ភ្នំពេញ៖ កម្ពុជា-ចក្រភពអង់គ្លេស គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងកម្ពុជា និងចក្រភពអង់គ្លេស ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា នាពេលខាងមុខ ដើម្បីជំរុញការដោះដូរទំនិញ និងការវិនិយោគរវាងប្រទេសទាំង ២ ឱ្យកាន់តែមានកំណើនបន្ថែមទៀត។
ផែនការនៃការចុះ MoU នេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ រវាងលោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈប្រតិភូចក្រភពអង់គ្លេសដែលដឹកនាំដោយលោក ស្ទូវើត ក្លេតុន (Stewart Clayton) ប្រធានទទួលបន្ទុកផ្នែកពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា អមដោយកញ្ញា ព្រីយ៉ា សូនី (Priya Soni) មន្រ្តីទទួលបន្ទុកពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាង កម្ពុជា-ចក្រភពអង់គ្លេស និងលោក អ៊ែន ហ្វ្រេនកែល (Iain Frenkiel) មន្រ្តីទទួលបន្ទុកបើកច្រកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅទីស្តីការក្រសួង កាលពីថ្ងៃទី៨ ខែធ្នូ កន្លងមក។
លោក ថុល ណារ៉ា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល អង់គ្លេស សម្រាប់ការផ្តល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច រួមមាន កម្ពុជាផងដែរ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបានស្នើសុំឱ្យមានការជួយគាំទ្រដល់កម្ពុជាបន្ថែមក្នុងខណៈពេលដែលប្រទេសកម្ពុជានឹងចាកចេញពីក្របខ័ណ្ឌប្រទេសអភិវឌ្ឍន៍តិចតួចនាពេលខាងមុខ។
លោកបានថ្លែងថា៖ «ដើម្បីចាប់យកកាលានុវត្តភាពនៃពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត ជាពិសេស លើការជំរុញទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងវិស័យឯកជននៃប្រទេសទាំង២ កិច្ចប្រជុំក៏បានពិភាក្សា និងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ ដែលអនុស្សរណៈនៃការយោគយល់នេះ នឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនង វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងចែករំលែកនូវកាលានុវត្តភាពនានា រវាងដៃគូធុរកិច្ចនៃប្រទេសទាំង២»។
លោកក៏បានបញ្ជាក់ទៀតថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត ព្រមទាំងតម្រូវការចាំបាច់ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើនពិពិធកម្ម និងភាពប្រកួតប្រជែង សំដៅស្តារឡើងវិញ និងបង្កើនភាពធន់នៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺរាតត្បាតសកលកូវីដ១៩។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចក្រភពអង់គ្លេស គឺជាទីផ្សារធំ ដែលទទួលទិញទំនិញពីកម្ពុជា មានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិផលមួយចំនួន។ GSP ដែលចក្រភពអង់គ្លេសផ្តល់ឱ្យកម្ពុជា អាចជាផ្នែកមួយនៃការប៉ះប៉ូវពីការបាត់បង់ EBA ចំនួន ២០ភាគរយ របស់សហគមន៍អឺរ៉ុបដែលផ្តល់ឱ្យកម្ពុជា។
លោកលើកឡើងថា៖ «ដោយសារកម្ពុជាទទួលបាន GSP ពីអង់គ្លេស ហើយអង់គ្លេសមានកិច្ចព្រមព្រៀងផ្នែកពាណិជ្ជកម្មមួយចំនួន ជាមួយសហភាពអឺរ៉ុប ដូច្នេះតាមរយៈនេះ ទំនិញកម្ពុជាក៏បានចូលទៅកាន់ទីផ្សារអឺរ៉ុបតាមរយៈអង់គ្លេសផងដែរ»។
បើយោងតាមតួលេខពីក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មសរុបរវាង កម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០២២ សម្រេចបានប្រមាណ ៨៣៧.៦៦លាន ដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