ភ្នំពេញៈ កម្ពុជារំពឹងថានឹងជំរុញការនាំចេញអង្ករគ្រាប់វែង (Indica Rice) ទៅទីផ្សារអឺរ៉ុបកាន់តែច្រើនថែមទៀត បន្ទាប់ពីបានទទួលជ័យជម្នះលើបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប កាលពីឆ្នាំ ២០១៩ ដែលដកហូតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅសហភាពអឺរ៉ុប។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) សហភាពអឺរ៉ុបបានសម្រេចយកពន្ធអង្ករនាំចូលពីប្រទេសកម្ពុជាសម្រាប់រយៈពេល ៣ ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ ដោយក្នុងឆ្នាំដំបូង (២០១៩) តម្លៃពន្ធគឺមានចំនួន ១៧៥ អឺរ៉ូក្នុង ១ តោន, ឆ្នាំទី ២ តម្លៃ ១៥០ អឺរ៉ូ, និងឆ្នាំទី ៣ តម្លៃ ១២៥ អឺរ៉ូ។ ការសម្រេចយកពន្ធនេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុប។
សេចក្តីប្រកាសព័ត៌មានរបស់ CRF ចុះកាលបរិច្ឆេទកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាមានក្តីរីករាយដែលកម្ពុជាបានឈ្នះក្តីក្នុងសំណុំរឿងលេខ T-269/19 ដែលគណៈកម្មការអឺរ៉ុបបានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករពីកម្ពុជាទៅសហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ 2019/76 ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ (បទប្បញ្ញត្តិអនុវត្ត)។
សំណុំរឿងនេះត្រូវបានប្តឹងកាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌សម្រាប់ការនាំអង្ករកម្ពុជាទៅសហភាពអឺរ៉ុប ពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងទៀតថា សាលក្រមចុះថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុប បានបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភ័ស្តុតាងគ្រប់គ្រាន់។
CRF បញ្ជាក់ថា៖ «ជោគជ័យនៃការឈ្នះក្តីនេះជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
យោងតាម CRF សម្រាប់ព័ត៌មានស្តីពីសាលក្រមតុលាការ គេអាចស្វែងរកនៅលើគេហទំព័រ https://curia.europa.eu។
លោក ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ដែលជាក្រុមហ៊ុនបាននាំអង្ករផ្ការំដួលកម្ពុជាទៅចូលរួមប្រកួតវេទិកាអង្ករពិភពលោករៀបចំឡើងនៅក្រុងភូកេត ប្រទេសថៃ ហើយទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ» បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១ ខែធ្នូថា ការសម្រេចដកហូតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករគ្រាប់វែងពីសំណាក់គណៈកម្មការអឺរ៉ុបកាលពីឆ្នាំ ២០១៩ បានធ្វើឱ្យការនាំចេញអង្ករកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប ទទួលរងផលប៉ះពាល់ ៣ ឆ្នាំ ពិសេសប្រភេទអង្ករស។ ទោះយ៉ាងណាស្ថានភាពនេះមានល្អឡើងវិញហើយ។
លោកបញ្ជាក់ថា៖ «ការនាំចេញអង្ករកម្ពុជាបានល្អឡើងវិញចាប់តាំងពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ដោយការនាំចេញអង្ករពីកម្ពុជាទៅទីផ្សារអឺរ៉ុប បានរួចពន្ធនាំចូលឡើងវិញ ពិសេសអង្ករក្រអូប (ផ្កាម្លិះ) ដែលកំពុងមានសម្ទុះឡើងជាបន្តបន្ទាប់»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានឱ្យដឹងថា ទោះបីការសម្រេចដកហូតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករគ្រាប់វែងពីកម្ពុជាទៅទីផ្សារអឺរ៉ុបបានចប់ហើយក៏ដោយ ប៉ុន្តែសាលក្រមសម្រេចរបស់សាលាដំបូងនៃសហភាពអឺរ៉ុប គឺជួយឱ្យអង្ករកម្ពុជាកាន់តែមានកិត្តិនាមលើពិភពលោក។ លោកបន្តថា ភាពវិជ្ជមានទាំងនេះ នឹងធ្វើឱ្យទីផ្សារនាំចេញអង្ករកម្ពុជាមានទំហំកាន់តែធំបន្ថែមទៀត។
លោកលើកឡើងថា៖ «នេះជាសញ្ញាវិជ្ជមានថ្មីមួយទៀតរបស់វិស័យស្រូវអង្ករកម្ពុជា បន្ថែមពីលើកិត្តិនាមដែលកម្ពុជាទើបទទួលបានកាលពីខែវិច្ឆិកា ក្នុងវេទិកាអង្ករពិភពលោក នៅទីក្រុងភូកេត ប្រទេសថៃ»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា រយៈពេល ១០ ខែនៃឆ្នាំ ២០២២ កម្ពុជា បាននាំចេញអង្ករសរុប ៥០៩ ២៤៩ តោន កើនឡើង ៤៩០៨០ តោន ស្មើនឹង ១០,៦៧ ភាគរយ បើធៀបនឹងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានចំនួន ៤៦០ ១៦៩ តោន។
បរិមាណអង្ករដែលនាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុប (២៣ប្រទេស) មានចំនួន ១៦៥ ៦៣០ តោន កើនឡើង ៤៣,៤៣ ភាគរយ, ប្រទេសចិន ចំនួន ២៣១ ៨៧៣ តោន កើនឡើង ១,១៨ ភាគរយ, ទិសដៅអាស៊ានចំនួន ៤៨ ២៥៣ តោន កើនឡើង ១០,១៩ ភាគរយ, និងទិសដៅដទៃទៀត មានបរិមាណ ៦៣ ៤៩៣ តោន ថយចុះ ១១,៤៨ ភាគរយ៕