ភ្នំពេញៈ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែវិច្ឆិកាកន្លងមក បច្ចុប្បន្នមានក្រុមហ៊ុនឯកជនចំនួន ៤ បាននឹងកំពុងធ្វើការសិក្សាពីលទ្ធភាពក្នុងការវិនិយោគលើផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្អឯករបស់កម្ពុជា។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ២៩ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល បានលើកឡើងថា កត្តាស្ថិភាពនយោបាយ និងទំនុកចិត្តចំពោះដំណើរវិវឌ្ឍន៍ទៅមុខដ៏ល្អរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាទាក់ទាញបាននូវចំណាប់អារម្មណ៍អ្នកវិនិយោគឱ្យចូលមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។ ជាក់ស្តែងមានក្រុមហ៊ុនចំនួន ៤ បានស្នើមកក្រសួងសាធារណការ ដើម្បីធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ខណៈបច្ចុប្បន្នក្រសួងកំពុងចរចា ដើម្បីកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត នៃខេត្តស្វាយរៀង ដែលគ្រោងនឹងចំណាយថវិកាជិត ១ ៧០០ លានដុល្លារ។
លោកថ្លែងថា៖ «មានក្រុមហ៊ុនចំនួន ៤ បានស្នើសុំសិទ្ធិសិក្សាធ្វើផ្លូវល្បឿនលឿន ភ្នំពេញ ទៅសៀមរាប ប៉ុន្ដែលទ្ធផលនេះមិនទាន់ផ្ដល់ជូនមកក្រសួងនៅឡើយទេ។ ខ្ញុំជឿជាក់ថា ថ្ងៃមុខយើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញ ទៅសៀមរាបផងដែរ»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ៣០ ខែវិច្ឆិកាថា បើការសិក្សានោះទទួលជោគជ័យ ហើយដំណើរការសាងសង់អាចកើតឡើងឆាប់ៗ វានឹងចូលរួមចំណែកជំរុញវិស័យទេសចរណ៍កម្ពុជា ពិសេសខេត្តសៀមរាបឱ្យទទួលបានភ្ញៀវទេសចរកាន់តែច្រើន។ បច្ចុប្បន្នដោយសារការធ្វើដំណើរតាមផ្លូវជាតិពីភ្នំពេញ ទៅខេត្តសៀមរាប ត្រូវប្រើពេលប្រមាណ ៥ ម៉ោង ហេតុនេះវាបានធ្វើឱ្យភ្ញៀវមួយចំនួនដែលនៅភ្នំពេញ ចង់ទៅកម្សាន្តនៅខេត្តសៀមរាប ឬនៅសៀមរាបចង់មកភ្នំពេញមានការស្ទាក់ស្ទើរក្នុងការធ្វើដំណើរ ព្រោះមិនមានពេលគ្រប់គ្រាន់។ លោកស្រីបន្តថា បើផ្លូវល្បឿនលឿនកើតឡើង ភ្ញៀវនឹងចូលចិត្តធ្វើដំណើរតាមផ្លូវនោះ ព្រោះចំណេញពេល និងមានសុវត្ថិភាពជាងមុន។
លោកស្រីបញ្ជាក់ថា៖ «ប្រសិនបើមានផ្លូវល្អ ហើយជិតជាងមុន វានឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកទឹកចិត្ត ក៏ដូចជាផ្ដល់ទំនុកចិត្តឱ្យភ្ញៀវធ្វើដំណើរកម្សាន្តទៅទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន។ ក្នុងនាមជាប្រតិបត្តិករទេសចរណ៍ យើងពិតជាចង់ឃើញគម្រោងនេះឆាប់ចេញជារូបរាង»។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លោក ធួន ស៊ីណាន បានឱ្យដឹងថា បើផ្លូវល្បឿនលឿននេះលេចចេញជារូបរាងវានឹងចូលរួមចំណែកយ៉ាងច្រើនមហិមាដល់វិស័យទេសចរណ៍នៅកម្ពុជា ព្រោះនឹងធ្វើឱ្យខេត្តសៀមរាបក្លាយជាគោលដៅទេសចរណ៍កាន់តែពេញនិយមទាំងសម្រាប់ប្រជាជនខ្មែរ និងជនបរទេស។ វានឹងមានលក្ខណៈកាន់តែពិសេសបន្ថែមទៀត ប្រសិនបើគម្រោងកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត (ព្រំដែនវៀតណាម) និងផ្លូវ ១ ខ្សែថ្មីនេះកើតឡើងទាំង ២ ព្រោះនឹងជួយឱ្យមានលំហូរភ្ញៀវទេសចវៀតណាម និងជនបរទេសនៅវៀតណាម ចូលមកទស្សនាប្រាសាទអង្គរវត្តកាន់តែច្រើន។
លោកបញ្ជាក់ថា៖ «យើងពិតជាស្វាគមន៍ឱ្យមានផ្លូវល្បឿនលឿននេះកើតឡើង ព្រោះវានឹងរួមចំណែកបង្កើនសក្តានុពលយ៉ាងច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានប្រាប់ថា នៅពេលមានផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញទៅក្រុងសៀមរាបវានឹងផ្តល់នូវផលប្រយោជន៍ច្រើនសម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាម ព្រោះនឹងបង្កភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវដែលចង់ធ្វើដំណើរទៅគោលដៅទាំង ២ កាន់តែភាពងាយស្រួល និងឆាប់រហ័សជាងមុន។ លោកបន្តទៀតថា នៅពេលមានផ្លូវល្បឿនលឿន វាក៏នឹងជួយកាត់បន្ថយការកកស្ទះនៅតាមផ្លូវជាតិបានច្រើនផងដែរ។
លោកលើកឡើងថា៖ «ផ្លូវល្បឿនលឿននឹងចូលរួមចំណែកយ៉ាងច្រើនក្នុងជំរុញវិស័យទេសចរណ៍ឱ្យមានកំណើនកាន់តែខ្ពស់ ព្រោះភ្ញៀវអន្តរជាតិដែលធ្វើដំណើរតាមផ្លូវអាកាសមកចុះចតនៅភ្នំពេញ ឬសៀមរាប គឺអាចធ្វើដំណើរទៅគោលដៅទាំង ២ កាន់តែងាយស្រួល និងអាចតភ្ជាប់ទៅខេត្តព្រះសីហនុផងដែរ។
លោកប្រាប់ទៀតថា សម្រាប់វិស័យដឹកជញ្ជូនទំនិញក៏នឹងមានភាពងាយស្រួលជាងមុនផងដែរ៕
វីដេអូ៖