ភ្នំពេញៈ ទីផ្សារប្រទេសធំៗចំនួន ៥ បានទទួលទិញទំនិញពីកម្ពុជាក្នុងទឹកប្រាក់ជាង ១២,២ពាន់លានដុល្លារនារយៈពេល ១០ ខែក្នុងឆ្នាំ ២០២២ ដែលស្មើជាង ៦៥ ភាគរយនៃការនាំចេញទំនិញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ទិន្នន័យស្ថិតិទំនិញពាណិជ្ជកម្មនាំចេញជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិក្នុងចំនួនទឹកប្រាក់សរុប ១៨ ៧៤៧,៥៦៥ លានដុល្លារ កើនជាង ១៩,២ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានចំនួន ១៥ ៧២១,៦៩២ លានដុល្លារ។ សម្រាប់ទីផ្សារធំទាំង ៥ ដែលទទួលទិញទំនិញពីកម្ពុជា គឺមានទឹកប្រាក់សរុប ១២ ២០៣,៦៩១ លានដុល្លារ ស្មើនឹងចំណែកទីផ្សារនាំចេញចំនួន ៦៥,០៩ ភាគរយ។ ចំនួនទឹកប្រាក់នាំចេញទៅប្រទេសទាំង ៥ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ គឺកើនឡើង ១៤,៨៣ ភាគរយ។
ប្រទេសទាំង ៥ រួមមាន អាមេរិក ទិញទំនិញពីកម្ពុជា ៧ ៦១៧,៦៧៨ លានដុល្លារ (កើន ២៥,៤ ភាគរយ) ស្មើនឹងចំណែកទីផ្សារនាំចេញ ៤០,៦ ភាគរយ, វៀតណាម ១ ៦៦៤,៤៣៧ លានដុល្លារ (កើន ២,៨ភាគរយ) ស្មើនឹង ៨,៩ភាគរយ, ជប៉ុន ៩៨៨,៣៨៩ លានដុល្លារ (កើន ៧,៤ ភាគរយ) ស្មើ នឹង ៥,៣ ភាគរយ, ចិន ៩៨៧,៨៧២ លានដុល្លារ (ធ្លាក់ ១៩,២ ភាគរយ) ស្មើនឹង ៥,៣ ភាគរយ, និងកាណាដា ចំនួន ៩៤៥,៣១៥ លានដុល្លារ (កើន ១៩,៧ភាគរយ) ស្មើ ៥ ភាគរយ។
កាលពីរយៈពេល ១០ ខែនៃឆ្នាំ ២០២១ ក្នុងចំណោមការនាំចេញសរុបរបស់កម្ពុជាចំនួន ១៥ ៧២១,៦៩២ លានដុល្លារ គឺការនាំចេញទៅប្រទេសទាំង ៥ មានតម្លៃ ១០ ៦២៧,៤០៩ លានដុល្លារ ដែលស្មើនឹង ៦៧,៦ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ធ្លាប់បាននិយាយថា លក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រ គុណភាពផលិតផល តម្លៃ និងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសនាំចេញបានធ្វើឱ្យកម្ពុជាទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនធំៗជាច្រើនឱ្យមកបញ្ជាទិញទំនិញពីកម្ពុជា។ ខណៈកម្ពុជាទាក់ទាញបានការចូលមកបណ្តាក់ទុនជាបន្តបន្ទាប់នោះ ការនាំចេញរបស់កម្ពុជាត្រូវរំពឹងថា នឹងកើនខ្ពស់បន្ថែមទៀត ពិសេសទីផ្សារសក្តានុពលទាំង ៥។
លោកនិយាយថា៖«ខ្ញុំរំពឹងថា ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសទាំង ៥ នឹងហក់ឡើងបន្ថែមទៀត ពិសេសនៅពេលកំណើនសេដ្ឋកិច្ចពិភពលោកបានភាពល្អប្រសើរឡើងវិញ»។
លោក គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែធ្នូថា ការទទួលទិញទំនិញកម្ពុជាក្នុងបរិមាណច្រើនរបស់ប្រទេសទាំង ៥ គឺមានយូរមកហើយ ដោយផលិតផលដែលកម្ពុជានាំទៅប្រទេសទាំងនោះ មានដូចជា សម្លៀកបំពាក់ កាបូប ស្បែកជើង និងផលិតផលកសិកម្ម ជាដើម។ លោកបន្តថា មូលហេតុដែលប្រទេសទាំងអស់ខាងលើទទួលទិញទំនិញពីកម្ពុជាច្រើន គឺដោយសារប្រទេសទាំងអស់នោះបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា ឬមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាផងដែរ។
លោកលើកឡើងថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ខ្ញុំមានសុទិដ្ឋិនិយមថា ការនាំចេញទៅប្រទេសទាំង ៥ នឹងបន្តកើនឡើងទៀតនៅពេលខាងមុខ»។
ទោះយ៉ាងណា លោក សេរីវឌ្ឍន៍ បញ្ជាក់ថា កម្ពុជាក៏ត្រូវខិតខំពង្រឹងសមត្ថភាពនៃការផលិតរបស់ខ្លួនឱ្យបានកាន់តែសម្បូរបែប និងមានគុណភាពដើម្បីរក្សាស្ថិរភាពទីផ្សារ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា មុខទំនិញដែលប្រទេសទាំង ៥ ទទួលទិញពីកម្ពុជា គឺមានលក្ខណៈខុសប្លែកពីគ្នា ដោយទីផ្សារអាមេរិក និងកាណាដា ទទួលទិញភាគច្រើនជាផលិតផលវាយនភណ្ឌ និងកង់ រីឯ ជប៉ុន ទទួលទិញផលិតផលកសិកម្ម និងគ្រឿងបង្គុំអគ្គិសនីអេឡិចត្រូនិក និងប្រទេសវៀតណាម និងចិន ភាគច្រើនជាផលិតផលកសិកម្ម។
លោកអះអាងថា៖ «ខ្ញុំគិតថា នៅពេលខាងមុខក្រៅពីប្រទេសទាំង ៥ ខាងលើ នឹងមានទីផ្សារប្រទេសកូរ៉េ និងអង់គ្លេសបន្ថែមទៀតដែលនឹងទទួលទិញទំនិញពីកម្ពុជាច្រើន»។
លោកបន្ថែមទៀតថា ដោយសារប្រទេសកម្ពុជាមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ដូច្នេះរដ្ឋាភិបាលត្រូវរៀបចំគោលនយោបាយយ៉ាងណាដើម្បីជំរុញការដាំដុះនៅកម្ពុជាឱ្យបានផលកាន់តែច្រើន៕