ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន រយៈពេល ១១ ខែឆ្នាំ ២០២២ មានទឹកប្រាក់ជាង ១០,៥ ពាន់លានដុល្លារ កើនជាង ៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះទឹកប្រាក់ដែលកម្ពុជានាំទំនិញមកពីប្រទេសចិនមានជិត ៩០ ភាគរយនៃទឹកប្រាក់សរុប។ ទឹកប្រាក់នៃការនាំចូលរបស់ចិន បានកើនឡើង ៣,២៩ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)។
ទិន្នន័យបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មប្រទេសទាំង ២ មាន ១០ ៥៧៩,១៩៦លានដុល្លារ កើនឡើង ៦,៣ ភាគរយពីចំនួន ៩ ៩៥១,៧៣៤ លានដុល្លារនារយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ក្នុងចំណោមប្រាក់ខាងលើ គឺការនាំទំនិញពីប្រទេសចិនមកកម្ពុជា មាន ៨ ៣៦០,២៩ លានដុល្លារ កើន ១០,៤ភាគរយពី ៨ ៥៨០,៩៤ លានដុល្លារ និងការនាំទំនិញពីកម្ពុជាទៅចិន មានទឹកប្រាក់ ១១០៩,៤៥៣ លានដុល្លារ ធ្លាក់ចុះ ១៩,១ ភាគរយ ពីចំនួន ១៣៧០,៧៩៥ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំណងមិត្តភាព និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ រក្សាបានសញ្ញាវិជ្ជមានជាបន្តបន្ទាប់បើទោះបីក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិកូវីដ ១៩ ក៏ដោយ។
ប្រទេសទាំង ២ ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាមួយគ្នាផងដែរ។ លោកបន្តថា បន្ថែមពីលើនេះប្រទេសចិនក៏កំពុងដើរតួនាទីសំខាន់ក្នុងនាមជាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់បម្រើឱ្យការកែច្នៃ និងនាំចេញរបស់កម្ពុជា ព្រមទាំងមានវិនិយោគិនរបស់ខ្លួនជាច្រើនកំពុងបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «សកម្មភាពនៃការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងបន្តសញ្ញាវិជ្ជមានកាន់តែខ្លាំងថែមទៀតនៅពេលខាងមុខ ជាពិសេសនៅពេលរដ្ឋាភិបាលចិនសម្រេចបន្ធូរបន្ថយវិធានការរឹតត្បិតចំពោះជំងឺកូវីដ ១៩។ ខ្ញុំមានសង្ឈឹមថា នឹងមានអ្នកវិនិយោគចិនបន្ថែមទៀតចូលមកបណ្តាក់ទុននៅកម្ពុជាក្នុងពេលឆាប់ៗ»។
លោកលើកឡើងទៀតថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង CCFTA និង RCEP កាលពីដើមឆ្នាំ ២០២២ និងការយល់ព្រមរបស់រដ្ឋបាលគយចិន ចំពោះមុខទំនិញក្នុងវិស័យកសិកម្មកម្ពុជាជាច្រើនដូចជា ស្វាយ ចេក ត្រីប្រា ... និងមៀនប៉ៃលិន ជាដើម នឹងជួយជំរុញឱ្យទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅទីផ្សារចិន មានចំនួនកាន់តែច្រើន។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ថា បើនិយាយពីទំនាក់ទំនងការទូតនិងពាណិជ្ជកម្ម គឺប្រទេសទាំង ២ បានធ្វើជាមួយគ្នារាប់រយឆ្នាំមកហើយ។ ដោយសារប្រទេសចិនមានប្រជាជនច្រើន និងសកម្មភាពសេដ្ឋកិច្ចខ្លាំង ដូច្នេះបរិមាណទំនិញដ៏ច្រើនដែលប្រទេសចិននាំមកកម្ពុជា វាមិនមែនជារឿងចម្លែកនោះទេ។
លោកបន្ថែមថា សម្រាប់ចំនួនទឹកប្រាក់ដែលចិននាំចូលមកកម្ពុជាច្រើនក្នុងពេលនេះ គឺដោយសារតែភាគច្រើននៃទំនិញទាំងអស់នោះ គឺជាវត្ថុធាតុដើម ឬគ្រឿងផ្សំ សម្រាប់គាំទ្រឱ្យសកម្មភាពនៃការផលិតដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
លោកលើកឡើងទៀតថា ទោះយ៉ាងណា ដោយសារប្រទេសកម្ពុជាមានសក្តានុពលក្នុងវិស័យកសិកម្ម ដូច្នេះកម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការបង្កើនសក្តានុពលនាំចេញរបស់ខ្លួន។
លោកបានអះអាងថា៖ «ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ កើនឡើង ប៉ុន្តែសម្រាប់កម្ពុជាវាអាចមានសញ្ញាមិនល្អខ្លះ ដោយសារតែការនាំចេញរបស់ខ្លួនធ្លាក់ចុះ។ កម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មទំនិញនាំចេញរបស់ខ្លួនបន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពនាំចេញឱ្យបានកាន់តែខ្លាំង»។
បើតាមលោក វណ្ណៈ ក្រៅពីការធ្វើពិពិធកម្មទំនិញនាំចេញកម្ពុជាក៏ត្រូវខិតខំផលិត/កែច្នៃផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា រយៈពេល ១១ ខែឆ្នាំ ២០២២ ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុប ៤៨ ២០៤,៨១១ លានដុល្លារ កើនឡើង ១២,៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះការនាំចូលមាន ២៧ ៧៤៧,០៧ លានដុល្លារ កើនឡើង ៩,២ ភាគរយ និងការនាំចេញមានទឹកប្រាក់ ២០ ៤៥៧,៧៤១ លានដុល្លារ កើន ១៨,១ ភាគរយ។ ជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពប្រមាណ ៧ ២៨៩,៣២៩ លានដុល្លារ៕