ភ្នំពេញៈ ថាមពលពីពន្លឺព្រះអាទិត្យ (PV) ចំនួន ៦០ មេហ្គាវ៉ាត់ (MW) ក្នុងចំណោម ១០០ មេហ្គាវ៉ាត់ដែលបានមកពីកិច្ចសហការរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយអគ្គិសនីកម្ពុជា (EDC) ត្រូវបានប្រកាសតភ្ជាប់ចូលក្នុងបណ្តាញអគ្គិសនីជាតិជាផ្លូវការហើយ។
លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យខាងលើ និងបានចុចកុងតាក់ ដើម្បីចាប់ផ្តើមបញ្ជូនថាមពលនេះទៅក្នុងបណ្តាញជាតិកាលពីថ្ងៃទី ១១ ខែវិច្ឆិកា បានលើកឡើងថា ការផលិតថាមពលពន្លឺព្រះអាទិត្យត្រូវតែជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រីកលទ្ធភាពទទួលបានថាមពល ដែលមានតម្លៃសមរម្យ និងការផ្លាស់ប្តូរទៅកាន់ថាមពលស្អាតជាងមុន។
លោកថ្លែងថា៖ «ADB មានសេចក្តីសោមនស្សរីករាយដែលបានគាំទ្រដល់ការបង្កើតឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដែលជាគម្រោងដ៏សំខាន់មួយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អាស៊ីអាគ្នេយ៍»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យនោះបានបង្ហាញពីសក្តានុពលក្នុងការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំ ដោយប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា តាមរយៈការប្រមូលធនធានពីវិស័យសាធារណៈផង និងឯកជនផង។ គម្រោងនេះត្រូវបានដេញថ្លៃ ដោយប្រកួតប្រជែងជាលក្ខណៈអន្តរជាតិទៅឱ្យវិស័យឯកជនជា ២ ដំណាក់កាល គឺ ៦០ មេហ្គាវ៉ាត់ និង ៤០ មេហ្គាវ៉ាត់។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ដំណាក់កាលទី ១ នៃការដេញថ្លៃ (៦0 មេហ្គាវ៉ាត់) ត្រូវបានរៀបចំនៅក្នុងឆ្នាំ ២០១៩ និងបានទៅក្រុមហ៊ុន Prime Road Alternative។ ដំណើរការនេះមានតម្លៃទាបបំផុតក្នុងចំណោមការតភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យនៅអាស៊ីអាគ្នេយ៍ គឺមានតម្លៃ ០,០៣៩ ដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង (kWh)។ ចំណែកការផលិតថាមពលអគ្គិសនី ៤០ មេហ្គាវ៉ាត់ ទៀតត្រូវបានដេញថ្លៃនៅឆ្នាំ ២០២២ និងបានទៅក្រុមហ៊ុន Trina Solar Co., Ltd។ ដំណើរការនេះមានតម្លៃលទ្ធកម្មកាន់តែទាប គឺ ០,០២៦ ដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង។
អគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បាននិយាយថា ADB គឺជាតួអង្គដំបូងមួយដែលជួយកម្ពុជាក្នុងការបង្កើនលទ្ធភាពប្រើប្រាស់បណ្តាញអគ្គិសនីនៅតាមផ្ទះពី ១៧ ភាគរយ ក្នុងឆ្នាំ ២០០៨ ដល់ជិត ៩០ ភាគរយក្នុងឆ្នាំ ២០២១ ហើយក៏បានជួយកាត់បន្ថយថ្លៃអគ្គិសនីទូទាំងប្រទេសដែរ។
លោកបានបន្តថា៖ «ADB គឺជាដៃគូអភិវឌ្ឍន៍ដំបូងគេរបស់កម្ពុជាដែលផ្តល់មូលនិធិដល់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យទំហំ ១០ មេហ្គាវ៉ាត់នាពេលកន្លងមក។ ឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យថ្មីនេះ ADB ស្ថិតនៅជាមួយកម្ពុជាម្តងទៀតក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសដល់ជាង ១០ ភាគរយនៃការផ្គត់ផ្គង់ថាមពលសរុប»។
យោងតាម ADB ជាមួយនឹងការបន្តគាំទ្ររបស់ ADB រួមទាំងការផ្តល់សេវាប្រឹក្សាប្រតិបត្តិការជាមួយ EDC ដើម្បីជួយអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ ប្រទេសកម្ពុជានឹងមានលក្ខខណ្ឌចាំបាច់សម្រាប់ការផ្លាស់ប្តូរទៅរកថាមពលកាន់តែស្អាត និងប្រកបដោយនិរន្តរភាព។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងកម្មវិធី «កិច្ចសន្ទនាស្តីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម» ដែលរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ កម្ពុជាមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីសរុបបាន ៤ ២៤៦ មេហ្គាវ៉ាត់ កើនឡើង ៦០,២២ ភាគរយពីចំនួន ២ ៦៥០ មេហ្គាវ៉ាត់កាលពីឆ្នាំ ២០១៨ ។ ក្នុងចំណោម ៤ ២៤៦ មេហ្គាវ៉ាត់នោះ គឺមានជាង ៥០ ភាគរយ មានប្រភពពីថាមពលស្អាត ឬកកើតឡើងវិញ៕