ភ្នំពេញៈ អ្នកចិញ្ចឹមជ្រូករំពឹងថា តម្លៃជ្រូករស់នឹងល្អប្រសើរឡើងវិញខ្លះក្នុងពេលឆាប់ៗបន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងនារយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈអាជ្ញាធរនឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនៅសប្តាហ៍ក្រោយ ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់នៅក្នុងស្រុក និងការធានាស្ថិរភាពថ្លៃសាច់ជ្រូកនៅលើទីផ្សារ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ៨ ខែធ្នូ បានចេញលិខិតមួយដោយស្នើថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យចាត់ថ្នាក់ដឹកនាំមកចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ផ្តល់យោបល់ និងកំណត់ដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក ដែលដឹកនាំដោយលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នៅថ្ងៃទី ១៩ ខែធ្នូ ខាងមុខ។
លិខិតលើកឡើងថា៖ «ដោយពិនិត្យថា ក្នុងរយៈពេល ២ ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះ ក៏ដូចជាតបតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីឱ្យជួយដោះស្រាយបញ្ហានេះ គ.ស.ហ. នឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ផ្តល់យោបល់ និងស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក និងការធានាស្ថិរភាពថ្លៃសាច់ជ្រូកនៅលើទីផ្សារ»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែធ្នូថា ឥទ្ធិពលនៃការនាំចូលសាច់ជ្រូកបង្កក (សាច់ គ្រឿងក្នុង ក្បាល...ជើង) ដែលគ្មានច្បាប់ និងគ្មានប្រភពច្បាស់លាស់ បានធ្វើឱ្យតម្លៃជ្រូករស់ចិញ្ចឹមក្នុងស្រុកធ្លាក់ចុះយ៉ាងច្រើន ពិសេសរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ តម្លៃជ្រូករស់នៅពេលនេះគឺធ្វើឱ្យអ្នកចិញ្ចឹមត្រូវខាតបង់ប្រាក់ជាច្រើន។
លោកបន្តថា កិច្ចអន្តរាគមន៍ និងស្វែងរកដំណោះស្រាយពីរដ្ឋាភិបាល គឺពិតសំខាន់ណាស់ក្នុងជួយធ្វើឱ្យវិស័យចិញ្ចឹមសត្វ (ជ្រូក) នៅកម្ពុជាអាចបន្តនិរន្តរភាពរបស់ខ្លួនទៅមុខទៀត ដើម្បីដើរស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការធានាសន្តិសុខស្បៀងក្នុងស្រុកឱ្យបាន ១០០ ភាគរយ និងឈានទៅនាំចេញទៅទីផ្សារអន្តរជាតិ។
លោកថ្លែងថា៖ «ក្នុងនាមសមាគម ខ្ញុំពិតជារីករាយខ្លាំងដែលរដ្ឋាភិបាលនឹងជួយរិះរកដំណោះស្រាយសម្រាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក ព្រោះបើស្ថានភាពនេះបន្តយូរតទៅទៀតវិស័យនេះនឹងត្រូវដួលរលំទាំងស្រុង ទោះបើកសិដ្ឋានធំមានដើមទុនច្រើនប៉ុនណាក៏ដោយ»។
លោកប្រាប់ទៀតថា សាច់បង្កកទាំងអស់នោះ កំពុងមានវត្តមានយ៉ាងច្រើននៅតាមហាងលក់ម្ហូបអាហារ ពិសេសហាងធំៗ។ លោកអះអាងថា៖ «ធម្មតាថៅកែតែងផ្តល់ប្រាក់ឱ្យមេការ ឬបុគ្គលិកទៅទិញសាច់បន្លែ យកមកស្តុកទុក ដូច្នេះអ្នកទៅទិញភាគច្រើននឹងទិញសាច់បង្កកមក (មានតម្លៃទាប) ដែលសាច់បង្កកភាគច្រើន គឺមិនមានគុណភាព និងប្រភពច្បាស់លាស់ឡើយ»។
បច្ចុប្បន្នជ្រូករស់មានតម្លៃមធ្យមជិត ៨ ០០០ រៀលក្នុង ១ គីឡូក្រាម ខណៈកាលពីចុងខែវិច្ឆិកា បានធ្លាក់រហូតដល់ ៧ ០០០ រៀល។ ដើម្បីអាចឱ្យអ្នកចិញ្ចឹមបន្តមុខរបរនេះបាន តម្លៃត្រូវចាប់ពីជិត ១០ ០០០ រៀលឡើងទៅ។ នេះបើតាមលោក ស្រ៊ុន ពៅ។
កសិករចិញ្ចឹមជ្រូកប្រមាណ ១០០ ក្បាល នៅខេត្តកណ្តាល លោក ញ៉ឹប សាវ៉ាត បានប្រាប់ថា បច្ចុប្បន្នអ្នកចិញ្ចឹមជ្រូកត្រូវខាតប្រាក់យ៉ាងតិច ២ ០០០ រៀលក្នុង ១ គីឡូក្រាមនៅពេលលក់ជ្រូករស់ ព្រោះបើតាមការគណនា គឺថ្លៃដើមចន្លោះពី ៩ ៥០០-១០ ០០០ រៀល។
លោកប្រាប់ថា៖ «ការជួយអន្តរាគមន៍របស់រដ្ឋាភិបាល គឺមានភាពចាំបាច់ខ្លាំងព្រោះការចិញ្ចឹមពេលនេះគឺខាតប្រាក់ជាច្រើន។ ជាធម្មតានៅពេលដល់អាយុចាប់លក់ (អាយុ ៤-៥ ខែ) គឺត្រូវតែលក់ចេញ ព្រោះបើទុកឱ្យកាន់តែធំ គឺកាន់តែពិបាកលក់»៕
វីដេអូ៖