The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - GDT ដាក់​ឱសានវាទ​ដល់​អ្នក​ជាប់​ពន្ធ​ត្រឹម​ដំណាច់​ឆ្នាំនេះ​

GDT ដាក់​ឱសានវាទ​ដល់​អ្នក​ជាប់​ពន្ធ​ត្រឹម​ដំណាច់​ឆ្នាំនេះ​

Content image - Phnom Penh Post
លោក​ គង់ វិបុល អគ្គនាយកអគ្គនាយកដ្ឋាន​ពន្ធដា​រ ថ្លែងកាលពីខែតុលា ឆ្នាំ ២០២១។ ហេង ជីវ័ន

GDT ដាក់​ឱសានវាទ​ដល់​អ្នក​ជាប់​ពន្ធ​ត្រឹម​ដំណាច់​ឆ្នាំនេះ​

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT) បានដាក់​ឱសានវាទ​ដល់​ម្ចាស់​ក្រុមហ៊ុន សហគ្រាស​ទាំងអស់​ដែល​ជំពាក់​បំណុល​ពន្ធ​ចូលខ្លួន​មក​ដោះស្រាយបាន​ត្រឹម​ដំណាច់ឆ្នាំ​ ២០២២​ នេះ​។ ម្ចាស់​សហ​គ្រាស​ទាំងឡាយណា​ដែល​ខកខាន​មិន​ចូលមក​ដោះ​ស្រាយ​ទូទាត់​បំណុល​ពន្ធ​នឹង​ប្រឈម​នឹង​ការបិទ​អាជីវកម្ម ឬ​វិធាន​រដ្ឋបាល​ផ្សេងៗ​។​

​យោងតាម​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា GDT បាន​លើកឡើងថា កន្លងមកអគ្គនាយដ្ឋាន​ពន្ធដារ បាន​សង្កេតឃើញថា សហគ្រាស ភាគច្រើន​បាន​ចូលខ្លួន​មក​ទូ​​ទាត់​បំណុល​ពន្ធ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប៉ុន្តែ​នៅមាន​សហគ្រាស​មួយចំនួនទៀត​មិនបាន​ចូលខ្លួន​មក​ទូទាត់​បំណុល​ពន្ធ​របស់ខ្លួន​នៅឡើយ​ទេ ទោះបីជា​ GDT បានចេញ​លិខិត​ដល់​សហគ្រាស​ទាំង​នោះ​ជាច្រើនលើក​ច្រើនសា​ឱ្យមកធ្វើ​ការទូទាត់​បំណុល​ក៏ដោយ​។​

​បើ​យោងតាម​ច្បាប់​ស្តីពី​សារពើពន្ធ​រដ្ឋបាល​សារពើពន្ធ​មាន​សិទ្ធិ​ក្នុងការ​អនុវត្ត​វិធាន​​ការ​តឹង​ទារបំណុល​ពន្ធ ចំពោះ​អ្នក​ជាប់បំណុល​ពន្ធ គឺ​ GDT មាន​សិទ្ធិ​ធ្វើការ​ព្យួរ​ទុកជា​បណ្តោះអាសន្ន​នូវ​វិ​ញ្ញាប​ន​ប​ត្រ​អាករ​លើ​តម្លៃបន្ថែម​របស់​សហគ្រាស​ដោយ​មិន​អនុ​​ញ្ញាត​ឱ្យ​ស្នើសុំ​បង្វិល​សង​អាករ ឬ​ប្រើប្រាស់​ឥណទាន​អាករ​បានឡើយ ការឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​ការស្នើសុំ​បង់ពន្ធ​ប្រថាប់​លើ​ការផ្ទេរ កម្មសិទ្ធិ​អចលនទ្រព្យ​។​

​ជាមួយគ្នានេះដែរ GDT នឹងធ្វើ​ការ​សហការ​ជាមួយ​អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​បញ្ឈប់​ប្រតិបត្តិ​ការនាំចេញ​នាំចូល​; សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បញ្ឈប់ ឬ​ផ្អាក​ដំណើរការ​សហគ្រាស​ជា​បណ្តោះ​​អាសន្ន​; សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ឃាត់ទុក​ការចុះបញ្ជី​ក្រុមហ៊ុន​ថ្មី ឬ​/​និង ការផ្ទេរ​ភាគហ៊ុន ជាដើម​។​

GDT បាន​ថ្លែង​អះអាងថា​៖ «​ដូច្នេះ​ដើម្បី​ចៀសវាង​នូវ​ផលវិបាក​ដែល​កើត​ឡើងជា​យថាហេតុ ចំពោះ​ការអនុវត្ត​វិធានការ​តឹង​ទារបំណុល​ពន្ធ​នេះ សូម​លោក​​លោកស្រី​នាយិកា​សហគ្រាស​ដែល​ជំពាក់​បំណុល​ពន្ធ​ទាំងអស់ មក​ធ្វើការ​ទូទាត់​បំណុល​ពន្ធ ឬ​ចូលខ្លួន​មក​ដោះស្រាយ​បំណុល​ពន្ធ នៅ​នា​យក​ដ្ឋា​ន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ ឬ​នៅ​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​តូច​និង​មធ្យម ឬ​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ដែលជា​អង្គភាព​គ្រប់គ្រង​សហគ្រាស យ៉ាងយូរ​ត្រឹម​ដំណាច់ឆ្នាំ​ ២០២២ ជា​កំហិត​»​។​

​លោក​ គង់ វិបុល អគ្គនាយក​ GDT បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​កាលពីដើម​​ខែវិច្ឆិកា​នេះ​ថា ស្ថាប័ន​របស់លោក​បាន​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​រដ្ឋ​បាល​សារពើពន្ធ និង​អភិវឌ្ឍ​មនុស្ស​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នក​ជាប់ពន្ធ​។

​លោក​បាន​ថ្លែងថា​៖ «​យើង​ធ្វើ​កំណែ​​ទម្រង់​ទំនើប​កម្មនេះ​ក្នុងន័យ​ធ្វើឱ្យ អ្នក​ជាប់ពន្ធ​ធ្វើការ​អនុលោមភាព ដោយ​ស្ម័គ្រចិត្ត​ផង និង​ឱ្យមាន​តម្លាភាព​ក្នុងការ​បង់ពន្ធ​ផង ធ្វើឱ្យ​អ្នក​ជាប់ពន្ធ​គាត់​ទុកចិត្ត​ថា ប្រាក់​ពន្ធ​នេះ​គឺ​ពិតជា​បង់ពន្ធ​ទៅ​រដ្ឋ​ពិតប្រាកដ​មែន​។ មួយ ទៀត​ដោយសារតែ​យើង​ធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ ​IT គ្រប់គ្រាន់​ទៅ អ្នក​ជាប់ពន្ធ​ក៏​ពិបាក​គេច​ដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