សារព័ត៌មាន​រដ្ឋ​វៀតណាម​ផ្សាយ​ថា វៀតណាម​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជិត ៣​ លាន​នាក់ ក្នុង​រយៈពេល ១១ ខែ ឆ្នាំ ២០២២ នេះ។

ប្រភព​ដដែល​បាន​ស្រង់​ទិន្នន័យ​ពី​អគ្គ​នាយក​ដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម ដោយ​បាន​បង្ហាញថា រយៈពេល ១១ ​ខែ ដើម​ឆ្នាំ​ ២០២២ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​កម្សាន្ត ក្នុងប្រទេស​វៀតណាម មាន​ចំនួន​ប្រមាណ ២ ៩៥០ ០០០​ នាក់។ ទិន្នន័យ​នេះ​ច្រើន​ជាង ២១ ​ដង បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ ពៅល​គឺ​ពេល​ដែល​វៀតណាម​បិទ​ខ្ទប់ ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ទិន្នន័យ​ពី​ក្រសួង​ផែនការ​វៀតណាមបង្ហាញថា ភ្ញៀវទេសចរ​អន្តរជាតិ​ទៅលេង​វៀតណាម ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២២ មាន​ចំនួន​ជាង ៥៩០ ០០០ ​នាក់ ដែល​ចំនួន​នេះ​កើន​ជាង ២៣% បើ​ប្រៀបធៀប​នឹង​ខែ​តុលា ឆ្នាំ ២០២២។ តួលេខ​ទេសចរណ៍​ខែ​វិច្ឆិកា​ឆ្នាំនេះ ក៏​ច្រើនជាង​ប្រមាណ ៤០ ដង បើ​ប្រៀបធៀប​នឹង​ទិន្នន័យ​ទេសចរណ៍​ចូល​វៀតណាម នៅ​ខែ​វិច្ឆិកា កាលពី​ឆ្នាំ ២០១១។

អគ្គ​នាយក​ដ្ឋាន​ស្ថិតិ នៃ​ក្រសួង​ផែនការ និង​វិនិយោគ​វៀតណាម​បញ្ជាក់​ថា កំណើន​ទេសចរណ៍​នេះ ដោយសារ​វៀតណាម បាន​បើក​សកម្មភាព​ទេសចរណ៍ សេដ្ឋកិច្ច និង​បើក​ជើងហោះហើរ​អន្តរជាតិ​ឡើងវិញ៕