យោងតាមច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីបានចែងថា វិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈឯករាជ្យនិងសេរី ដែលចូលរួមបម្រើវិស័យយុត្តិធម៌ ហើយមេធាវីមានតួនាទីស្នូលចំនួន ៤ គឺ៖ ១. តំណាងឱ្យកូនក្តី ២. ការពារឱ្យកូនក្តី ៣. ផ្តល់ប្រឹក្សាយោបល់ និង៤. តាក់តែងលិខិតស្នាមគតិយុត្តផ្សេងៗ។
តើហេតុអ្វីចាំបាច់ត្រូវមានមេធាវីនៅក្នុងវិស័យមូលបត្រ?
ការកកើតដំបូងរហូតដល់ពេលបច្ចុប្បន្ន ដែលគិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២២ នេះ មានក្រុមហ៊ុនចំនួន ៩ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅផ្សារមូលបត្រកម្ពុជា (ក្នុងនោះក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារគោលមានចំនួន ៧ និងទីផ្សារកំណើនមានចំនួន ២) និងក្រុមហ៊ុនចំនួន ៧ បានចុះបញ្ជីលក់មូលបត្របំណុល (ក្នុងនោះមានក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្របំណុលចំនួន ៣ បានដល់ឥណប្រតិទាន) ខណៈដែលក្រុមហ៊ុនមួយចំនួនទៀតក៏កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំបោះផ្សាយលក់មូលបត្រ ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដែលក្នុងនោះ រួមមាន ទាំងសញ្ញាបណ្ណបៃតងផងដែរ។
ដើម្បីឱ្យក្រុមហ៊ុនមួយអាចឈានជើងចូលទីផ្សារមូលបត្របាន ចាំបាច់ត្រូវមានការជួយជ្រោមជ្រែងពីក្រុម ការងារមួយ ដែលមានឈ្មោះថា «ក្រុមការងាររៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើក ដំបូង ឬ IPO Team» ដែលក្នុងនោះរួមមាន៖ ក្រុមហ៊ុនធានាទិញមូលបត្រ, ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ និងក្រុមហ៊ុនផ្តល់សេវាសវនកម្ម។ ពាក់ព័ន្ធនឹងការបំពេញកាតព្វកិច្ចតាមច្បាប់របស់ក្រុមហ៊ុន គឺជាការងារស្នូលរបស់មេធាវី ដែលរួមមាន៖ តួនាទីផ្ដល់ប្រឹក្សាយោបល់ផ្នែកច្បាប់, ពិនិត្យ មើលលើអនុលោមភាពតាមច្បាប់ និងរៀបចំឯកសារពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវច្បាប់របស់ក្រុមហ៊ុនដែល មានបំណងក្នុងការបោះផ្សាយលក់មូលបត្រ។
បន្ថែមពីនេះ មេធាវីក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការក្រោយពេលបោះផ្សាយលក់មូលបត្រផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏ឃើញថាមេធាវីបានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់សេវាផ្នែកច្បាប់ដល់តួអង្គផ្សេងៗទៀតដូចជា៖ ក្រុមហ៊ុនធានាទិញមូលបត្រឈ្មួញជើងសាមូលបត្រ, ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ, ក្រុមហ៊ុនទីប្រឹក្សាវិនិយោគ, ក្រុមហ៊ុនសមភាគីកណ្ដាល,ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ, ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស, ភ្នាក់ងារបញ្ជិកាមូលបត្រ, ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ, ភ្នាក់ងារទូទាត់,ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល,ភ្នាក់ងារវាយតម្លៃលទ្ធភាពសង, ភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ, ក្រុមហ៊ុនផ្ដល់សេវាវាយតម្លៃក្នុងវិស័យមូលបត្រ និងក្រុមហ៊ុនផ្ដល់សេវាសវនកម្ម។
មកដល់ពេលនេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានផ្តល់ការទទួលស្គាល់ដល់ការិយាល័យមេធាវីចំនួន ១៥ និងមេធាវីដែលមានគុណវុឌ្ឍិចំនួន ៣១ រូប ដើម្បីផ្តល់សេវាផ្នែកច្បាប់នៅក្នុងវិស័យមូលបត្រ។ ការផ្ដល់ការទទួលស្គាល់នេះ គឺធ្វើឡើងក្នុងគោលដៅដើម្បីអនុញ្ញាតឱ្យការិយាល័យមេធាវី និងមេធាវីដែលមានគុណវុឌ្ឍិចូលរួមក្នុងនីតិវិធីនៃការបោះផ្សាយលក់មូលបត្រ តាមការជ្រើសរើសរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និងផ្ដល់ភាពងាយស្រួលសម្រាប់បុគ្គលផ្សេងទៀតដែលធ្វើធុរកិច្ចក្នុងវិស័យមូលបត្រ ដោយអាចជ្រើសរើសការិយាល័យមេធាវី និងមេធាវី ដើម្បីផ្ដល់សេវាផ្នែកច្បាប់។
តើមេធាវីដើរតួសំខាន់នៅក្នុងដំណាក់កាលណាខ្លះនៅក្នុងដំណើរការនៃការបោះផ្សាយលក់មូលបត្រ?
