ភ្នំពេញៈ ស្របពេលដែលពិភពលោក និងតំបន់កំពុងជួបនឹងបញ្ហាប្រឈមថ្មីៗមួយចំនួនទៀតបន្ថែមលើការអូសបន្លាយពេលវេលានៃការរីករាលដាលវិបត្តិជំងឺកូវីដ ១៩ នោះវាបង្កឱ្យមានឧបសគ្គមួយចំនួនដល់ការធ្លាក់ចុះនៃការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំខាងមុខ។
ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់បទសម្ភាសន៍ដាច់ដោយឡែកជាមួយលោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៃកាសែត ភ្នំពេញ ប៉ុស្តិ៍ អំពីបញ្ហាប្រឈមនានា ទស្សនវិស័យ និងគោលនយោបាយឆ្លើយតបដែលមេដឹកនាំគួរយកមកអនុវត្តដើម្បីរក្សាកំណើន។
យើងបានមើលឃើញហើយថា ទាំងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកបានធ្លាក់ចុះដោយសារតែមានការប្រកួតប្រជែងពហុប៉ូល ភូមិសាស្ត្រនយោបាយ សង្គ្រាមអ៊ុយក្រែន និងការប្រឈមមុខដាក់គ្នារវាងប្រទេសចិន និងកោះតៃវ៉ាន់។ តើស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) យល់ឃើញដូចម្ដេច ចំពោះទស្សនវិស័យអាស៊ាន ជាពិសេសសមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួចដូចប្រទេសកម្ពុជា?
យើងកំពុងស្ថិតក្នុងពេលដ៏លំបាកមួយ ដោយសារតែវិបត្តិត្រួតលើវិបត្តិ។ យើងមានការរីករាលជំងឺកូវីដ ១៩ កំពុងតែចាប់ផ្តើមធូរស្រាល ខណៈដែលប្រទេសរុស្ស៊ីកំពុងធ្វើសង្គ្រាមជាមួយអ៊ុយក្រែនដែលជំរុញឱ្យតម្លៃថាមពល និងស្បៀងអាហារហក់ឡើងយ៉ាងខ្លាំង ដែលទាំងនេះនាំឱ្យមានអតិផរណា និងបង្កឱ្យមានវិបត្តិក្នុងប្រទេសជាច្រើន។ ការព្យាកររបស់យើងសម្រាប់កំណើនសេដ្ឋកិច្ចសកលត្រូវបានកែតម្រូវដោយបានធ្លាក់ចុះ។
យើងរំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនត្រឹមតែ ២,៥ ភាគរយប៉ុណ្ណោះនៅឆ្នាំក្រោយ ហើយវាអាចនឹងធ្លាក់ចុះដល់ក្រោម ២ ភាគរយ ដែលយ៉ាងហោចណាស់ចំនួន ១/៣ នៃប្រទេសជាច្រើននឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច។ បើយើងក្រឡេកមើលផ្នែកមិនល្អ ពិតណាស់ អាស៊ានកំពុងស្ថិតនៅក្នុងទស្សនវិស័យល្អកំណើនក្នុងតំបន់អាស៊ាននៅឆ្នាំនេះមានចំនួន ៥ ភាគរយ ហើយនៅឆ្នាំក្រោយវានឹងមានក្នុងកម្រិតមធ្យម ៤,៧ ភាគរយ នៅតែខ្ពស់ជាងមធ្យមភាគសកល។
ហេតុអ្វីបានជាអាស៊ានជោគជ័យខ្លាំងជាងគេ? គឺដោយសារតែបណ្ដាប្រទេសជាច្រើនបានធ្វើកំណែទម្រង់ តាមរយៈសមាហរណកម្មនៅក្នុងប្រទេស និងជាមួយសេដ្ឋកិច្ចពិភពលោក។ ហើយក៏ដោយសារការឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុតនឹងការរីករាលដាលកូវីដ ១៩ និងវិបត្តិនាពេលបច្ចុប្បន្ន។
ចាប់តាំងពីដើមឆ្នាំ ២០២២ មក អាស៊ានកំពុងអនុវត្តនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ RCEP។ តើ IMF យល់ឃើញយ៉ាងណាចំពោះកិច្ចព្រមព្រៀងនេះ?
