ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា (SERC) និងក្រុមហ៊ុន Cambo Trust បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងសិក្សាពីលទ្ធភាពអភិវឌ្ឍតំបន់សាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់ធុរកិច្ចក្នុងវិស័យមូលបត្រ។
អនុស្សរណៈយោគយល់គ្នានេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ៨ ខែធ្នូ រវាងលោក ស៊ូ សុជាតិ អគ្គនាយក SERC និងលោកស្រី ចាន់ សុភី អគ្គនាយិកាក្រុមហ៊ុន Cambo Trust។
លោក ស៊ូ សុជាតិ បានប្រាប់ថា ការអភិវឌ្ឍវិស័យមូលបត្រ គឺជាគោលដៅយុទ្ធសាស្ត្រមួយនៃវិស័យហិរញ្ញវត្ថុ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដូចដែលបានកំណត់ក្នុង «យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១៦-២០២៥»។
លោកពន្យល់ថា ដើម្បីធ្វើឱ្យវិស័យមូលបត្រកាន់តែរឹងមាំរីកចម្រើន ការធ្វើពិពិធកម្មផលិតផល និងទីផ្សារមូលបត្រ គឺជាកត្តាចាំបាច់ដែល SERC តែងយកចិត្តទុកដាក់ខ្ពស់ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ SERC កំពុងបោះជំហានមួយបន្ថែមទៀតដើម្បីប្រើប្រាស់ FinTech ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រ និងសេដ្ឋកិច្ចស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ ២០២១-២០៣៥របស់រដ្ឋាភិបាល។
លោកបានថ្លែងថា៖ «ការចុះ MoU ជាមួយ Cambo Trust គឺជាសកម្មភាពមួយផ្សេងទៀតក្នុងគោលបំណងពង្រឹងការអនុវត្តកម្មវិធីការអនុវត្តបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រីរបស់ SERC និងសិក្សារួមគ្នាពីលទ្ធភាពការអភិវឌ្ឍបទប្បញ្ញត្តិបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់អាជីវកម្មនានានៃវិស័យមូលបត្រនៅកម្ពុជា»។
លោកបន្តថា៖ «ការណ៍នេះនឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការចូលរួមចំណែកក្នុងការប្រើប្រាស់ FinTech សម្រាប់ការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះគ្រាន់តែជាការចាប់ផ្តើមនៃការសិក្សាពីលទ្ធភាពនៃការអភិវឌ្ឍ Sandbox និយតកម្ម Fintech សម្រាប់អាជីវកម្មមូលបត្រ មិនមែនសម្រាប់ការបង្កើត ឬបើកដំណើរការផលិតផលថ្មី ឬតំបន់ Sandbox អ្វីនោះទេ»។
លោក Kim Jinseok ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Cambo Trust បាននិយាយថា ជាមួយ MoU នេះ Cambo Trust នឹងចាប់ផ្តើមការសិក្សាលទ្ធភាពលើ (ការអភិវឌ្ឍ) Fintech regulatory sandbox zone សម្រាប់អាជីវកម្មមូលបត្រ។
លោកប្រាប់ថា៖ «យើងចង់ឱ្យទីផ្សារកម្ពុជាត្រូវបានដាក់នៅក្នុងផលបត្រនៃអ្នកលេងហិរញ្ញវត្ថុសកលលោក មិនត្រឹមតែក្នុងការគ្រប់គ្រងមូលនិធិរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងប្រតិបត្តិការជាក់ស្តែងរបស់ពួកគេសម្រាប់ទីផ្សារទូទាំងពិភពលោកផងដែរ។ នេះគឺជាចំណុចចាប់ផ្ដើម»។
លោកអះអាងថា៖ «ទីផ្សារភាគហ៊ុនបានស្ថិតនៅក្នុងភាពចលាចលដ៏ធំនេះ ប៉ុន្តែវាគឺជាឱកាសដ៏ល្អបំផុតដែលត្រូវបានកំណត់អំពីភាពឥតខ្ចោះរបស់វា។ ខ្ញុំមានជំនឿយ៉ាងមុតមាំថាយើងអាចសម្រេចបានទៅតាមផែនការ ។ យើងកំពុងពិភាក្សាជាមួយវិនិយោគិនអន្តរជាតិធំៗក្នុងវិស័យពាក់ព័ន្ធ ដូច្នេះយើងសង្ឃឹមថា វានឹងចេញជារូបរាងក្នុងពេលឆាប់ៗនេះ»។
លោក ស៊ូ សុជាតិ បានលើកឡើងទៀតថា បន្ទាប់ពីចេញសេចក្តីណែនាំស្តីពីបទប្បញ្ញត្តិ FinTech Sandbox ក្នុងវិស័យមូលបត្រ SERC បានទទួលបេក្ខភាពចំនួន ៨ នាក់ដែលកំពុងដាក់ពាក្យសុំចូលរួមនៃបទប្បញ្ញត្តិ ដើម្បីសាកល្បងផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ៕