ភ្នំពេញៈ ចំនួនទឹកប្រាក់នាំចូល-នាំចេញទំនិញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ មានប្រមាណជាង ២ ពាន់លានដុល្លារ កើនជាង ១៧ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ខណៈឆ្នាំ ២០២១ ទឹកប្រាក់នាំចូល-នាំចេញ មានចំនួនសរុប ២ ២៣៤ លានដុល្លារ។
ស្ថិតិចេញផ្សាយកាលពីចុងសប្តាហ៍មុនឱ្យដឹងថា ចាប់ពីខែមករា-ខែតុលា ឆ្នាំ ២០២២ ការនាំចូល-នាំចេញទំនិញរបស់រោងចក្រ/សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានតម្លៃសរុប ២ ០៦៩ លានដុល្លារ កើនឡើង ១៧,០៩ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមានចំនួន ១ ៧៦៧ លានដុល្លារ។ សម្រាប់ទិន្នន័យខាងលើ គឺមិនបានញែកទឹកប្រាក់នៃការនាំចូល-នាំចេញ ពីគ្នាទេ។
សម្រាប់ទឹកប្រាក់នាំចូល-នាំចេញរបស់ SSEZ ក្នុងខែតុលា ឆ្នាំ ២០២២ គឺមានចំនួន ១៦៥ លានដុល្លារ ធ្លាក់ចុះ ១៦,២៤ ភាគរយ ពីចំនួន ១៩៧ លានដុល្លារ កាលពីខែតុលា ឆ្នាំ ២០២១ ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែវិច្ឆិកាថា ទោះបីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះសកម្មភាពនាំចូល-នាំចេញនៅ SSEZ មិនមមាញឹកដូចអំឡុងឆមាសទី ១ ប៉ុន្តែសរុបជារួមវានៅតែមានសញ្ញាវិជ្ជមានបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។
បើតាមទិន្នន័យទឹកប្រាក់នាំចូល-នាំចេញជាមធ្យមប្រចាំខែរបស់ SSEZ បានធ្លាក់ពី ២២៩ លានដុល្លារក្នុងឆមាសទី ១ មកនៅត្រឹម ១៧៤ លានដុល្លារក្នុងអំឡុងខែកក្កដាដល់ខែតុលា។
លោកបន្ថែមថា ភាពរអាក់រអួលនៃការនាំចេញទំនិញទៅទីផ្សារអន្តរជាតិនាពេលនេះ គឺដោយសារតម្រូវការនៅទីផ្សារអន្តរជាតិធ្លាក់ចុះ ព្រោះតែភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
លោកបញ្ជាក់ថា៖ «នៅពេលស្ថានភាពពិភពលោកមិននឹងនរ ការបញ្ជាទិញពីក្រៅប្រទេសក៏មិនមានកំណើនដែរ ព្រោះប្រជាជននឹងរឹតត្បិតទៅលើការចំណាយមិនចាំបាច់ក្រៅពីអាហារ ឬវត្ថុប្រើប្រាស់ចាំបាច់»។
លោកបន្ថែមថា ដោយសារផលិតផលកម្ពុជាទាក់ទាញចំណាប់អារម្មណ៍កាន់តែច្រើនពីអ្នកប្រើប្រាស់លើពិភពលោក ព្រមទាំងការចូលជាធរមានជាបន្តបន្ទាប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ព្រមទាំងកិច្ច-ព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េដែលនឹងចូលជាធរមាននៅខែធ្នូខាងមុខនឹងជួយឱ្យការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានសម្ទុះកាន់តែខ្លាំងនៅពេលអនាគត។
យោងតាមអភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ កត្តាភូមិសាស្ត្រនៅជាប់កំពង់ផែសមុទ្រទឹកជ្រៅ ព្រមទាំងលក្ខណៈអំណោយផលនៃច្បាប់វិនិយោគ និងកត្តាកម្លាំងពលកម្មសម្បូរបែបនៅកម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគកាន់តែច្រើនចូលមកបណ្តាក់ទុនក្នុងខេត្តព្រះសីហនុ។ សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា ពិសេសក្នុងខេត្តព្រះសីហនុ នឹងមានភាពមមាញឹកខ្លាំងឡើងវិញ នៅពេលការរឹតបន្តឹងនៅប្រទេសចិនស្តីពីកូវីដ ១៩ មានភាពធូរស្រាល និងសេដ្ឋកិច្ចពិភពលោកមានភាពច្បាស់លាស់ឡើងវិញ។
បើតាមលោក ឌីម៉ង់ ក្រុមហ៊ុន/សហគ្រាសកំពុងវិនិយោគនៅក្នុង SSEZ មានភាគច្រើនមកពីប្រទេសចិន ថៃ និងកូរ៉េ និងមានរោងចក្រផលិតផលមួយចំនួនដូចជា គ្រឿងបរិក្ខារអគ្គិសនី សម្លៀកបំពាក់ គ្រឿងសង្ហារិម និងបរិក្ខារធ្វើដំណើរ ជាដើម។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ ការនាំចូល-នាំចេញរបស់កម្ពុជាមានទឹកប្រាក់សរុប ៤៤ ៥៦៥,២៩ លានដុល្លារកើន ១៤,៩ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ក្នុងនោះការនាំចូលចំនួន ២៥ ៨១៧,៧២ លានដុល្លារ កើន ១២ ភាគរយ និងការនាំចេញ ១៨ ៧៤៧,៥៦ លានដុល្លារ កើន ១៩,២ ភាគរយ៕