ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងបញ្ចេញទុនបន្ថែមប្រមាណ ១០០ លានដុល្លារអាមេរិកទៅដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME) ដើម្បីពង្រីកវិសាលភាពនៃការផ្តល់កម្ចីរបស់ខ្លួនទៅដល់វិស័យ SMEs នៅក្នុងស្រុកឱ្យកាន់តែទូលំទូលាយ សំដៅធ្វើយ៉ាងណាឱ្យវិស័យនេះអាចមានលទ្ធភាពពង្រឹង និងពង្រីកខ្លួនកាន់តែរឹងមាំក្នុងន័យជួយជំរុញកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ១៩។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម កាលពីថ្ងៃទី ៥ ខែធ្នូ ថា នៅឆ្នាំ ២០២៣ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាគ្រោងបញ្ចេញថវិកាប្រមាណ ១០០ លានដុល្លារបន្ថែមដើម្បីផ្តល់ជូនដល់ធនាគារ SME សម្រាប់ផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ក្នុងអត្រាការប្រាក់ទាបដើម្បីឱ្យពួកគេមានទុនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម។
លោកបញ្ជាក់ថា ប្រសិនបើសេដ្ឋកិច្ចនៅជួបការលំបាក ប្រសិនបើមានតម្រូវការអន្តរាគមន៍បន្ថែមពីរាជរដ្ឋាភិបាលដើម្បីទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច និងសកម្មភាពធុរកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម នោះ ធនាគារ SME នឹងដាក់ឱ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ៣ (SCFS III)បន្តទៀត បន្ទាប់ពីជំហានទី ២ បានបញ្ចប់កាលពីខែកញ្ញា ឆ្នាំ ២០២២ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមឱ្យមានលទ្ធភាពពង្រឹងអាជីវកម្មឡើងវិញ ក្រោយវិបត្តិកូវីដ ១៩។
លោកថ្លែងថា៖ «ក្នុងករណីស្ថានភាពសេដ្ឋកិច្ចនៅបន្តជួបការលំបាក រាជរដ្ឋាភិបាលនឹងបន្តពិនិត្យលទ្ធភាពដើម្បីបង្កើតគម្រោងសហហិរញ្ញប្បទានថ្មី។ ប៉ុន្តែសម្រាប់ឆ្នាំបន្តទៀតនេះ ក៏យើងមាននូវកម្មវិធីផ្តល់ជាកម្ចីដោយផ្ទាល់ពីធនាគារ SME ដោយមិនបាច់ឆ្លងតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនៅក្នុងវិស័យអាទិភាព ដូចជាកម្មវិធីពាក់ព័ន្ធជាមួយសហគ្រិនស្ត្រី និងវិស័យអាទិភាពដូចជា វិស័យកសិឧស្សាហកម្ម ការកែច្នៃជាដើម ក្នុងអត្រាការប្រាក់ល្អប្រសើរសម្រាប់ពួកគាត់ និងមានកម្មវិធីមួយទៀតសម្រាប់អាជីវកម្ម Start up»។
លោកបន្ថែមថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានហិរញ្ញវត្ថុឯកជនទាំងអស់ ក៏ដូចជាភាគីពាក់ព័ន្ធនឹងបន្តចូលរួមគាំទ្រគោលនយោបាយហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលឱ្យកាន់តែសកម្មបន្ថែមទៀត»។
លោក លឹម អូន អគ្គនាយកធនាគារ SME បានឱ្យភ្នំពេញប៉ុស្តិ៍ដឹងកាលពីថ្ងៃទី ៦ ខែធ្នូថា ជាមួយការទទួលបានទុនបន្ថែមនេះ នឹងបើកលទ្ធភាពដល់ខ្លួននៅក្នុងការពង្រីកវិសាលភាពគ្របដណ្តប់នៃការផ្តល់កម្ចីទៅកាន់វិស័យនានាបន្ថែមសំដៅធ្វើឱ្យម្ចាស់ SMEs មានលទ្ធភាពពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំ។
លោកប្រាប់ថា៖ «ជាការពិតយើងនឹងប្រើប្រាស់នូវមូលនិធិបន្ថែមដែលយើងនឹងទទួលបានដើម្បីផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ប៉ុន្តែយើងនឹងផ្តោតជាសំខាន់លើវិស័យកសិឧស្សាហកម្ម និងសហគ្រិនស្ត្រីផងដែរ»។
យោងតាមលោក លឹម អូន ធនាគារ SME បានបញ្ចេញឥណទានប្រមាណ ៤១៨ លានដុល្លារដល់ SMEs ជាង ៣ ១៨៥ សហគ្រាសក្នុងការបន្តនិរន្តរភាពបើកអាជីវកម្មឡើងវិញ និងពង្រីកអាជីវកម្ម៕