ភ្នំពេញៈ កម្ពុជាបានរកចំណូលបានជាង ៣,២ ពាន់លានដុល្លារ នៅក្នុងរយៈពេល ១១ខែដើមឆ្នាំ ២០២២ នេះ ពីពន្ធដារដោយមានការកើនឡើង ២៥,២៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសកម្មភាពសេដ្ឋកិច្ចក្រោយទទួលរងសម្ពាធពីការរីករាលដាលនៃជំងឺកូវីដ ១៩ ជាង ២ ឆ្នាំកន្លងមកនេះ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារពីកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២២ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) បង្ហាញថា ក្នុងរយៈពេល ១១ខែឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំនួន ៣ ២១៤,០៦ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ២៥,២៩%ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។
គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ជាមួយនឹងការសម្រេចបានចំណូលខ្ពស់នេះ ស្ថាប័នរបស់លោកបានអនុវត្តការងារដោយស្មារតីបុរេសកម្ម និងជានិច្ចជាកាលតែងតែបំផុសនូវគំនិតផ្តួចផ្តើមថ្មីៗ ទោះបីជាស្ថានភាពនៃសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងឆ្លងកាត់ដំណាក់កាលលំបាក និងរងផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩ ដែលមិនទាន់ស្រាកស្រាន្តទាំងស្រុងនៅឡើយ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាច វិបត្តិថ្មីៗនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែកំពុងបន្ត ស្ថានភាពនៃអតិផរណា ដែលនេះក៏បានប៉ះពាល់ដល់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផងដែរ។
លោកបានបញ្ជាក់ថា៖«បើទោះជាការកើនឡើងនៃផែនការប្រមូលចំណូលពន្ធនេះជាការកើនឡើងខ្ពស់ ហើយអាចនឹងនាំឱ្យការបំពេញបេសកកម្ម របស់អគ្គនាយកដ្ឋានពន្ធដារ មានសភាពតានតឹងកាន់តែខ្លាំង ក៏ខ្ញុំប្ដេជ្ញា និងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញបេសកកម្មប្រមូលចំណូលពន្ធដើម្បីជាការបន្តគាំទ្រដ៏ពេញទំហឹង ចំពោះការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល »។
បើយោងតាមលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ ការឆ្លើយតបចំពោះរាល់សំណើរបស់អ្នកជាប់ពន្ធ តាមរយៈពេលកំណត់នៃស្តង់ដាសេវាសាធារណៈ និងកាត់បន្ថយឱ្យបានជាអតិបរមា នូវការកកស្ទះឯកសារជាយថាហេតុ តាមរយៈការជំរុញឱ្យអ្នកជាប់ពន្ធ និងសាធារណជនប្រើប្រាស់នូវកម្មវិធីពិនិត្យ និងតាមដានឯកសារ (Document Track & Check) ដោយឡែកសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារ គឺជំរុញការពង្រឹងការប្រើប្រាស់នូវប្រព័ន្ធ តាមដាន ឯកសារ (Tracking Document)»។ នេះបើយោងតាមការអះអាងរបស់លោក គង់ វិបុល។
ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) សម្រេចបាន ២២,៥៤ ប៊ីលានរៀល (ប្រមាណជា ៥,៥៦ លានដុល្លារ) និងសរុបរួមចាប់ពីខែឧសភា-វិច្ឆិកា ឆ្នាំ២០២២ ប្រមូលបានចំនួន ១៥២,៣៤ ប៊ីលានរៀល (ប្រមាណ ៣៧,៦១លានដុល្លារ)។
បើយោងតាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងចំនួន ៣ ៥៧១,៧០លានដុល្លារ កើនឡើង ២៦,៧០% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបាន ២ ៨១៩,៥៥លានដុល្លារ)។
អគ្គនាយកដ្ឋានពន្ធដារ បានត្រៀមរៀបចំរួចរាល់នូវវិធាន និងនីតិវិធីសម្រាប់ការគ្រប់គ្រងនិងប្រមូលចំណូលពន្ធដារ ក្នុងវិស័យល្បែងពាណិជ្ជកម្ម (កាស៊ីណូ) និងបន្តត្រូវពង្រឹងការចុះអង្កេតអចលនទ្រព្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងគោលដៅពង្រឹងការផ្តល់សេវា ជូនសាធារណជនជាម្ចាស់អចលនទ្រព្យ ក្នុងការប្រកាសនិងបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ៕