ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានធ្វើការផ្លាស់ប្តូរឈ្មោះទៅជា «សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC)» ក្នុងគោលបំណងដើម្បីពង្រីកវិសាលភាព និងលើកកម្ពស់ ការនាំចេញ និងការបង្កើតការងារក្នុងវិស័យនេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ការប្រកាសអំពីការផ្លាស់ប្តូរឈ្មោះឱ្យទៅជា TAFTAC ត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ប្រធាន TAFTAC លោក គង់ សាង បានថ្លែងក្នុងកម្មវិធីនោះថា បន្ទាប់ពីកម្ពុជាធ្វើសមាហរណកម្មចូលក្នុងតំបន់អាស៊ាននាឆ្នាំ ១៩៩៩ គឺក្នុងឆ្នាំ ២០០២ GMAC បានក្លាយជាសមាជិកសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន។ លុះមកដល់ឆ្នាំ ២០០៨ ការនាំចេញក្នុងវិស័យនេះបានឈានទៅដល់៣ពាន់លានដុល្លារ។
ពី ១ ឆ្នាំទៅ ១ ឆ្នាំ សមាគមបានបន្តធ្វើការងារដោយឥតនឿយហត់លើការកែលម្អសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ដោយផ្តោតលើចំណុចអាទិភាព រួមមានវិស័យការងារ ភ័ស្តុភារ ពន្ធដារ បរិស្ថាន និងចីរភាព។ នៅឆ្នាំ ២០១២ រោងចក្រសមាជិករបស់សមាគមបានកើនដល់ចំនួន ៤០០ រោងចក្រ។ សមាគមបន្តពង្រឹងសមត្ថភាពក្រុមលេខាធិការដ្ឋានរបស់សមាគម ដើម្បីបម្រើសមាជិកឱ្យបានល្អ និងទូលំទូលាយជាងមុន។ ក្នុងឆ្នាំ ២០១៤ ការនាំចេញរបស់ GMAC បានឈានដល់ ៦ ពាន់លានដុល្លារ។
លោកបន្តថា ក្នុងឆ្នាំ ២០១៥ រោងចក្រស្បែកជើងទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យចូលទៅជាសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្រោមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ ក្នុងឆ្នាំ ២០១៦ GMAC ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជោគជ័យក្នុងការឡបប៊ីសហរដ្ឋអាមេរិក ដើម្បីឱ្យមានការរួចពន្ធសម្រាប់ផលិតផលធ្វើដំណើរ និងកាបូបដែលផលិតក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីទទួលបានការអនុគ្រោះពាណិជ្ជកម្មនេះ សមាគមនឹងរាជរដ្ឋាភិបាលបានចាប់ផ្តើមធ្វើដំណើរទស្សនកិច្ចជំរុញការវិនិយោគទៅទីក្រុងហុងកុង ដើម្បីទាក់ទាញវិនិយោគិន និងអ្នកបញ្ជាទិញថ្មីៗ។ វាជាកត្តារួមចំណែកដល់ភាពរីកចម្រើនយ៉ាងលឿននៃវិស័យនេះ ដោយកើនឡើងដល់ប្រមាណ ១,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១»។
លោក ហ៊ុន មាណែត បានថ្លែងថា ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ១៩៩៦ សមាគមមួយនេះបានដំណើរការ ២៥ ឆ្នាំមកហើយ។ សមាគមនេះបានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើនដែលមានផលប៉ះពាល់ជាសក្តានុពលដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បានចាប់ផ្តើមពីចំនួនរោងចក្រ និងកម្មករនិយោជិតតិចតួចនៅពេលកម្ពុជាចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួន និងទទួលការវិនិយោគចាប់ពីឆ្នាំ ១៩៩៣ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតមក។ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២២ រោងចក្រដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណ ១ ៣១៣ រោងចក្រ កើនឡើង ១៦,៥ ភាគរយធៀបនឹង ៩ ខែដើមឆ្នាំ ២០២១។
លោកបានថ្លែងថា៖ «ការផ្លាស់ប្តូរឈ្មោះសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) ឱ្យទៅជាសមាគម វាយនភណ្ឌ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ហៅកាត់ថា (TAFTAC) នឹងពង្រីកវិសាលភាព និងគ្របដណ្តប់ឱ្យទូលំទូលាយបន្ថែមទៀតរបស់សមាគមទាំងមូលទៅលើវិស័យកាត់ដេរទាំងសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា»៕