ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិមកដាក់ពាក្យធ្វើការរុករករ៉ែលើផ្ទៃដី ១៥៥ ហិកតានៅស្រុកឈូក ខេត្តកំពត ខណៈមន្ត្រីអះអាងថា តំបន់ដែលត្រូវអភិវឌ្ឍនេះមានសក្តានុពលលើការវិនិយោគផលិតស៊ីម៉ងត៍។
បើតាមការចេញផ្សាយរបស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ក្រសួងសូមជូនដំណឹងដល់សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ចំពោះការបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ការទទួលបានអាជ្ញាប័ណ្ណស្វែងរុករក ចំពោះតំបន់ភ្នំទ្វារប្រាំបី និងភ្នំជ្រោះកណ្តោល ក្នុងស្រុកឈូក ខេត្តកំពត។
ក្រសួងលើកឡើងថា៖ «សាធារណជន បណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលចាប់អារម្មណ៍សូមស្នើសុំពាក្យសុំអាជ្ញាប័ណ្ណស្វែងរុករកនៅនាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ចាប់ពីពេលជូនដំណឹងនេះតទៅ»។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៨ ខែវិច្ឆិកា ថា តំបន់ដែលក្រសួងប្រកាសឱ្យសាធារណជនដាក់ពាក្យស្នើសុំស្វែងរុករករ៉ែនោះ គឺមានសក្តានុពលអាចធ្វើអាជីវកម្មផលិតស៊ីម៉ងត៍បាន។ នេះជាឱកាសសម្រាប់វិស័យឯកជនដែលចាប់អារម្មណ៍។
លោកថ្លែងថា៖ «យើងស្វាគមន៍សាធារណជន ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកទាំងអស់ដែលមានចំណាប់អារម្មណ៍ គឺពួកគាត់អាចដាក់ពាក្យស្នើសុំស្វែងរុករកបាន ដែលយើងផ្តល់ជូនគាត់រយៈពេល ៣ ឆ្នាំម្តង ដូច្នេះបើការសិក្សាមានលទ្ធផលល្អ ពួកគេអាចដាក់ពាក្យស្នើសុំវិនិយោគបាន»។
យោងតាមលោក ឌីប៉ូឡា បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន ៥ គឺ ១ នៅខេត្តបាត់ដំបង និង ៤ ទៀតនៅខេត្តកំពត ដែលមានសមត្ថភាពផលិតបានប្រមាណ ៩ លានតោនក្នុង ១ ឆ្នាំ នៃតម្រូវការក្នុងស្រុកសរុបចំនួន ១២ លានតោន៕