ភ្នំពេញៈក្រសួងពាណិជ្ជកម្មកម្ពុជាបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនលើការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាពាណិជ្ជកម្មនៅក្នុងស្រុក តាមរយៈផែនការសកម្មភាពកន្លងមក និងប្តេជ្ញាពង្រឹង វិស័យនេះបន្ថែមដែលជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង កម្មសិទ្ធិបញ្ញា លោកអ៊ុក ប្រជា កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាល កម្ពុជា ជាពិសេសក្រសួង និងស្ថាប័នពាក់ព័ន្ធជុំវិញការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។
លោក លើកឡើងថា ៖ «ការអភិវឌ្ឍកម្មសិទ្ធិបញ្ញាគឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅ ក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការងារកម្មសិទ្ធិបញ្ញានេះគឺជាកិច្ចការមួយដែលមានភាពប្រទាក់ក្រឡាដោយផ្ទាល់ផង និងដោយប្រយោលផង ជាមួយភាគីពាក់ព័ន្ធ ជាច្រើន ទាំងកម្រិតអន្តររដ្ឋាភិបាល កម្រិតអន្តរក្រសួង ជាពិសេសវិស័យឯកជន» ។
លោកគូសបញ្ជាក់ថា ក្នុងកិច្ចការលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញានេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាព ការងារកម្មសិទ្ធិបញ្ញា សម្រាប់ រយៈពេល ៣ ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព និងមានតុល្យភាព។
ក្រសួងក៏បានកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ព្រមទាំងការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធនានាផង។
កម្ពុជាក្នុងពេលបច្ចុប្បន្ន អាចត្រូវបានចាត់ទុកជាប្រទេសលំដាប់ទី ២ ក្នុងតំបន់អាស៊ាន ដែលមានរយៈ ពេលនៃការចុះបញ្ជីបានលឿនជាងគេ ដោយប្រើរយៈពេលនេះមកត្រឹមចន្លោះពី ៥ទៅ ៧ ខែ ក្នុងការ ចុះបញ្ជីម៉ាកសញ្ញា ដែលលឿនជាងមុនប្រមាណ ២ ខែ។
លោកបណ្ឌិតមាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម មើលឃើញថា ស្ថានភាពការ អនុវត្តច្បាប់លើ វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាហាក់នៅមានកម្រិតទាបខ្លាំងនៅឡើយ ខណៈការលួច ចម្លងស្នាដៃ ម៉ាកសញ្ញា ជាដើមមានការផុសផុលខ្លាំងនៅកម្ពុជា ហើយមិនមានចំណាត់ការ ធ្ងន់ធ្ងរណាមួយលើអ្នកប្រព្រឹត្តបទល្មើសនេះទាល់តែសោះ ខណៈកម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាដ៏សមរម្យនិងល្អទៅហើយ។
លោកបណ្ឌិតមាស នី មើលឃើញពីបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញានៅកម្ពុជា ដូច្នេះថា៖« វាជាការលំបាកដែរ សម្រាប់បរិបទស្រុកយើង ដែលពោរពេញទៅដោយអំពើពុករលួយ ដែលការអនុវត្តច្បាប់នៅមានស្តង់ដា ២ ដែលពិបាកទុកចិត្ត ដោយរកឃើញថាមានការរំលោភលើកម្មសិទ្ធិបញ្ញាដោយអ្នកមានអំណាច ក្រសួង មន្ទីរ អាជ្ញាធរពាក់ព័ន្ធមិនអាចមានចំណាត់ការបាន» ។
នៅក្នុងសម័យកាលបច្ចេកវិទ្យាឌីជីថល ដែលកំណើននៃការរំលោភកម្មសិទ្ធិបញ្ញានេះកាន់តែកើនឡើង។ លោកបណ្ឌិត មាស នី អំពាវនាវឱ្យមានការអនុវត្តច្បាប់និងយន្តការស្តីពីកម្មសិទ្ធិបញ្ញានេះឱ្យមានប្រសិទ្ធភាពខ្ពស់ បន្ថែមលើច្បាប់និងអនុសញ្ញានានាដែលមានស្រាប់ ដែលលោកសង្កត់ធ្ងន់ថា បើគ្រាន់តែមានការបង្កើតច្បាប់ច្រើនទៅៗ ប៉ុន្តែគ្មានការអនុវត្ត នោះបញ្ហានេះនឹងនៅតែចោទឡើងជាធម្មតា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកមេធាវី សុក សំអឿន យល់ថា ច្បាប់ស្តីពីវិស័យកម្មសិទ្ធិបញ្ញារបស់កម្ពុជាគឺមានភាពសមល្មមទៅតាមបរិបទសម័យកាលទៅហើយប៉ុន្តែនៅមានចន្លោះខ្វះខាតលើការអនុវត្តច្បាប់ទៅវិញទេ និងមួយវិញទៀតគឺភាពខ្វះចន្លោះនៃការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជនទូទៅបានយល់ដឹងពីទិដ្ឋភាពច្បាប់កម្មសិទ្ធិបញ្ញានានា។
លោកបានផ្តល់គំនិតដល់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគិតគូរប្រែសម្រួលមធ្យោបាយផ្សព្វផ្សាយទិដ្ឋភាពច្បាប់លើវិស័យកម្មសិទ្ធិបញ្ញានេះ ឱ្យបានទូលំទូលាយ និងជាពិសេសស្ថាប័នមានសមត្ថកិច្ចគួរជួយសម្រួលដល់ការដាក់ពាក្យស្នើសុំជុំវិញរបបកម្មសិទ្ធិបញ្ញានេះផងដែរ ដែលលោកមើលឃើញថាអាចកែប្រែ ដើម្បីលើកស្ទួយវិស័យនេះនៅក្នុងស្រុក ដើម្បីជាប្រយោជន៍ដល់អភិក្រមសេដ្ឋកិច្ចទីផ្សារ និងពាណិជ្ជកម្ម។
គួរជម្រាបជូនផងដែរថា យោងតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញាកម្ពុជា បច្ចុប្បន្ន កម្ពុជាមានច្បាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញាចំនួន ៤ សំខាន់ៗ រួមមាន ទី១ ច្បាប់សី្តពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលត្រូវបានប្រកាសឲ្យប្រើបា្រស់នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០០២ បានបញ្ជាក់ពីភារកិច្ចរបស់ក្រសួងពាណិជ្ជកម្មចំពោះម៉ាក ។ ទី ២ ច្បាប់សី្តពីប្រកាសនីយបត្រតក្កកម្ម ម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ត្រូវបានគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។ ច្បាប់នេះត្រូវបានប្រកាសឲ្យប្រើប្រាស់ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០០៣ ។ ទី៣ ច្បាប់សី្តពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល ដែលបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២ ០០៣ ត្រូវបានគ្រប់គ្រងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ការពារសិទិ្ធនេះ និងទី ៤ ច្បាប់សី្តពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ បានអនុម័តនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០០៨ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