ភ្នំពេញៈ អ្នក​ក្នុង​ផលិតកម្ម​ម្រេច បាន​សាទរ​ចំពោះ​សេចក្តី​ជូនដំណឹង​របស់​ក្រសួងកសិកម្ម​ដែល​ប្រាប់​ឱ្យ​ម្ចាស់​ចម្ការ និង​ម្ចាស់​រោងចក្រ​កែច្នៃ​និង​វេច​ខ្ចប់​ម្រេច​ទៅ​ចុះបញ្ជី​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន នឹង​ជួយ​ពង្រឹងគុណភាព និង​បរិមាណ ម្រេច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​។​

​អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ថ្ងៃទី​ ១២ ខែធ្នូ បានចេញ​សេចក្តី​ជូន​​ដំណឹង​មួយ ដោយបាន​លើកឡើងថា ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ម្រេច​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន ត្រូវបាន​ចុះ​ហត្ថ​លេខា​ដោយ​ក្រសួងកសិកម្ម ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ចិន កាលពី​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។

​ដើម្បី​អាច​នាំចេញ​ម្រេច​ទៅ​ទីផ្សារ​ចិន​បាន គឺ​ម្ចាស់​ចម្ការ​ម្រេច សហគមន៍​កសិកម្ម​ម្រេច និង​ម្ចាស់​រោងចក្រ​កែច្នៃ​និង​វេច​ខ្ចប់​ម្រេច ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ចម្ការ និង​ម្ចាស់​រោង​ចក្រ​កែច្នៃ​និង​វេច​ខ្ចប់​ម្រេច​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​នៅ​អគ្គ​នា​យក​ដ្ឋា​ន​កសិកម្ម​។​

​លិខិត​បញ្ជាក់ថា​៖ «​បន្ទាប់ពី​ទទួលបាន​ពាក្យស្នើសុំ អគ្គនាយកដ្ឋាន​ក​សិ​កម្ម​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​វាយតម្លៃ​ស្របតាម​នីតិវិធី​បច្ចេក​ទេស​ដូច​មានចែង​ក្នុង​ពិធីសារ​។ អគ្គនាយកដ្ឋាន​កសិក​ម្ម​គ្រោង​នឹង​បញ្ជូន​បញ្ជី​ឈ្មោះ​ចម្ការ និង​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​ម្រេច​ទៅកាន់​ភាគី​ចិន​នៅ​ដើមខែ​មករា ឆ្នាំ ​២០២៣ ខាងមុខ ដើម្បី​ភាគី​ចិន​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​មុននឹង​ឈានដល់​ការនាំចេញ​ជា​ផ្លូវការ​»​។​

​លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ ​​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៤ ខែធ្នូ​ថា សេចក្តី​ជូន​ដំណឹង​ខាងលើ គឺ​ប្រាប់​ឱ្យ​អ្នក​មានបំណង​ចង់​នាំ​ម្រេច​ទៅ​ទីផ្សារ​ចិន​ទៅ​ចុះបញ្ជី​ឱ្យបាន​រួចរាល់ ដើម្បីឱ្យ​ក្រសួង​អាច​បញ្ជូន​មន្ត្រី​ជំនាញ ឬ​អ្នកបញ្ជា​ទិញ​ពី​ប្រទេស​ចិន​ទៅធ្វើ​ទំនាក់ទំនង​ដោយផ្ទាល់​សម្រាប់​នាំចេញ​។ លោក​បន្តថា ជាការ​ប្រសើរ​ណាស់​ដែល​ម្រេច​កម្ពុជា​អាច​នាំចេញ​ជា​ផ្លូវការ​ដោយផ្ទាល់​ទៅ​ប្រទេស​ចិន​។​

​លោក​បញ្ជាក់ថា​៖ «​នេះ​ជាការ​បោះ​​ជំហាន​ថ្មី​បន្ថែមទៀត​សម្រាប់​ទីផ្សារ​ម្រេច​កម្ពុជា​ទៅ​ប្រទេស​ចិន ខណៈ​កន្លងមក​កម្ពុជា​តែង​ពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​វៀតណាម ដើម្បី​នាំទៅ​កាន់​ប្រទេស​ចិន​»​។​

