ភ្នំពេញៈ កម្ពុជា​ស្នើឱ្យ​ជប៉ុន​បើក​ជើងហោះហើរ​ត្រង់​ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ ANA ឡើងវិញ ក្រោយពី​ក្រុមហ៊ុន​មួយ​នេះ​បាន​ផ្អាក​ការហោះហើរ​ពី​ទីក្រុង​តូ​ក្យូ​មក​ទីក្រុង​ភ្នំពេញ​ចាប់តាំងពី​ការផ្ទុះ​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ មក​។​

​សំណើ​នេះ​ត្រូវបាន លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើកឡើង​ក្នុងជំនួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ជិត​ផុត​អាណត្តិ លោក Mikami Masahiro នាឱកាស​ដែល​លោក​ឯកអគ្គ​រាជទូត​ជម្រាបលា​នៅ​ទីស្ដីការក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា​។​

​លោក ថោង ខុន បាន​លើកឡើងថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍ ANA បាន​ផ្អាក​ជើងហោះ ហើរ​មកកាន់​ប្រទេស​កម្ពុជា​តាំងពី​អំឡុងពេល​នៃ​ការផ្ទុះ​ជំងឺ​​កូ​វីដ​ ១៩ ខ្លាំង​កាល​ចុងឆ្នាំ​ ២០១៩​។ ភ្ញៀវទេសចរ​ដែល​ទៅមក​ប្រទេស​ទាំង​ ២​ នឹង​បន្ត​កើនឡើង​ថែមទៀត បើសិន​មានការ​ហោះហើរ​ត្រង់​ឡើងវិញ​ក្រោយ​ប្រទេស​ទាំង​ ២ ​រួច​ផុតពី​វិបត្តិ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​ ១៩»​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា បច្ចុប្បន្ន​ជប៉ុន​បាន​បើក​ឡើងវិញ​នូវ​ការហោះ​ហើរ​ត្រង់​ជាមួយ​ប្រទេស​មួយចំនួន​ដូច​ជា​ប្រទេស​ថៃ វៀតណាម ជាដើម ដូច្នេះ​លោក​ចង់ឱ្យ​ជប៉ុន​បន្ត​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​វិស័យ​ដឹកជញ្ជូន​ជាមួយ​កម្ពុជា​ឡើងវិញ ដើម្បី​ជំរុញ​កំណើន​ទេសចរ​ទៅមក​រវាង​ប្រទេស​ទាំង​ ២​។​

​លោក Mikami Masahiro បាន​ឯកភាព និង​បាន​អះអាងថា ទោះបីជា​លោក​ចប់​អាណត្តិ​ជា​ឯកអគ្គរាជទូត​នៅ​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​លោក​នឹង​បន្ត​ខិតខំ​ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​តទៅ​មុខ​ទៀត ពិសេស​ពាក់ព័ន្ធ​នឹង​ការជំរុញ​ជើងហោះហើរ​ត្រង់​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA មកកាន់​កម្ពុជា​។​

​អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អា​កាស​ចរ​ស៊ីវិល​ (SSCA) លោក ស៊ិន​ ចាន់​សិរី​វុត្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា​ថា ស្ថាប័ន​របស់លោក​បាន​ធ្វើ​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​អាកាសចរណ៍ ANA ដែរ ប៉ុន្តែ​មិនទាន់បាន​ទទួលបាន​ដំណឹង​ណាមួយ​នៅឡើយ​ទេ​។​

​លោក​បាន​ថ្លែងថា​៖ «​ថ្នាក់ដឹកនាំ​នៃ​អាកាសចរ​ស៊ីវិល​កម្ពុជា​យើង​បាន​ជួប​ទាំង​អ្នកតំណាង​ក្រុមហ៊ុន ANA នៅក្នុង​ស្រុក និង​នៅ​ប្រទេស​ជប៉ុន​ប៉ុន្មាន​ដង​រួចមកហើយ​នាពេល​កន្លង​មកលើ​ការចាប់ផ្តើម​ហោះហើរ​មកវិញ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​នៅ​ជួប​បញ្ហា​រៀបចំ​យន្ត​ហោះ​ក្នុងការ​ដំណើរការ​ឡើងវិញ ដូច្នេះ​ក្នុងពេល​ឆាប់ៗ​នេះ គឺ​គេ​មិនទាន់​អាច​ហោះហើរ​ឡើងវិញ​បានទេ ប៉ុន្តែ​យើង​សង្ឃឹមថា ដើមរដូវ​ការហោះហើរ​លើក​ក្រោយ​គេ​នឹង​ពិចារណា​ការហោះហើរ​មក​យើង​ឡើងវិញ​»​។​

​យោងតាម​របាយការណ៍​ក្រសួង​ទេសចរណ៍ ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២២​ នេះ ប្រទេស​ជប៉ុន​ទទួលបាន​ភ្ញៀវទេសចរ​កម្ពុ​ជាជាង ៧ ០០០​ នាក់ ខណៈ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ប្រមាណ​ជាង​ ១៩ ០០០​ នាក់ ក្នុង​រយៈពេល​ដូចគ្នា​៕