ស្របពេលដែលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ការទិញលក់តាមប្រព័ន្ធអនឡាញ និងការទូទាត់ឌីជីថលកាន់តែមានភាពងាយស្រួល ក្រុមហ៊ុន Riich Me របស់សិង្ហបុរីបានសហការជាមួយក្រុមហ៊ុនក្នុងស្រុក អ៊ីផូស ហ្គោ ឌីជីថល បង្កើតនូវផ្សារអនឡាញមួយ មានឈ្មោះថា ផ្សារសកល e-Marketplace App ដែលជាបណ្តាញអាជីវកម្មអេកូឡូស៊ី (Business to System) ផ្សារភ្ជាប់រវាងអ្នកផ្គត់ផ្គង់ អ្នកនាំចូល អ្នកចែកចាយទំនិញបោះដុំ អ្នកលក់រាយ ទៅកាន់អតិថិជនប្រើប្រាស់ចុងក្រោយ ដែលអនុញ្ញាតឱ្យអ្នកផ្គត់ផ្គង់ និងអ្នកចែកចាយទំនិញរបស់ខ្លួនកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គឺជំរុញការលក់របស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា (SMEs)។
ផ្សារសកល e-Marketplace App ត្រូវបានដាក់ឱ្យដំណើការជាផ្លូវការ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ក្រោយពីបានដំណើការសាកល្បងអស់រយៈពេល ៦ ខែកន្លងមក។
លោក ឃើរី ឡេង នាយកប្រតិបត្តិក្រុមហ៊ុន រិច មី Riich Me បានថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ និងដំណើរការជាផ្លូវការផ្សារសកល (e-Marketplace) ថា ផ្សារសាកល ត្រូវបានដំណើរការអស់រយៈពេលប្រមាណ ៦ ខែរួចមកហើយ នៅលើគេហទំព័រផ្សារសកល ដែលបច្ចុប្បន្នមានម្ចាស់អាជីវកម្ម ប្រមាណជាង ៥ ០០០ អាជីវកម្មកំពុងប្រើប្រាស់ និងដាក់លក់ផលិតផលរបស់ខ្លួននៅលើបណ្តាញផ្សារសកល ដែលមានផលិតផលសរុបប្រមាណជាង ១ ម៉ឹន ៥ ពាន់មុខទំនិញ កំពុងដាក់លក់នៅលើផ្សារនេះ ដែលមានចរន្តទិញលក់ប្រមាណជិត ២០ លានដុល្លារសហរដ្ឋអាមេរិករួចមកហើយ។
លោក ឃើរី ឡេង បានមានប្រសាសន៍បន្តទៀតថា៖ «បច្ចុប្បន្ននេះ យើងកំពុងតែរស់នៅក្នុងសម័យកាលនៃការវិវឌ្ឍរបស់បច្ចេកវិទ្យា ហើយបច្ចេកវិទ្យាវាបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ការរស់នៅ ការសិក្សាអប់រំ និងការធ្វើអាជីវកម្មរបស់យើង ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មចាំបាច់ត្រូវរត់ឱ្យទាន់ការវិវឌ្ឍរបស់បច្ចេកវិទ្យា និងចេះប្រើបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្ម ដើម្បីថែរក្សានិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងមិនផ្លាស់ប្តូរទម្លាប់ចាស់ចោលទេ យើងមិនអាចឈរជើងលើទីផ្សារបានឡើយ ព្រោះពី១ថ្ងៃទៅ ១ ថ្ងៃ ស្ថានភាពក្នុងការប្រកួតប្រជែងអាជីវកម្មវាកាន់តែខ្ពស់ឡើង»។
លោកបន្តថា៖ «ពីមុន បងប្អូនអាចបារម្ភពីបញ្ហាស្មុគស្មាញនៃប្រព័ន្ធគ្រប់គ្រងអាជីវកម្មក៏ដូចជាប្រព័ន្ធ e-Commerce ប៉ុន្តែពេលនេះក្តីបារម្ភទាំងអស់ ត្រូវបានដោះស្រាយដោយក្រុមហ៊ុន Riich Me បានអភិវឌ្ឍបច្ចេកវិទ្យាគ្រប់គ្រងអាជីវកម្ម និងជំរុញការលក់ ដែលមានលក្ខណៈសាមញ្ញ ងាយស្រួល សម្រាប់គ្រប់បណ្តាអាជីវកម្ម; MSMEs ផ្ដល់លទ្ធភាពឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ពីអាជីវកម្មបែបប្រពៃណី ឱ្យទៅជាអាជីវកម្មស្តង់ដាឌីជីថល។ ដូច្នេះខ្ញុំសូមធ្វើការលើកទឹកចិត្តឱ្យ បងប្អូនធ្វើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជំរុញការលក់ និងថែរក្សានិរន្តរភាពអាជីវកម្មនៅក្នុងបរិបទបច្ចេកវិទ្យា និងការប្រកួតប្រជែងដូចសព្វថ្ងៃ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា»។
បើយោងតាមលោក ឃើរី ជាធម្មតាទីផ្សារខាងក្រៅ គេគិតតម្លៃជើងសាពី ១០% ទៅ ១៥% ពីការលក់ ដោយឡែក សម្រាប់ម្ចាស់អាជីវកម្មដែលដាក់លក់ផលិតផលនៅលើផ្សារសកលរបស់លោកគឺ មិនបានគិតកម្រៃជើងសាទេ ក្នុងន័យនេះ តម្លៃផលិតផលដែលដាក់លក់នៅលើផ្សារសកល គឺមានតម្លៃទាបជាងទីផ្សារខាងក្រៅ ពី ១០ ទៅ ១៥% រួចទៅហើយ ដោយយើងមិនទាន់បានគិតបញ្ចូលទាំងកម្មវិធីលក់បញ្ចុះតម្លៃ និងប្រូម៉ូសិនផ្សេងៗពីបណ្ដាម្ចាស់អាជីវកម្ម និងពីក្រុមហ៊ុនផ្ទាល់។
កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការផ្សារពាណិជ្ជកម្ម ខេមបូឌាត្រេដ (CambodiaTrade) ជាវេទិកាអនឡាញមួយក្នុងការជួយជំរុញការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងអន្តរជាតិ។ គិតត្រឹមពាក់កណ្តាលខែសីហា មានក្រុមហ៊ុនចំនួន ១៣៥ បានចុះឈ្មោះនៅផ្សារពាណិជ្ជកម្ម ខេមបូឌាត្រេដ បានតាំងបង្ហាញផលិតផលជាង ១ ២០០មុខ ដាក់លក់ទូទាំងពិភពលោក ចាប់តាំងពីកម្មវិធីនេះបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមីនាមក៕