​ភ្នំពេញៈ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​កាលពីពេល​ថ្មីៗ​នេះ​ថា កម្ពុជា​ចម្រាញ់​រ៉ែ​មាស​បាន​ចំនួន ៤ ៨២៥ ​គីឡូក្រាម​ដោយ​ក្រុមហ៊ុន​ចំនួន​ ៤ ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ដ​ចំនួន ៣ ។​

​ការ​ថ្លែង​របស់លោក ស៊ុយ​ សែម បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ដោយ​លោក​លើកឡើងថា ចាប់តាំងពី​កម្ពុជា​ចាប់​​ផ្តើម​បើក​ដំណើរការ​អាជីវកម្ម​រ៉ែ​មាស នា​ខែមិថុនា ឆ្នាំ​ ២០២១ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​ទាំង ៤ ដែល​បានទទួល​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​រ៉ែ​មាស គឺ​បាន​ចម្រាញ់​រ៉ែ​មាស​ចំនួន ៤ ៨២៥​ គីឡូក្រាម​ហើយ ដោយមាន ៤ ទីតាំង​ផ្សេងគ្នា​ក្នុង​ខេត្ត​ចំនួន ៣ គឺ​ខេត្តព្រះវិហារ​, ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី​។​

​លោក​បន្ថែមថា ក្នុងចំណោម​រ៉ែ​មាស​ដែល​ផលិត​បាន​នោះ ក្រុមហ៊ុន Xing Yuan Kanng Yeak នៅ​ខេត្តក្រចេះ ចម្រាញ់​រ៉ែ​មាស បាន​ចំនួន ២២ ​គីឡូក្រាម ដែលជា​មាស​ទឹក ​១០ និង​លក់​ក្នុងប្រទេស​កម្ពុជា​, ក្រុមហ៊ុន Xinshan Industrial Cambodia ស្ថិតនៅ​ខេត្តព្រះវិហារ ចម្រាញ់​រ៉ែ​មាស បាន​ចំនួន ៤៥ ​គីឡូក្រាម​, ក្រុមហ៊ុន Delcom Kampuchea មាន​ទីតាំងនៅ​ខេត្តព្រះវិហារ ចម្រាញ់​រ៉ែ​មាស បាន ១៦០ ​គីឡូក្រាម និង​ក្រុម​​ហ៊ុន Renaissance Minerals នៅ​ខេត្តមណ្ឌលគិរី ចម្រាញ់​រ៉ែ​មាស បាន​ចំនួន ៤ ៥៩៨​ គីឡូក្រាម​។​

​លោក អ៊ឹ​ង ឌី​ប៉ូ​ឡា អគ្គ​នា​យក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​​រ៉ែ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៥ ខែវិច្ឆិកា​ថា បច្ចុប្បន្ន​រដ្ឋា​ភិ​បាល​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​មាស​ដល់​ក្រុមហ៊ុន​តែ ៤​ ខាងលើ​ប៉ុណ្ណេះ សម្រាប់​ក្រុមហ៊ុន​មួយចំនួនទៀត គឺ​ស្ថិតក្នុង​ដំ​ណាក់​កាល​សិក្សា​។​

​លោក​បន្តថា ទាក់ទង​ក្រុម​ហ៊ុន​ទាំង ៤ គឺ​មានតែ​ក្រុមហ៊ុន Renaissance មួយ​ប៉ុណ្ណោះ ដែល​ចម្រាញ់ ៩០​ ភាគរយ​ដើម្បី​ដឹកចេញទៅ​ក្រៅប្រទេស​ដើម្បី​បន្សុទ្ធ​ទៅជា ៩៩,៩៩​ ភាគរយ ឬ ខ្មែរ​ហៅថា មាស​ទឹក​ ១០​។ ក្រៅពីនោះ​សុទ្ធតែជា​ក្រុមហ៊ុន​ដែល​គាត់​ចម្រាញ់​មាស​សុទ្ធ គឺ​ ៩៩,៩៩ នៅក្នុង​ស្រុក​។​

​លោក​បញ្ជាក់ថា​៖ «​ខេត្ត​មាន​សក្តានុពល​រ៉ែ​មាស​នាពេលនេះ គឺ​ខេត្តព្រះវិហារ មណ្ឌលគិរី និង​ក្រចេះ ដែល​ចាប់ផ្តើម​ផលិត​។ រីឯ​នៅ​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា ត្បូងឃ្មុំ រតនគិរី និង​បាត់ដំបង គឺ​ស្ថិតក្នុង​ដំណាក់កាល​រុករក មិនទាន់​ឈានដល់​ការកសាង​រោងចក្រ​ធ្វើ​អាជីវកម្ម​ទេ អ៊ីចឹង​នៅពេល​សិក្សា​ចប់សព្វគ្រប់​ថា​អាចមាន​សក្តានុពល​គ្រប់គ្រាន់​ក្នុង​ការកសាង​រោងចក្រ​នោះបាន​យើង​ចាប់ផ្តើម​ចេញ​អាជ្ញា​​ប័ណ្ណ​អាជីវកម្ម​ជូន​»​។​

Renaissance Minerals (Cambodia)Ltd គឺជា​ក្រុម​ហ៊ុន​របស់​ប្រទេស​អូស្ដ្រាលី និង​ជា​ក្រុមហ៊ុន​ទី​ ១ អាច​ចាប់ផ្ដើម​ផលិត​មាស​ជា​លើកដំបូង នៅ​ប្រទេស​កម្ពុជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា ២០២១​។​

​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជា​រំពឹងថា ផលិត​​ផល​មាស​ជា​លក្ខណៈ​ឧស្សាហ​​កម្ម​ពី​ជម្រក​រ៉ែ​តំបន់​អូរ​ខ្វាវ នឹង​ផ្តល់​ផលប្រយោជន៍​ចំណូល​ដុល​ជា​មធ្យម ១៨៥ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ក្នុងនោះ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ និង​សារពើពន្ធ​ផ្សេងៗ​មាន​ជា​មធ្យម ៤០​ លាន​ដុល្លារ ក្នុង ​១​ ឆ្នាំ​៕

វីដេអូ៖