ភ្នំពេញៈ កម្ពុជាបានចុះកិច្ចព្រមព្រៀងសម្បទានថ្មី (ប្រាក់កម្ចី) ជាមួយនឹងដៃគូអភិវឌ្ឍន៍នានាសរុបជាង ១,២ ពាន់លានដុល្លារនៅក្នុងរយៈពេល ៣ ត្រីមាសដំបូងឆ្នាំ ២០២២ កើនជិត ៣០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលក្នុងនោះក្របខ័ណ្ឌទ្វេភាគី មានចំនួន ៦៨ ភាគរយ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបផ្សព្វផ្សាយ បង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៦០២,០៣ លានដុល្លារអាមេរិក សមមូល ៤៦៩,៥២ លានអេសដេអ៊ែរ (SDR)។
សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ ២០២២ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ចំនួន ១ ២១៧,៩០ លានដុល្លារអាមេរិក សមមូលនឹង ៩៤៩,៨៣ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ ៥៩ ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៦០០ លានអេសដេអ៊ែរ) នៅក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៨ ភាគរយ និងក្របខ័ណ្ឌពហុភាគីមាន ៣២ ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីសរុបចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី ៣ ឆ្នាំ ២០២២ នេះមានកំណើនប្រមាណ ២៩៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមក្រសួងសេដ្ឋកិច្ច ឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយមធ្យមប្រមាណ ៤២ ភាគរយ។ គោលដៅការចុះកិច្ចព្រមព្រៀង ឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។
បើតាមឯកសារខាងលើ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២២ នេះដោយរួមបញ្ចូលទាំងបំណុលមរតក, កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩,៤៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៩,៨៩ ភាគរយ ត្រូវនឹងប្រមាណ ៩,៤៦ ពាន់លានដុល្លារអាមេរិកជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៨ភាគរយ និងក្របខ័ណ្ឌពហុភាគីប្រមាណ ៣២ ភាគរយ) និង ០,១១ ភាគរយ ត្រូវនឹងប្រមាណ ១០,១៥ លានដុល្លារអាមេរិក គឺជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះរួមមាន ៤៣ ភាគរយជាដុល្លារអាមេរិក, ២០ ភាគរយជាអេសដេអ៊ែរ, ១២ ភាគរយជាយន់ចិន, ១០ ភាគរយជាយេនជប៉ុន, ៦ ភាគរយជាអឺរ៉ូ, និង ៤ ភាគរយទៀតជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែធ្នូថា សម្រាប់ឥណទានដែលរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ គឺសុទ្ធតែយកមកប្រើប្រាស់ក្នុងគម្រោងដែលមានភាពច្បាស់លាស់ និងមាននិរន្តរភាពការអភិវឌ្ឍយូរអង្វែង ហើយនឹងអាចផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់ជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសការលើកកម្ពស់ប្រាក់ចំណូល និងសុខុមាលភាពប្រជាជនដើម្បីឈានទៅសម្រេចគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
លោកបន្ថែមថា ឥណទានថ្មីៗទាំងអស់នេះ នឹងក្លាយជាសសរគ្រឹះ និងជាកម្លាំងចលករជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពធន់ និងរឹងមាំ។
លោកថ្លែងថា៖ «ខ្ញុំជឿថា អ្វីដែលរដ្ឋាភិបាលខ្ចីពីប្រទេស/ស្ថាប័នដៃគូ គឺសុទ្ធតែមានផែនការអនុវត្តច្បាស់លាស់ទៅលើវិស័យអាទិភាពដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការបង្កើនល្បឿនការអភិវឌ្ឍ ដែលឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងប្រទេស ឬទាក់ទាញក្រុមអ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា (FDI) កាន់តែច្រើន ក្នុងន័យបង្កើនឧត្តមភាពប្រកួតប្រជែងអន្តរជាតិលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្មអន្តរជាតិ (ការនាំចេញទំនិញ)»។
លោកបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងឥណទានទាំងនេះ ក៏អាចបញ្ជាក់ពីដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាកំពុងស្ថិតនៅលើផ្លូវដ៏ល្អ ហើយការអនុវត្តនូវកិច្ចសន្យាឥណទានកន្លងមកក៏មានភាពល្អប្រសើរដែរ ព្រោះបើមិនល្អ ប្រទេស/ដៃគូអភិវឌ្ឍន៍ក៏គេមិនព្រមផ្តល់ឥណទានឱ្យដែរ។
របាយការណ៍របស់ក្រុមហ៊ុន Moody''s Investors Service កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា បានព្យាករថា កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២ នេះនឹងសម្រេចបានក្នុងអត្រា ៤,៥ ភាគរយ និងឆ្នាំ ២០២៣ ចំនួន ៥,៥ ភាគរយ ដែលជាការកើនលើសពីកំណើនដែលប៉ាន់ ៣ ភាគរយក្នុងឆ្នាំ ២០២១។ ទោះយ៉ាងណា អត្រាកំណើននេះនៅតែទាបក្រោមកម្រិតមធ្យមចំនួន ៧ ភាគរយកាលពីចន្លោះឆ្នាំ ២០១០-២០១៩៕