ដូចដែលបានរៀបរាប់ខាងលើ មេធាវីចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងវិស័យមូលបត្រគិតចាប់ពីការបោះផ្សាយលក់មូលបត្រលើកដំបូង រហូតដល់ក្រោយការបោះផ្សាយលក់មូលបត្ររបស់ក្រុមហ៊ុន។ ដើម្បីឱ្យយល់កាន់តែច្បាស់អំពីតួនាទីរបស់មេធាវី យើងនឹងធ្វើការចែកតួនាទីមេធាវីជា ២ ដំណាក់កាលដូចខាងក្រោម៖
១.ដំណាក់កាលទីផ្សារដំបូង (IPO)៖ នៅពេលក្រុមហ៊ុនមានបំណងធ្វើការបោះផ្សាយលក់មូលបត្រ ក្រុមហ៊ុននឹងធ្វើការជ្រើសរើស មេធាវីដែលមានគុណវុឌ្ឍិ និងមានការទទួលស្គាល់ពី ន.ម.ក.ដើម្បីផ្ដល់ការប្រឹក្សាយោបល់លើការបំពេញកាតព្វកិច្ចតាមច្បាប់ ព្រមទាំងរៀបចំរបាយការណ៍បំពេញកាតព្វកិច្ចតាមច្បាប់។
គួរបញ្ជាក់ផងដែរថា របាយការណ៍បំពេញកាតព្វកិច្ចតាមច្បាប់ដែលរៀបចំដោយមេធាវី គឺជារបាយការណ៍មួយដ៏សំខាន់ដែលបញ្ជាក់ថា ក្រុមហ៊ុនដែលមានបំណងក្នុងការបោះផ្សាយលក់មូលបត្រពិតជាបានបំពេញលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ស្របតាមបទប្បញ្ញត្តិជាធរមាន ដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់ក្រុមហ៊ុននោះ។ បន្ថែមពីនេះ មេធាវីក៏មានតួនាទីជួយដល់ក្រុមហ៊ុន ក្នុងការរៀបចំឯកសារផ្លូវច្បាប់ផ្សេងៗរួមមាន៖ លក្ខន្តិកៈក្រុមហ៊ុន, កិច្ចព្រមព្រៀង, គោលនយោបាយ, ក្រមសីលធម៌ និងបទប្បញ្ញត្តិរបស់ក្រុមហ៊ុនជាដើម។
២.ដំណាក់កាលក្រោយបោះផ្សាយ៖ ក្រោយពេលដែលក្រុមហ៊ុនធ្វើការបោះផ្សាយ មេធាវីក៏នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការពិគ្រោះយោបល់ និងតាក់តែងឯកសារផ្លូវច្បាប់ផ្សេងៗ ដែលជាតម្រូវការរបស់ក្រុមហ៊ុន។ បន្ថែមពីនេះទៅទៀត ក្នុងករណីដែលក្រុមហ៊ុនមានវិវាទ ឬជម្លោះដែលត្រូវដោះស្រាយនៅ ចំពោះមុខច្បាប់ មេធាវីដើរតួនាទីជាអ្នកតំណាងឱ្យអតិថិជន ឬកូនក្ដី របស់ខ្លួនទាំងតាមផ្លូវតុលាការ និងក្រៅផ្លូវតុលាការ។ នៅក្រៅផ្លូវតុលាការ មេធាវីអាចតំណាងឱ្យក្រុមហ៊ុនក្នុងការដោះស្រាយជាមួយ ន.ម.ក.ដើរតួនាទីជាអាជ្ញាកណ្ដាល និងធ្វើជាអភិបាលបណ្ដោះអាសន្នជាដើម។
គួរបញ្ជាក់ផងដែរថា មេធាវី គឺជាអ្នកការពារឱ្យក្រុមហ៊ុនដែលខ្លួនតំណាង តាំងពីដំណាក់កាលស៊ើបអង្កេតដោយមន្ត្រី ន.ម.ក.។យ៉ាងណាមិញ ដើម្បីធានាឱ្យបាននូវទំនុកចិត្តសម្រាប់ក្រុមហ៊ុនដែលជាអតិថិជន មេធាវីត្រូវមានកាតព្វកិច្ចក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិដែលបានកំណត់ជាធរមាន ត្រូវរក្សាការសម្ងាត់ពាក់ព័ន្ធនឹងវិស័យមូលបត្រ ព្រមទាំងត្រូវទទួលខុសត្រូវចំពោះអតិថិជនរបស់ខ្លួននៅពេលដែលមានកំហុសឆ្គងវិជ្ជាជីវៈ។
សាធារណជនអាចស្វែងរកឈ្មោះក្រុមហ៊ុន/ការិយាល័យមេធាវី ដែលទទួលបានការទទួលស្គាល់ពី ន.ម.ក. តាមរយៈគេហទំព័ររបស់ ន.ម.ក. ឬ តាមរយៈ QR Code ដូចមានភ្ជាប់មកជាមួយ៕
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ
អ៊ីមែល៖ issuance@serc.gov.kh
ទូរស័ព្ទ៖ ០២៣ ៨៨៥ ៦១១