ភ្នំពេញៈ កម្ពុជាទទួលបាននូវកញ្ចប់ហិរញ្ញប្បទានចំនួន ៧៣ លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រនៅក្នុងប្រទេសកម្ពុជា។
ជលផលសមុទ្រ គឺជាធាតុផ្សំសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដែលស្មើនឹង ៨-១០ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ហើយវាមានចំនួន ១៣ ភាគរយនៃអនុវិស័យជលផល។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ខ្លួនបានអនុម័តកញ្ចប់ហិរញ្ញប្បទាននាថ្ងៃទី ៨ ខែធ្នូ ក្នុងនោះប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជាជំនួយឥតសំណង ចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB ដែលផ្តល់ជំនួយដល់បណ្ដាប្រទេសជាសមាជិកកំពុងអភិវឌ្ឍន៍ ដែលក្រីក្រ និងងាយរងគ្រោះបំផុតរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEANCatalytic Green Finance Facility(ACGF)។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AgenceFrancaise de Developpement) ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២០ លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។
ធនាគារនេះលើកឡើងថា អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលស្មើនឹង ៨ ទៅ ១០ ភាគរយនៃផលទុនជាតិសរុបរបស់ប្រទេស។ ជលផលសមុទ្រមាន ១៣ ភាគរយនៃអនុវិស័យជលផល ប៉ុន្តែការនេសាទលើសកម្រិត ហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ បាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរហើយធ្វើឱ្យតម្លៃត្រីកើនឡើង។
គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វាដល់បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ីនៅក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់សមុទ្រចំនួន ៤ របស់កម្ពុជាគឺ កំពត កោះកុង កែប និងខេត្តព្រះសីហនុឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលផលនេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងទុកថា នៅក្រោមគម្រោងនេះ ជលផលក្បែរឆ្នេរសមុទ្រប្រហែល ៤០ ភាគរយ នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និងនិរន្តរភាព។
ADB បានបន្តថា៖ «គម្រោងនេះនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជាសហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រទៅដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីតាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម។ ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកតំបន់ការពារសហគមន៍ចំនួន ១៥ ដែលមានជិត ២០ ០០០ គ្រួសារក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២០០ ០០០ នាក់»។
លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មនៃ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា គម្រោងនេះឆ្លើយតបនឹងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាល រួមមានក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលស្តីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផលសមុទ្រនៅប្រទេសកម្ពុជា (២០១៩) សម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព។
លោក Alvin បានថ្លែងថា៖ «គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់នៃផែនការសកម្មភាព សម្រាប់មហាសមុទ្រប្រកបដោយផាសុកភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព»។
របាយការណ៍ក្រសួងកសិកម្មឱ្យដឹងថា ក្នុងឆ្នាំ ២០២១ ជលផលសមុទ្រមាន ១២៥ ០០០ តោន ស្មើនឹង ៩៦,១៥ ភាគរយនៃផែនការចំនួន ១៣០,០០០ តោន។ ចំនួននេះ កើនឡើង ២៣ ០០០ តោនបើធៀបនឹងឆ្នាំ ២០២០៕