កាលពីរាត្រីថ្ងៃទី ០៩ ខែធ្នូ សហគ្រិនខ្មែរគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសលទ្ធផល និងប្រគល់រង្វាន់ជូនដល់សហគ្រិនឆ្នើមដែលបានឈ្នះពានរង្វាន់សហគ្រិនខ្មែរទាំង ៣ ប្រភេទ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព។
ពិធីប្រគល់ពានរង្វាន់នេះត្រូវបានអនុវត្តដោយសហគ្រិនខ្មែរ ដោយមានឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ជានាយកប្រតិបត្តិ ដើម្បីអបអរសាទរដល់កិច្ចខំប្រឹងប្រែងរបស់បេក្ខជនចូលរួមប្រកួតប្រជែងពានរង្វាន់សហគ្រិនខ្មែរ កម្រិតវិទ្យាល័យ ពានរង្វាន់សហគ្រិនខ្មែរធុរកិច្ចបង្កើតថ្មី និងពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ដែលកម្មវិធីប្រកួតនេះ បានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ ២០២២។
ជាសមិទ្ធផលម្ចាស់ជយលាភីនៃកម្មវិធីប្រកួតទាំង ៣ ប្រភេទរួមមាន៖
ជយលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូច និងមធ្យមទាំង ៤ ក្រុមហ៊ុនរួមមាន៖
១. ជយលាភីលេខ ១៖ ភ្លើងគប់ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៨,០០០,០០០ រៀល (៧,០០០ ដុល្លារ)។
២. ជយលាភីលេខ ២៖ កសិដ្ឋាន ៤០០ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២៤,០០០,០០០ រៀល (៦,០០០ ដុល្លារ)។
៣. ជយលាភីលេខ ៣៖ អេស៊ា អិល & អ៊ី ឯ.ក ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)។
៤. ជយលាភីលេខ ៤៖ ផ្តៅ ម៉ាឃីត ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)។
ជយលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ៤ ក្រុមហ៊ុនរួមមាន៖
១. ជយលាភីលេខ ១៖ ហ្វីប កូកូ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ២០,០០០,០០០ រៀល (៥,០០០ ដុល្លារ)។
២. ជយលាភីលេខ ២៖ អាហ្គ្រោណេតឈ័រ ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១៦,០០០,០០០ រៀល (៤,០០០ ដុល្លារ)។
៣. ជយលាភីលេខ ៣៖ អាន់ស៊ីនត្រា ទទួលបានពានរង្វាន់ និងទឹកប្រាក់ ១២,០០០,០០០ រៀល (៣,០០០ ដុល្លារ)។
៤. ជយលាភីលេខ ៤៖ ស៊ូឌ្រេន ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)។
ជយលាភីពានរង្វាន់កិត្តិយស៖ ក្រុមហ៊ុន Sela Pepper Cambodia ក្នុងការទទួលស្គាល់ជារោងចក្រកែច្នៃម្រេច ដ៏ទំនើបមួយរបស់កម្ពុជា ជាមួយនឹងឧបករណ៍ច្នៃប្រឌិតក្នុងផ្ទះ និងការនាំចេញទៅក្រៅប្រទេស។
ជយលាភីនៃកម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ៣ ក្រុមរួមមាន៖
១. ជយលាភីលេខ ១៖ CO2 Converter ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៨,០០០,០០០ រៀល (២,០០០ ដុល្លារ)។
២. ជយលាភីលេខ ២៖ B Positive ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៦,០០០,០០០ រៀល (១,៥០០ ដុល្លារ)។
៣. ជយលាភីលេខ ៣៖ Synergy ទទួលបានពានរង្វាន់ និងទឹកប្រាក់ ៤,០០០,០០០ រៀល (១,០០០ ដុល្លារ)។
ថ្លែងនៅក្នុងការបើកកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ ២០២២ ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ «ការរៀបចំកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ ២០២២ ជាលើកទី២ នេះ ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ី ដ៏រស់រវើក និងអំណោយផលសម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា។
កម្មវិធីបានប្រព្រឹត្តទៅស្របពេលដែលព្រះរាជាណាចក្រកម្ពុជាទើបទទួលបាននូវជោគជ័យដ៏ត្រចះត្រង់ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលថ្មីៗនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺជាកិត្យានុភាព និងជាមោទនភាពជាតិដ៏ខ្ពស់ត្រដែត ដែលឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរឈានឡើងជាបន្តបន្ទាប់ របស់កម្ពុជាទាំងក្នុងកម្រិតនៃការអភិវឌ្ឍ និងទាំងសមត្ថភាពក្នុងការដឹកនាំកិច្ចការអន្តរជាតិ ពិសេសក្នុងរយៈពេលជាង ២ ទសវត្សចុងក្រោយនេះ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង និងភ្លឺស្វាងក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ក៏បានមានប្រសាសន៍ថា៖ «កម្មវិធីគាំទ្រនាៗដែលសហគ្រិនខ្មែរ បានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់រាល់សកម្មភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា។ ជាសមិទ្ធផល សិស្សានុសិស្ស ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ជាច្រើនបានក្លាយជាអ្នកទទួលផលក្រោយពីបានបង្កើតសហគ្រិនខ្មែរ ដែលបានដើរតួជាកាតាលីករ បានបង្កើត និងបំពេញកម្មវិធីជាច្រើនក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ដូចជា៖ ការស្វែងរកគន្លឹះដែលបំពេញចន្លោះក្នុងប្រព័ន្ធអេកូឡូស៊ី ការកសាងភាពជឿជាក់ក្នុងប្រព័ន្ធ, ការបង្កើតកម្មវិធីថ្មីៗជាមួយដៃគូ, ការបង្កើនកិច្ចសហការកៀរគថវិការ, ដើម្បីបំពេញបន្ថែម ប៉ុន្តែមិនប្រកួតប្រជែង ជាមួយដៃគូក្នុងប្រព័ន្ធ»៕