កិច្ចព្រមព្រៀងនេះត្រូវបានស្វាគមន៍យ៉ាងខ្លាំង ព្រោះវាមានន័យថា យើងទទួលស្គាល់អន្តរឯករាជ្យរបស់យើង ហើយយើងស្វែងរកដំណោះស្រាយរួមគ្នា។ ក្នុងស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានក្រោមប្រធានបទ «ដោះស្រាយបញ្ហាប្រឈមរួមគ្នា» យើងរំពឹងថា សម្រាប់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត វានឹងផ្តល់ឱកាសកាន់តែច្រើន ឱកាសកាន់តែប្រសើរឡើងក្នុងការនាំយកការវិនិយោគដែលផ្ដល់ការងារ និងការបង្កើតស្តង់ដាជីវភាពរស់នៅខ្ពស់។
សម្រាប់ប្រទេសកម្ពុជា ដែលជាករណីសំខាន់មួយ ដោយសារចំនួនប្រជាជនវ័យក្មេង សារៈសំខាន់នៃការងារមិនអាចនិយាយបានលើសពីសារៈសំខាន់នៃការបង្កើតឱ្យមាននូវសមាហរណកម្មនៃសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត សម្រាប់ចក្ខុវិស័យកំណើនកាន់តែខ្លាំងនោះទេ។ ប្រទេសកម្ពុជាមានមហិច្ឆតាចង់ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅចុងទសវត្សរ៍នេះ។ កម្ពុជាអាចសម្រេចបានតាមរយៈការចាប់យកផលប្រយោជន៍នៃការធ្វើសមាហរណកម្មទាំងនេះ។
ប្រទេសទាំងអស់ជុំវិញពិភពលោកកំពុងទទួលរងការរីករាលដាលជំងឺកូវីដ ១៩។ ឥឡូវនេះ យើងមានបញ្ហាជាច្រើនទៀត ដូចជាសង្គ្រាមអ៊ុយក្រែន ការប្រឈមមុខដាក់គ្នារវាងប្រទេសចិន និងកោះតៃវ៉ាន់ តើបញ្ហាទាំងនេះនឹងរារាំងដល់ចក្ខុវិស័យកំណើន សម្រាប់តំបន់នេះ និងពិភពលោកនៅឆ្នាំក្រោយដែរ ឬទេ?
ចក្ខុវិស័យសម្រាប់ឆ្នាំ ២០២៣ មិនគ្រាន់តែមានការជាប់ពាក់ព័ន្ធដោយសារតែយើងមើលឃើញពីការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំ ២០២១ នោះទេ យើងនឹងសង្ឃឹមយ៉ាងមុតមាំថា ការស្ដារឡើងវិញពីជំងឺកូវីដ ១៩ កំពុងតែបង្កើនល្បឿន ហើយនៅចុងឆ្នាំនេះមានកំណើន ៦,១ ភាគរយ ប៉ុន្តែបន្ទាប់ពីការចូលឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈបានបង្កឱ្យមានការកើនឡើងតម្លៃថាមពល និងអាហារដែលជំរុញឱ្យមានអតិផរណា ដូច្នេះវាចាំបាច់ណាស់ក្នុងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ អត្រាការប្រាក់ខ្ពស់ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ ដូច្នេះក្នុងបរិយាកាសនេះ យើងឃើញមានការថយចុះក្នុងពេលដំណាលគ្នានៅប្រទេសចិន ដោយសារតែការរឹតបន្តឹងដែលជាប់ទាក់ទងនឹងការរីករាលដាលកូវីដ ១៩ និងបញ្ហាវិស័យអចលនទ្រព្យធ្លាក់ចុះ។
នៅអាមេរិក ដោយសារតែការកើនឡើងអត្រាការប្រាក់ និងការធ្លាក់ចុះនៅអឺរ៉ុប ដោយសារតែតម្លៃខ្ពស់ ជាពិសេសឧស្ម័ន និងប្រេងឥន្ធនៈផងដែរ ដែលយ៉ាងហោចណាស់ប្រទេសពាក់កណ្តាលនៃអឺរ៉ុបរំពឹងថានឹងមានការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំក្រោយ។ នៅពេលដែលយើងធ្លាក់ចូលទៅក្នុងអន្ទាក់ដោយសារការព្យាយាមដើម្បីសង្គ្រោះខ្លួន ហើយយើងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេនោះយើងនឹងជួបការលំបាក ដើម្បីយកឈ្នះលើបញ្ហានេះកាន់តែខ្លាំងផងដែរ។ ដូច្នេះការរួបរួមគ្នាលើពិភពលោក ដើម្បីធ្វើការងារគឺសំខាន់បំផុតការជម្នះភាពតានតឹង ការស្វែងរកស្មារតីឯកភាពគ្នាដែលជាស្មារតីរបស់អាស៊ាន គឺជាអ្វីដែលមិនត្រឹមតែអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកទាំងមូលក៏ត្រូវការដែរ។
ដោយសារតែបញ្ហាប្រឈមដែលអាស៊ានជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជាមួយអឺរ៉ុប តើ IMF មានអនុសាសន៍អ្វីខ្លះទៅដល់មេដឹកនាំនៅទីនេះ?
