ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងវិនិយោគដែលមានទឹកប្រាក់ប្រមាណ ១៦៤,៤ លានដុល្លារអាមេរិកឱ្យ ក្រុមហ៊ុន MARITIME CITY CO., LTD ដើម្បីសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ ៥ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តនៅខេត្តព្រះសីហនុ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញសេចក្តីសម្រេចដល់ក្រុមហ៊ុន MARITIME CITY CO., LTD ដើម្បីសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ ៥ ចំនួន ៥៨២ បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ២ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១ ៤៥៥ កន្លែង។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ ខែវិច្ឆិកាថា គម្រោងវិនិយោគដែលមានទឹកប្រាក់ច្រើនលានដុល្លារនេះគឺឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនមកលើសក្តានុពលរបស់ខេត្ត ដែលមិនគ្រាន់តែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងអាជីវកម្ម និងពាណិជ្ជកម្មផងដែរ។
លោបានថ្លែងថា៖ «យើងខ្ញុំស្វាគមន៍ចំពោះគម្រោងវិនិយោគ និងការធ្វើអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ ៥ នៅក្នុងខេត្តព្រះសីហនុ។ ក្នុងនាមរដ្ឋបាលខេត្ត យើងសូមគាំទ្រចំពោះគម្រោងនេះ។ សម្រាប់គម្រោងនេះគឺជាសញ្ញាវិជ្ជមានរបស់ខេត្តក្រោយពីរដ្ឋាភិបាលលោកបានបើកឱ្យដំណើរការសង្គមសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ ១៩។ ជាមួយគ្នានេះដែរ យើងសូមស្វាគមន៍វិនិយោគិនសក្តានុពលទាំងអស់មកបោះទុនវិនិយោគក្នុងខេត្តរបស់យើងបន្តទៀតលើគ្រប់វិស័យ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ី បាស៊ីហ្វិក (PATA) បានលើកឡើង ថា ខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពលទេសចរណ៍មួយដែលទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ជំរុញការផ្សព្វផ្សាយ ការពង្រឹងសណ្តាប់ធ្នាប់ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ និងការកំណត់នូវតម្លៃសេវាដែលមានស្តង់ដាមួយ។
លោកបានថ្លែងថា៖ «រាល់ការវិនិយោគថ្មីជារឿងល្អសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលជារឿងសំខាន់ទៀតនោះ គឺការអនុវត្តឱ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ តម្លៃសេវាកម្ម និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឱ្យបានកាន់តែទូលំទូលាយ»។ «ខ្ញុំសង្កេតឃើញថានាពេលបច្ចុប្បន្ន នេះ ខេត្តព្រះសីហនុមានសណ្ឋាគារទំនើបៗច្រើនប៉ុន្តែចំនួនភ្ញៀវទេសចរនៅមិនទាន់ឆ្លើយតបនៅឡើយទេ ដូច្នេះយើងទាមទារឱ្យមានការផ្សព្វផ្សាយសំដៅធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់តែច្រើន»។ នេះបើយោងតាមលោក ស៊ីណាន។
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ថ្មីៗនេះ CDC ក៏បានអនុម័តគម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ ៥ នេះជារបស់ក្រុមហ៊ុន Huan Hai Bo Lai International Investment Co., Ltdផងដែរ។ សណ្ឋាគារថ្នាក់នេះមានទឹកប្រាក់វិនិយោគ ១៦៨ លានដុល្លារនិងមានបន្ទប់ចំនួន ៩៥៧ មានទីតាំងវិនិយោគនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងបង្កើតការងារបាន ៩៥៥ កន្លែង។
យោងតាមមន្ទីរទេសចរណ៍ខេត្តបច្ចុប្បន្នខេត្តនេះមានសណ្ឋាគារជាង ៨០ ដែលមានបន្ទប់ជាង ៩ ០០០ ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយ ៤ និងផ្កាយ ៥ ចំនួន ៨ ដែលមានបន្ទប់ប្រហែល ៥ ០០០៕