជនកម្ពុជា»។
លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បាននិយាយថា នៅកម្ពុជាឌីជីថលភាវូបនីយកម្មកំពុងប្រព្រឹត្តទៅក្នុងកម្រិតមួយខ្ពស់បំផុតមិនធ្លាប់មាន។
លោកថ្លែងថា៖ «ក្នុងវិស័យហិរញ្ញវត្ថុ យើងមើលឃើញការកើនឡើងជាង ១០ ដង នៃប្រតិបត្តិការឌីជីថល ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ តាមរយៈប្រព័ន្ធទូទាត់ និងក្រុមហ៊ុនផ្តល់ការទូទាត់»។
លោកបានបន្តថា៖ «ក្នុងវិស័យហិរញ្ញវត្ថុ ឌីជីថលភាវូបនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យា គឺផ្តោតទៅលើអតិថិជន។ ឧស្សាហកម្មរបស់យើង ជាឧស្សាហកម្មផ្តោតលើប្រជាជន។ សេវាហិរញ្ញវត្ថុ គឺជាតម្រូវការចម្បង ហើយយើងធានាថា សេវាទាំងអស់នឹងទៅដល់ប្រជាជនកម្ពុជាដើម្បីភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនេះ និងសេដ្ឋកិច្ច»។
យោងតាមធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ ២០២១ មានប្រតិបត្តិការចំនួន ៦៩៨,៨ លានដង ស្នើនឹងតម្លៃ ១៩៩,៧៦ ពាន់លានដុល្លារ៕