អនុសាសន៍ដ៏សំខាន់បំផុតសម្រាប់មេដឹកនាំគឺត្រូវតែមានគោលបំណង និងភាពប្រាកដនិយមអំពីបរិស្ថានពិភពលោក ត្រូវទទួលស្គាល់ថា អត្រាការប្រាក់នឹងកើនឡើងកាន់តែខ្ពស់នៅពេលណាមួយត្រូវទទួលស្គាល់ថាតម្រូវការពីដៃគូប្រពៃណីរបស់ខ្លួននឹងកាន់តែទាប។ ចូរយើងចាំថា ៤០ ភាគរយនៃការនាំចេញរបស់តំបន់អាស៊ានទៅកាន់គោលដៅធំៗចំនួន ៣ ដូចជាអាមេរិក អឺរ៉ុប និងចិនដែលប្រទេសទាំងបីនេះកំពុងមានសេដ្ឋកិច្ចធ្លាក់ចុះ។ មូលដ្ឋានទាំងនោះបានបង្កើតគោលនយោបាយក្នុងស្រុកដែលលើកទឹកចិត្តកាន់តែខ្លាំងសម្រាប់ការទាក់ទាញលំហូរមូលធនចូលទៅក្នុងប្រទេសទាំងនេះ។
ម្យ៉ាងវិញទៀត ការលុបបំបាត់របាំងសម្រាប់ការវិនិយោគឯកជន និងការផ្តោតកាន់តែខ្លាំងលើធនធានក្នុងស្រុក តើវាមានន័យដូចម្ដេច? វាមានន័យថា មានអាទិភាពជាច្រើនដែលអាចត្រូវបានដោះស្រាយនៅក្នុងស្រុក ឧទាហរណ៍ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដែលបានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន សុទ្ធតែអាចទាញយកអត្ថប្រយោជន៍ពីការអភិវឌ្ឍកាបូនទាប។
ពេលនេះ គឺជាពេលវេលាសម្រាប់ប្រទេសអាស៊ានក្នុងការស្វែងរកការក្លាយជាដៃគូឈានមុខគេ សម្រាប់ខ្សែចង្វាក់តម្លៃសកលថ្មីដែលបានជំរុញដោយការធ្វើឌីជីថល និងដោយសេដ្ឋកិច្ចបៃតង។ ប៉ុន្តែអ្វីៗទាំងអស់ខាងលើនេះត្រូវតែធានាឱ្យប្រាកដថា ខ្លួនមានគោលនយោបាយសាធារណៈក្នុងស្រុកប្រកបដោយភាពប្រុងប្រយ័ត្ន ហើយគោលនយោបាយនោះផ្តោតលើមនុស្ស។ បន្ទាប់ពីធនធានដ៏សំខាន់បំផុតដែលអាស៊ានមានគឺប្រជាជនវ័យក្មេង នៅពេលដែលមនុស្សមានភាពទាក់ទាញ នៅពេលដែលពួកគេមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ពួកគេអាចអភិវឌ្ឍជាសហគ្រិនបាននោះភាពល្អប្រសើរនឹងកើតឡើង។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន តើ IMF មានទស្សនៈយ៉ាងណាចំពោះបញ្ហានេះ?
កម្ពុជាបានបំពេញការងារបានយ៉ាងល្អក្នុងការជ្រើសរើសប្រធានបទ និងក្នុងការប្រមូលផ្ដុំមេដឹកនាំប្រទេសអាស៊ាន អាស៊ានបូក និងដៃគូសំខាន់ៗផ្សេងទៀត ព្រមទាំងអង្គការអន្តរជាតិនានាក្នុងគ្រាដ៏មានសារៈសំខាន់ និងទាន់ពេល។
ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាបានបន្តនូវគោលបំណងសំខាន់ៗចំនួន ៣ ទី១ ប្រមូលផ្តុំប្រទេសសម្រាប់ការសម្រេចបានការផ្លាស់ប្តូររចនាសម្ព័ន្ធ យើងគ្រាន់តែនិយាយអំពីសារៈសំខាន់នៃការឆ្ពោះទៅការផ្លាស់ប្តូរ និងទាញយកអត្ថប្រយោជន៍នៃឱកាសថ្មីៗ ហើយនោះមានន័យថាបរិវត្តកម្មឌីជីថល ការប្រែក្លាយសេដ្ឋកិច្ចដែលធន់នឹងអាកាសធាតុកាបូនទាប និងការផ្តល់ឱកាសដល់ប្រជាជនដែលយើងមិនស្គាល់នៅថ្ងៃនេះនឹងមានសម្រាប់ថ្ងៃស្អែក។ ទី២ រាល់ការផ្តោតដ៏សំខាន់លើពាណិជ្ជកម្ម ដោយពាណិជ្ជកម្មគឺជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេស ហើយជាមួយនឹងប្រព័ន្ធពាណិជ្ជកម្មសេរី និងបើកចំហឱ្យមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់អាស៊ាន។ ទី៣ យើងឃើញថាការធ្វើជាប្រធានអាស៊ានគឺជាតម្រង់ទិសឆ្ពោះទៅមុខ ដែលយើងធ្លាប់គិតគូរពីគុណភាពដែលជាកំណើនប្រកបដោយបរិយាប័ន្ន ហើយនោះក៏ជាកត្តាដ៏សំខាន់ផងដែរ សម្រាប់ភាពជោគជ័យរបស់ប្រទេសមួយ មនុស្សគ្រប់គ្នា យើងមានន័យថាយុវជន មនុស្សចាស់ គ្រប់គ្នាត្រូវតែស្វែងរកកន្លែងរបស់ខ្លួន ហើយត្រូវគោរពចំពោះការរួមចំណែករបស់សង្គម៕