ភ្នំពេញៈ ផ្នែកឯកជនរំពឹងថា ការវិនិយោគលើការដាំដុះ បង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់គ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកើនឡើងច្រើននៅពេលគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃជាច្រើនលក់នៅលើទីផ្សារប្រទេសវៀតណាម។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២ បានប្រកាសបញ្ចប់ដំណាក់កាលនៃកិច្ចប្រជុំអន្តរក្រសួងបន្ទាប់ពីបានឆ្លងកាត់ការប្រជុំអន្តរក្រសួងចំនួន ៣ លើករួចមក ដោយជំហានបន្ទាប់នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា គឺមានការចូលរួមពីលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាច្រើនទៀត។
លោក រាជ រ៉ា កន្លងមកធ្លាប់លើកឡើងថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី បានឆ្លងកាត់កិច្ចប្រជុំជាច្រើនដូចជា កិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម អន្តរក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធដូចជា សមាគមអ្នកនាំចេញ និងអ្នកដាំដុះ ជាដើម ដើម្បីបំពេញបន្ថែមនូវធាតុចូលថ្មីៗ និងកែសម្រួលរាល់ចំណុចខ្វះខាត។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៧ ខែវិច្ឆិកាថា គោលដៅនៃការរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទីគឺដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ឱ្យបញ្ចេញទុនមកវិនិយោគលើផលិតកម្មស្វាយចន្ទីឱ្យបានកាន់តែច្រើន ខណៈកន្លងមកវិស័យនេះហាក់ត្រូវគេព្រងើយកន្តើយមិនសូវយកចិត្តទុកដាក់ឡើយ បើទោះបីក្នុង ១ ឆ្នាំៗកម្ពុជាទទួលបានប្រាក់យ៉ាងច្រើនចូលក្នុងចរន្តសេដ្ឋកិច្ចជាតិក៏ដោយ។
លោកបន្តថា នៅពេលគោលនយោបាយជាតិស្វាយចន្ទីចូលជាធរមាន វានឹងជួយទាក់ទាញឱ្យមានការវិនិយោគកាន់តែច្រើន ព្រោះការវិនិយោគក្នុងវិស័យនេះនឹងទទួលបានភាពអនុគ្រោះមួយចំនួនដូចជា ពន្ធ ការបង្កើតកសិដ្ឋានប្រមូលផ្តុំការដាំដុះ និងកែច្នៃនាំចេញ ជាដើម។
លោកលើកឡើងថា៖ «នៅពេលគោលនយោបាយនេះត្រូវបានដាក់ឱ្យអនុវត្ត វានឹងជួយជ្រោមជ្រែងដល់កសិករក្នុងស្រុក តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្មផ្សេងៗ ហើយក៏អាចជួយឱ្យកសិករធ្វើការលក់ទៅកាន់រោងចក្រដោយផ្ទាល់ ដែលអាចទទួលបានប្រាក់កម្រៃលើសពីប្រាក់ដែលគាត់លក់ឱ្យឈ្មួញកណ្តាល»។
លោកបន្ថែមទៀតថា គ្រាប់ស្វាយចន្ទីផ្តល់ប្រាក់ចំណូលយ៉ាងច្រើនជារៀងរាល់ឆ្នាំ ដោយអាចមានលើសពីការនាំចេញស្រូវអង្ករទៀតផង។ លោកបញ្ជាក់ថា៖ «នេះជាវិស័យមួយដែលភាគីពាក់ព័ន្ធ និងរាជរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ឱ្យបានខ្លាំង ព្រោះវិស័យនេះប្រើប្រាស់ដីដាំដុះតិចប៉ុន្តែអាចរកចំណូលចូលជាតិបានច្រើន គឺលើសពីស្រូវអង្ករទៀត»។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ១០ ខែក្នុងឆ្នាំ ២០២២ ប្រទេសកម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅ (ស្រស់) ចំនួន ៤៦៩ ៥១៥,១៥ តោន ថយចុះ ៤៨,៥៩ ភាគរយ ក្នុងនោះនាំចេញទៅវៀតណាម ៤៦៧ ៣០១, ថៃ ២ ០៥០ តោន, ឥណ្ឌា ១៥០,១៦ តោន, ចិន ១៣,៥៨តោន, ជប៉ុន ០,១៤ តោន, និងហ្វីលីពីន ០,០៥ តោន។ ដោយឡែក ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន ៥៩៩,៩៣ តោន ថយចុះ ៥៨,៩៣ ភាគរយ ក្នុងនោះនាំទៅប្រទេសថៃ ២៦៤,៤៤ តោន, ចិន ២២៩,៨៤តោន, ជប៉ុន ៧៤,៤៣ តោន, កោះតៃវ៉ាន់ ២៥ តោន, កូរ៉េ ៧,១ តោន, និងប្រទេសស្វ៊ីស មានចំនួន ០,១២ តោន៕