ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាទទួលបានមូលនិធិចំនួន ៧៣ លានដុល្លារបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យថាមពល។ មូលនិធិដែលត្រូវបានអនុម័តដោយ ADB កាលពីថ្ងៃទី ១៥ ខែធ្នូ នោះរួមបញ្ចូលនូវកម្ចីផ្អែកលើគោលនយោបាយ ៥០ លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣ លានដុល្លារ។
យោងតាម ADB កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជាដែលនឹងត្រូវផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន ៤០ លានដុល្លារពីធនធានសម្បទានរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។
សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ២៣ លានដុល្លារនោះកម្មវិធីបង្កើនថាមពលកកើតឡើងវិញសម្រាប់កម្ពុជារបស់មូលនិធិវិនិយោគអាកាសធាតុនឹងផ្តល់ប្រាក់កម្ចីចំនួន ៦ លានដុល្លារ និងជំនួយ ៥ លានដុល្លារដែលជាហិរញ្ញប្បទានអាកាសធាតុ ហើយមូលនិធិអាកាសធាតុបៃតងនឹងបន្ថែមប្រាក់កម្ចីចំនួន ១២ លានដុល្លារតាមរយៈកម្មវិធីការស្តារឡើងវិញបៃតងនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។ ថវិកាទាំងអស់នឹងត្រូវគ្រប់គ្រងដោយ ADB។
ADB ឱ្យដឹងថា៖ «កម្មវិធីនេះគាំទ្ររបៀបវារៈនៃអន្តរកម្មថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្កើនថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលនិងផ្លាស់ប្តូរចេញពីឥន្ធនៈហ្វូស៊ីល។ វាបង្កើតការធ្វើផែនការ និងបទប្បញ្ញតិ្តដោយប្រើទិន្នន័យសម្រាប់ប្រព័ន្ធថាមពលដើម្បីបង្កើនភាពបត់បែន និងភាពធន់ និងពង្រឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់ការធ្វើផែនការយុទ្ធសាស្ត្រ ព្រមទាំងបង្ហាញពីបច្ចេកវិទ្យានិងគំរូអាជីវកម្មថ្មីៗ»។
លោក Pradeep Tharakan ប្រធានផ្នែកប្រតិបត្តិការថាមពលជាមួយវិស័យសាធារណៈសម្រាប់មហាអនុតំបន់មេគង្គរបស់ ADB ថ្លែងថា៖ «កម្មវិធីនេះរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោងដែលនឹងគាំទ្រគ្នាទៅវិញទៅមក។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីគម្រោងនេះនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី ២ ខែវិច្ឆិកា ដែលបានកត់សម្គាល់ថា ខ្លួនបានចុះហត្ថលេខាលើ «អាណត្តិផ្តល់ប្រឹក្សាប្រតិបត្តិការ» ជាមួយអគ្គិសនីកម្ពុជា (EdC)ដើម្បី «គាំទ្រការអភិវឌ្ឍ» នៃសមត្ថភាពថាមពលពន្លឺព្រះអាទិត្យបន្ថែម ២ ជីហ្គាវ៉ាត់នៅកម្ពុជា និងនៅថ្ងៃទី ១១ ខែវិច្ឆិកា ធនាគារនេះសហការជាមួយអគ្គិសនីកម្ពុជា បានភ្ជាប់រោងចក្រថាមពលពន្លឺព្រះអាទិត្យ (PV) កម្លាំង ៦០ មេហ្គាវ៉ាត់ទៅកាន់បណ្តាញជាតិនៅខេត្តកំពង់ឆ្នាំង ដែលជាផ្នែកថាមពលពន្លឺព្រះអាទិត្យ ១០០ មេហ្គាវ៉ាត់។
ជាមួយមូលនិធិថ្មី ៧៣ លានដុល្លារ ការវិនិយោគនេះក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធភ្លើងបំភ្លឺផ្លូវប្រកបដោយប្រសិទ្ធភាពក្នុងកម្រិតទីរួមខេត្តកំពត និងខេត្តកែបដែលនឹងនាំដល់ការសន្សំសំចៃនិងអត្ថប្រយោជន៍សម្រាប់វិស័យទេសចរណ៍ និងសុវត្ថិភាពសាធារណៈ៕