ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២២ មានទឹកប្រាក់សរុបជិត ១,៨ ពាន់លានដុល្លារ កើនជាង ១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ដោយក្នុងនោះទឹកប្រាក់នាំទំនិញពីកម្ពុជាទៅប្រទេសជប៉ុន មានចំណែកជិត ៦០ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញនៃអគ្គនាយកដ្ឋានគយ ឱ្យដឹងថា ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា និងជប៉ុនរយៈពេល ១១ ខែឆ្នាំ ២០២២ មានទឹកប្រាក់សរុប ១៧៨៩,៤៤ លានដុល្លារ កើន ១៣,១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដែលមានចំនួន ១ ៥៨២,០៩ លានដុល្លារ។ ទឹកប្រាក់នៃការនាំចេញរបស់កម្ពុជា មាន ១ ០៦៩,៣៧ លានដុល្លារ កើន ៦,៨ ភាគរយ និងនាំពីប្រទេសជប៉ុនមកកម្ពុជាមាន ៧២០,០៧ លានដុល្លារ កើន ២៤ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង និយាយថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន បានកើនឡើងជាលំដាប់ដោយសាររដ្ឋាភិបាលប្រទេសទាំង ២ មានទំនាក់ទំនងការទូតល្អជាមួយគ្នា ហើយចំនួនក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាក៏មានកាន់តែច្រើនដែរ។ លោកបន្តថា ជប៉ុនជាប្រទេសមានឧស្សាហកម្មរីកចម្រើន និងគុណភាពជីវិតរស់នៅមានកម្រិតខ្ពស់ ដូច្នេះកម្ពុជាមានឱកាសច្រើនក្នុងការនាំទំនិញទៅជប៉ុន ពិសេសផលិតផលកសិកម្ម។
លោកនិយាយប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «សម្រាប់ខ្ញុំទីផ្សារជប៉ុននឹងបន្តស្រូបយកកាន់តែច្រើនទៀតនូវផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្ម ដែលកម្ពុជាផលិតបានច្រើនជារៀងរាល់ឆ្នាំ។ ទោះយ៉ាងណាយើងត្រូវចាំថា ទីផ្សារជប៉ុនមានតម្រូវការស្តង់ដាខ្ពស់ ដូច្នេះយើងត្រូវតែខិតខំសម្រិតសម្រាំងគុណភាពថែមទៀត»។
ផលិតផលសំខាន់ៗដែលកម្ពុជានាំទៅជប៉ុន មានដូចជា សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំ និងកសិផល ចំណែកជប៉ុននាំចូលមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។ នេះបើតាមលោក លឹម ហេង។
ក្នុងន័យបង្កើនកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងទាក់ទាញភ្ញៀវទេសចរជប៉ុនឱ្យធ្វើដំណើរមកកម្ពុជាឡើងវិញបន្ទាប់ពីធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ ១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន កាលពីចុងខែវិច្ឆិកា បានស្នើឱ្យឯកអគ្គរាជទូតជប៉ុនជិតផុតអាណត្តិ លោក Mikami Masahiro ជួយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បើកជើងហោះហើរត្រង់ពីទីក្រុងតូក្យូ មកកាន់ទីក្រុងភ្នំពេញឡើងវិញ។
បើយោងតាមធនាគារជាតិនៃកម្ពុជាជប៉ុន គឺជាប្រទេសដែលមានអ្នកមកវិនិយោគផ្ទាល់នៅកម្ពុជាច្រើនជាងគេទី ៥ បន្ទាប់ពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី និងវៀតណាម៕