
ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត កាលពីខែមករា ឆ្នាំ ២០២២។ ហុង មិនា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា តាមការព្យាករក្នុងឆ្នាំ ២០២២ នេះខេត្តសៀមរាបនឹងអាចទទួលភ្ញៀវទេសចរសរុប ២,២៧ លាននាក់ កើនជាង ៣២៦ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះភ្ញៀវអន្តរជាតិនឹងមានចំណែកប្រមាណ ១០ ភាគរយ។
ក្នុងពិធីប្រារព្ធខួប ២០ ឆ្នាំរបស់សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល នៅខេត្តសៀមរាប កាលពីថ្ងៃទី ១ ខែធ្នូ លោក ថោង ខុន បានលើកឡើងថា ការគ្រប់គ្រងដោយប្រសិទ្ធភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ និងការបើកដំណើរការសេដ្ឋកិច្ច និងសង្គមបានឆាប់រហ័ស បានជួយឱ្យកម្ពុជាស្រូបបាននូវកំណើនភ្ញៀវទេសចរជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០២២ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ១ ៧៩២ ៥៤៩ នាក់ កើនឡើង ៨៨៦,៣៣៥ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ ក្នុងចំណោមនោះទេសចរជាតិ មាន ១ ៦២៣ ២០០ នាក់ កើន ៨៣០,៤៥ ភាគរយ និងទេសចរអន្តរជាតិ ១៦៩ ៣៤៩ នាក់ កើនឡើង ២ ២២៤,៣០ ភាគរយ។
លោកនិយាយថា៖« តាមការព្យាករសម្រាប់រយៈពេលពេញមួយឆ្នាំ ២០២២ នេះ ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាប នឹងឡើងដល់ជាង ២,២៧ លាននាក់ កើនឡើងជាង ៣២៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២១ ក្នុងនោះទេសចរជាតិអាចនឹងឡើងដល់ជាង ២ លាននាក់នៅក្នុងកំណើនជាង ២៩១ ភាគរយ ហើយទេសចរអន្តរជាតិនឹងឡើងដល់ជាង ២៣ ម៉ឺននាក់ក្នុងកំណើនជាង ១ ៧៦៣ ភាគរយ»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៤ ខែធ្នូថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសបើកទទួលភ្ញៀវអន្តរជាតិឱ្យចូលមកកម្ពុជាឡើងវិញ (ខែវិច្ឆិកា ឆ្នាំ ២០២១) គេឃើញចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរមកខេត្តសៀមរាបកើនឡើងជាលំដាប់ ដែលជួយឱ្យអ្នកនៅក្នុងសេវាកម្មនេះអាចរកកម្រៃបានវិញខ្លះៗហើយ។ លោកប្រាប់ទៀតថា សម្រាប់ភ្ញៀវអន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបនៅពេលនេះ គឺមានភាគច្រើនជាជនជាតិឥណ្ឌា អឺរ៉ុប និងប្រទេសមួយចំនួនក្នុងតំបន់ ខណៈភាគច្រើនជាភ្ញៀវចិន។
លោកថ្លែងថា៖ «ជាមួយនឹងកំណើនភ្ញៀវជាតិ និងអន្តរជាតិនៅពេលនេះខ្ញុំគិតថា ចំនួនភ្ញៀវក្នុងខេត្តសៀមរាបដែលក្រសួងព្យាករប្រាកដជាអាចសម្រេចបាន ពិសេសភ្ញៀវក្នុងស្រុក»។
បន្ថែមលើនេះ លោក ខៀវ ធី បញ្ជាក់ថា ដោយសារក្រុមហ៊ុន/ទីភ្នាក់ងារ និងបណ្តាមគ្គុទ្ទេសក៍ទេសចរណ៍ភាគច្រើនពឹងផ្អែកលើភ្ញៀវអន្តរជាតិ ដូច្នេះអ្វីដែលមាននៅពេលនេះគឺមិនទាន់អាចជួយឱ្យបណ្តាក្រុមហ៊ុន/ទីភ្នាក់ងារ និងបណ្តាមគ្គុទ្ទេសក៍ទេសចរណ៍ មានសកម្មភាពល្អឡើងវិញទេ ដោយទាមទារឱ្យមានការបន្តជួយគាំទ្របន្ថែមពីរដ្ឋាភិបាល។
លោកលើកឡើងថា៖ «ក្នុងនាមសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ ខ្ញុំសូមស្នើដល់រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ មេត្តាពិនិត្យលទ្ធភាពក្នុងការរក្សាតម្លៃអនុគ្រោះក្នុងសម័យកូវីដ ដល់បណ្តាមគ្គុទ្ទេសក៍ទេសចរណ៍ ដែលត្រូវដូរអាជ្ញាប័ណ្ណថ្មីរហូតដល់ឆ្នាំ ២០២៥ ដោយកុំទាន់យកតម្លៃពេញ ព្រោះមគ្គុទ្ទេសក៍ទាំងអស់ពុំទាន់មានការងារធ្វើគ្រប់ៗគ្នានៅឡើយទេ»។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា បច្ចុប្បន្នខេត្តសៀមរាប ទទួលបានជើងហោះដឹកភ្ញៀវទេសចរពីបរទេសចូលក្នុងខេត្តចន្លោះពី ១៥-១៦ ជើងក្នុង ១ ថ្ងៃ ដោយមានភ្ញៀវចាប់ពី ១ ៣០០ នាក់ទៅ ១ ៤០០ នាក់ក្នុង ១ ថ្ងៃ។ ចំណែកការធ្វើដំណើរតាមផ្លូវគោកចូលមកខេត្តសៀមរាប មាន ៦០០-៧០០ នាក់ក្នុង១ថ្ងៃ។
ទាក់ទងនឹងចំនួនជើងហោះហើរនេះ លោក ធី បានបញ្ជាក់ថា៖ «ដើម្បីឱ្យអ្នកក្នុងវិស័យទេសចរណ៍នៅខេត្ត សៀមរាបអាចឈរជើងបានរឹងមាំដូចមុន គឺយ៉ាងហោចក្នុង ១ ថ្ងៃត្រូវមានជើងហោះហើរដឹកភ្ញៀវប្រហែល ៣០ ជើង»៕