ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ រយៈពេល ១១ ខែឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ៧១១ លានដុល្លារ កើនតិចតួចបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ខណៈការនាំចេញរបស់កម្ពុជាទៅកូរ៉េ កើនប្រមាណ ២០ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិបញ្ជីពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា គិតពីខែមករា-ខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំង ២ មានចំនួន ៧១១,០៤ លានដុល្លារ កើនឡើង ១ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១ ដែលមាន ៧០៣,៩៤ លានដុល្លារ។ ក្នុងនោះការនាំពីកម្ពុជាទៅប្រទេសកូរ៉េ មានទឹកប្រាក់ ២០៧,១៨ លានដុល្លារ កើន ២០,៣ ភាគរយ និងទំនិញកូរ៉េនាំមកប្រទេសកម្ពុជា មានចំនួន ៥០៣,៩២ លានដុល្លារ ធ្លាក់ចុះ ៥,២ ភាគរយ។
សម្រាប់ខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំង ២ មាន ៥២,១៤ លានដុល្លារ ធ្លាក់ចុះ ២០,៧២ភាគរយធៀបខែវិច្ឆិកា ឆ្នាំ ២០២១។ ក្នុងនោះកម្ពុជានាំទៅកូរ៉េ មានតម្លៃ ១៦,៥៩ លានដុល្លារ កើនឡើង ៦,៩៤ភាគរយ និងនាំចូលពីកូរ៉េ មានតម្លៃ ៣៥,៥៦ លានដុល្លារ ថយចុះ ២៩,២៦ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា ដោយសារតែកូរ៉េជាប្រទេសរីកចម្រើន និងមានតម្រូវការផលិតផលកសិកម្មមានគុណភាពខ្ពស់ ដូច្នេះវាជាឱកាសសម្រាប់កម្ពុជាក្នុងការរៀបចំការដាំដុះ និងកែច្នៃផលិតផលរបស់ខ្លួនឱ្យស្របតាមការចង់បានរបស់កូរ៉េ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ដែលបានធ្វើជាមួយគ្នានឹងជួយឱ្យផលិតផលកម្ពុជាកាន់តែច្រើនមានវត្តមាននៅទីផ្សារកូរ៉េ។
លោកបន្តថា មូលហេតុដែលទឹកប្រាក់នាំចូលពីកូរ៉េមានច្រើនជាងការនាំចេញពីកម្ពុជា គឺដោយសារកម្ពុជានាំចូលផលិតផលជាច្រើនពីប្រទេសកូរ៉េ ដើម្បីមកបម្រើឱ្យការនាំចេញ។
លោកលើកឡើងថា៖ «កូរ៉េជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមានស្តង់ដាចំណីអាហារខ្ពស់ ដូច្នេះកម្ពុជាត្រូវខិតខំផលិតទំនិញរបស់ខ្លួនឱ្យឆ្លើយតបនឹងតម្រូវការនៅទីនោះ។ កសិផលកម្ពុជា នឹងមានទីផ្សារកាន់តែធំនៅប្រទេសកូរ៉េ»។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅកូរ៉េ មានដូចជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កៅស៊ូ គ្រឿងបន្លាស់អេឡិចត្រូនិក និងផលិតផលកសិកម្ម ចំណែកទំនិញកម្ពុជានាំចូល មានដូចជា យានយន្ត គ្រឿងអេឡិចត្រូនិក សម្ភារផ្ទះបាយ និងថ្នាំពេទ្យ ជាដើម។ នេះបើតាមលោក លឹម ហេង។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១៨ ខែធ្នូថា ពាណិជ្ជកម្មប្រទេសទាំង ២ នឹងកើនចាប់ពីពេលនេះតទៅ ព្រោះក្រៅពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលប្រទេសទាំង ២ ជាសមាជិក និងចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង ២ ក៏ទើបចូលជាធរមាននាដើមខែធ្នូ នេះដែរ។
លោកនិយាយថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីពេលថ្មីៗនឹងជួយធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ រីកកាន់តែធំ ព្រោះនៅក្រោមឆត្រ CKFTA ភាគីទាំង ២ នឹងពង្រីកបរិមាណការនាំចេញកាន់តែច្រើន»។
លោកបន្ថែមថា ទោះយ៉ាងណាដោយសារចំនួនប្រាក់នាំចេញកម្ពុជាមានឱនភាពច្រើនធៀបនឹងកូរ៉េ ដូច្នេះកម្ពុជាត្រូវ រិះរកទំនិញយុទ្ធសាស្ត្រថ្មីៗបន្ថែមដើម្បីកាត់បន្ថយគម្លាតនេះ។
លោកប្រាប់ថា៖ «តាមរយៈអ្វីដែលកម្ពុជាកំពុងមាន ខ្ញុំគិតថា កសិផលនឹងជួយធ្វើឱ្យអតុល្យភាពជញ្ជីងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ត្រូវកាត់បន្ថយមួយកម្រិត ព្រោះផលិតផលកសិកម្មជាច្រើនក៏ស្ថិតនៅក្នុងបញ្ជីរួចពន្ធឬពន្ធទាបរបស់ CKFTA ដែរ»។
បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៤,០៤ លានដុល្លារ កើនឡើង ៥,៤ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះកម្ពុជានាំចេញ ១៩៤,០៨ លានដុល្លារ កើន ៤,៧ ភាគរយ និងកូរ៉េ នាំចូល ៥៧៩,៩៦ លានដុល្លារ កើនឡើង ៥,៦ ភាគរយ៕