ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank Cambodia) បានបញ្ចេញឥណទានក្នុងទឹកប្រាក់ប្រមាណ ៤១៨ លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ចំនួនជាង ៣ ១៨៥ ក្នុងការបន្តនិរន្តរភាពអាជីវកម្មឡើងវិញ និងពង្រីកអាជីវកម្ម បន្ទាប់ពីត្រូវរងនូវផលប៉ះពាល់ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ នារយៈពេលជាង ២ ឆ្នាំកន្លងមកនេះ។
ធនាគារ SMEs គឺជាធនាគារដែលផ្តួចផ្តើមដោយរដ្ឋាភិបាលត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២០ និងចាប់ផ្តើមផ្តល់ឥណទានដោយផ្ទាល់ និងតាមរយៈសហហិរញ្ញប្បទានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលបានចូលរួមចំនួន ៣៣។
លោក លឹម អូន អគ្គនាយកធនាគារ SME បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ២១ ខែវិច្ឆិកាថា ចាប់តាំងពីបង្កើតធនាគារ SME ក្នុងខែកុម្ភៈ ឆ្នាំ ២០២០ មក ខ្លួនបានចាប់ផ្តើមប្រតិបតិ្តការពេញលេញក្នុងខែតុលា ដោយធ្វើប្រតិបត្តិការឥណទានតាមរយៈគម្រោង ២ ធំៗ គឺ គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងសហហិរញ្ញប្បទានដែលសហការជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដៃគូផ្សេង (PFIs)។ តាមរយៈយន្តការ SMEs ខ្លួនបានផ្តល់ឥណទានដល់សហគ្រាសសរុបចំនួន ៣ ១៨៥ គិតត្រឹមដំណាច់ខែតុលា ដែលគិតជាទឹកប្រាក់គឺ ៤១៨ លានដុល្លារ។
សម្រាប់ PFIs ចំនួន ៣៣ ដែលចូលរួមសហការ គឺមាន ២២ ប៉ុណ្ណោះដែលបានបញ្ចេញឥណទានទៅឱ្យអតិថិជន។ នៅក្នុងទឹកប្រាក់ឥណទានសរុបទាំងអស់នេះ ការចូលរួមពី PFIs មានចំនួន ១៨៧ លានដុល្លារ។
លោកថ្លែងថា៖ «ការផ្តល់ឥណទានឱ្យដល់ SMEs គឺពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកជួយពួកគេ ដើម្បីផ្តល់នូវលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្មឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដោយមានអាជីវកម្មខ្លះបានបិទ និងផ្តល់ជូនពួកគាត់នូវការបន្តនិរន្តរភាព និងពង្រឹងនូវអាជីវកម្មបន្ថែមទៀត។ នេះជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលទៅដល់ SME ពិសេសគឺការគាំទ្រផ្នែកហិរញ្ញវត្ថុនេះតែម្តង»។
លោកបន្តថា ក្នុងចំណោមអតិថិជនទាំង ៣ ១៨៥ នេះ គឺមានភាគច្រើនជាប្រភេទអាជីវកម្មកែច្នៃ និងផលិតកម្ម និងអាជីវកម្មវិស័យផ្សេងៗទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា ធនាគារ SMEs នេះធ្វើសកម្មភាពបានល្អ។
លោកថ្លែងថា៖ «ធនាគារនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឥណទានដើម្បីជំរុញសកម្មភាពរបស់ SMEs នាពេលនេះ។ ប៉ុន្តែខ្ញុំយល់ឃើញថាទឹកប្រាក់នេះនៅមានកម្រិត ដោយសារតែវិស័យ SMEs យើងត្រូវការនូវទឹកប្រាក់ច្រើនណាស់ ជាពិសេសវិស័យកសិកម្មដែលកំពុងត្រូវការធនធានសម្រាប់ទិញកសិផលដូចជាស្រូវដើម្បីស្តុកទុក និងផលិតផលនានាសម្រាប់កែច្នៃនាំចេញ។ បើ SMEs មានលទ្ធភាពទទួលទុនបានកាន់តែច្រើនដូចជាកម្ចីដែលមានអត្រាការប្រាក់ទាបគឺរឹតតែប្រសើរ»។
លោក គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា ជាមួយគំនិតផ្តួចផ្តើមនៃការបង្កើតធនាគារ SME ដោយរដ្ឋាភិបាលនេះ គឺបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កឱ្យរស់ឡើងវិញ និងបន្តនិរន្តរភាពរបស់ SMEs។
លោកថ្លែងថា៖ «ធនាគារនេះបានដើរតួនាទីសំខាន់ណាស់ ព្រោះមិនត្រឹមតែផ្តល់ទុនដល់ SMEs ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់បច្ចេកទេសតាមប្រភេទអាជីវកម្ម និងការវិភាគ និងការសិក្សាស៊ីជម្រៅសម្រាប់ជួយទៅដល់ SMEs។ យើងខ្ញុំយល់ឃើញថា នេះគឺជាប្រភពទុនមួយដ៏សំខាន់សម្រាប់ SMEs យើងកាន់តែរីកចម្រើនប្រសើរជាងមុន»។
យោងតាមលោក លឹម អូន ក្នុងចំណោមឥណទានដែលបានបញ្ចេញសរុបនោះ សម្រាប់គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញវិស័យទេសចរណ៍ដែលយើងបានដាក់ឱ្យអនុវត្តកាលពីខែកក្កដាមកនេះ ខ្លួនបានផ្តល់ឥណទានដល់សហគ្រាសនានានៅក្នុងវិស័យទេសចរណ៍ចំនួន ២៥១ អាជីវកម្មជាមួយនឹងទំហំទឹកប្រាក់ ៣៣,៧ លានដុល្លាររួចមកហើយ៕