ភ្នំពេញៈ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកជំរុញការស្ទុះងើបសេដ្ឋកិច្ចក្រោយការរីករាលដាលជំងឺកូវីដ ១៩ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី ៦ ខែធ្នូ បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារក្រោមអនុកម្មវិធីទី ១ នៃកម្មវិធី ពាណិជ្ជកម្និងសមត្ថភាពប្រកួតប្រជែងដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កម្មវិធីនេះនឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ ១៩ របស់កម្ពុជាតាមរយៈការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាលដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ចជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងបរទេស។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មីដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់វិនិយោគិនរួមទាំងវិនិយោគិនក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវថ្នាលអាជីវកម្មតាមអ៊ីនធឺណិតដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេល។ នេះបើយោងតាម ADB។
លោក Sion L. Morton សេដ្ឋវិទូជាន់ខ្ពស់របស់ ADB បានឱ្យដឹងថា ការរីករាលដាលកូវីដ ១៩ បានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យសំខាន់ៗដូចជាកាត់ដេរ ស្បែកជើង វាយនភណ្ឌ ទេសចរណ៍ និងសំណង់។
លោកថ្លែងថា៖ «កំណែទម្រង់ក្រោមកម្មវិធីនឹងជួយដល់ការស្តារឡើងវិញក្រោយការរីករាលដាលជំងឺកូវីដ ១៩ របស់កម្ពុជា តាមរយៈការត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មដើម្បីរីកចម្រើន និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលផ្លាស់ប្តូរ»។
លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលគ្រប់គ្រងដោយរដ្ឋ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែធ្នូថា មានដៃគូអភិវឌ្ឍន៍ និងស្ថាប័នរដ្ឋាភិបាលមួយចំនួនបានជួយ និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកទាំងផ្នែកច្បាប់ បទប្បញ្ញត្តិ និងហិរញ្ញវត្ថុ។
លោកថ្លែងថា៖ «យើងដឹងហើយថា យើងមានសហគ្រាសធុនតូច និងមធ្យមជិត ៩៨ ភាគរយនៅក្នុងសេដ្ឋកិច្ច ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច។ ខ្ញុំយល់ថា ទឹកប្រាក់ ៥០ លានដុល្លារពី ADB នឹងក្លាយជាការជំរុញមួយទៀតសម្រាប់ការប្រកួតប្រជែងរបស់កម្ពុជាសម្រាប់ MSMEs ដែលអនុញ្ញាតឱ្យពួកគេទទួលបានចំណែកទីផ្សារកាន់តែច្រើនទាំងក្នុងស្រុក និងពិភពលោក។ ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការផ្តល់មូលនិធិបន្ថែមទៀតសម្រាប់ពួកគេដើម្បីផលិតផលិតផលដែលមានគុណភាពឆ្លើយតបតាមតម្រូវការ»។
បើតាម ADB កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្ម MSMEs ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។
ការណ៍នេះរួមបញ្ចូលទាំងការសម្រួលនិយមន័យផ្លូវច្បាប់នៃសហគ្រាសធុនតូច មធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដើម្បីផ្តល់ជំនួយ និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឧស្សាហកម្មជាអាទិភាពដែលមានការចូលរួមពីស្ត្រីក្នុងចំនួនច្រើន។
«កម្មវិធីនេះក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសឱ្យកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជាក្នុងការនាំចេញទំនិញរបស់ពួកគេ។ ជាផ្នែកមួយនៃកំណែទម្រង់ទាំងនេះ ក្រោមអនុកម្មវិធីទី ១ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលពាណិជ្ជកម្ម និងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការសម្រួលពាណិជ្ជកម្ម»។ នេះបើយោងតាម ADB៕