​ទាក់ទង​សកម្មភាព​ដាំ​ដុះ ថែរក្សា និង​វិនិយោគ​ថ្មីៗ លោក ម៉ាក់ នី ប្រាប់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​គឺ​មិនសូវមាន​ទេ ដោយសារ​តម្លៃ​ម្រេច​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។​

​លោក​អះអាងថា អ្វី​ដែលជា​ឧបសគ្គ​សម្រាប់​អ្នក​ដាំ​ម្រេច​នៅ​កម្ពុជា គឺ​ការ​ចំណាយ​ថ្លៃដើម​ខ្ពស់​។ លោក​បន្ថែមថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ឱ្យ​ក្រសួង​ក​សិ​កម្ម​ជួយ​រក​រូបមន្ត​ដើម្បីឱ្យ​ប្រជាកសិករ​អាច​ផលិត​ម្រេច បាន​ក្នុងតម្លៃ​ទាប​ជាង​ពេលបច្ចុប្បន្ន និង​ជួយ​ឱ្យ​អ្នក​ផលិត​ទទួលបាន​ប្រាក់ចំណេញ​»​។​

​បើតាម​លោក ម៉ាក់ នី តម្លៃ​ម្រេច​នៅក្នុង​រយៈពេល ២-៣​ ឆ្នាំ​មកនេះ​មិនល្អ​ឡើយ ដោយ​បច្ចុប្បន្ន​ម្រេច​ធម្មតា​មានតម្លៃ​ពី ១០ ០០០-១១ ០០០​ រៀល​ក្នុង​ ១ ​គីឡូក្រាម ខណៈ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន មានតម្លៃ​ចន្លោះ​ពី ១៦ ០០០-១៧ ០០០​រៀល​។​

​ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត លោក ងួន ឡាយ​ ​បាន​និយាយថា សម្រាប់​ម្រេច​កំពត​ដែលជា​ផលិត​ផល​សម្គាល់​ភូមិសាស្ត្រ ​(GI)គឺ​មិនសូវ​ទទួលបាន​ផលចំណេញ​ពី​ទីផ្សារ​ចិន​ទេ ព្រោះ​ទិន្នផល​ដែល​ផលិត​បាន គឺមាន​អ្នកបញ្ជា​ទិញ​ស្ទើរ​អស់ពី​ឃ្លាំង​ជា​រៀងរាល់ឆ្នាំ​។ ជាធម្មតា​ក្នុង​ ១ ​ឆ្នាំ​ ការ​ប្រមូល​ផល​ម្រេច​កំពត គឺ​សម្រេចបាន​ជាង ១០០​ តោន ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែធ្នូ​នេះ ការនាំចេញ​សម្រេចបាន ៨០​ តោន​ហើយ​។​

​លោក​ពន្យល់ថា មូលហេតុ​ដែល​ម្រេច​កំពត​មិនសូវ​រំពឹង​លើ​ទីផ្សារ​ចិន គឺ​ដោយសារ​ម្រេច​កំពត​មានតម្លៃ​ថ្លៃ និង​មាន​ទីផ្សារ​បញ្ជា​ទិញ​ច្រើន​ហើយ ជាពិសេស​នៅ​តំបន់​អឺរ៉ុប អាមេរិក និង​កូរ៉េខាងត្បូង ជប៉ុន ជាដើម​។​

​លោក​និយាយថា​៖ «​ទោះយ៉ាងណា​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ​អ្នក​ដែលមាន​បំណង​ចង់​នាំ​ចេញទៅ​ទីផ្សារ​ចិន​ទាំង​អស់​សូម​រួសរាន់​ទៅ​ចុះបញ្ជី​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​ជំរុញ​ការនាំចេញ​ឱ្យបាន​កាន់តែច្រើន​»៕

វីដេអូ៖