ភ្នំពេញៈ រោងចក្រ​ផលិត​អគ្គិ​ស​នី​ពី​ធ្យូងថ្ម Huadian នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មកពី​ប្រ​ទេស​ចិន Huadian Overseas Investment Co., Ltd បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​រោងចក្រ​ទី​១ របស់ខ្លួន​ដែល​អាច​ផលិត​ថាមពល​បាន ៣៥០​ មេ​ហ្គា​វ៉ា​ត់​ក្នុងចំណោម​កា​រវិ​និ​​យោគ​សរុប ៧០០​ មេ​ហ្គា​វ៉ា​ត់របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន រោងចក្រ​ផលិត​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​ ១៦ ខែធ្នូ បន្ទាប់ពី​ឆ្លងកាត់​ការ​សាក​ល្បង​ដោយ​ជោគជ័យ និង​ដាក់ឱ្យ​ដំ​ណើ​រការ​ជា​ផ្លូវការ​សម្រាប់​ផលិត​ថា​ម​ពល ដោយ​បង្ហាញថា គម្រោង​ផលិត​ថាមពល​អគ្គិសនី​ដែលមាន​សមត្ថភាព​ដំឡើង​សរុប​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា​បានបញ្ចប់​ទាំងស្រុង និង​ដាក់ឱ្យ​ដំណើរការ​ហើយ​។ រហូតមកដល់​ពេលនេះ សមត្ថភាព​ដំឡើង​សរុប​នៃ​រោងចក្រ​ថាមពល​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន China Huadian នៅ​កម្ពុជា បាន​កើន​ឡើងដល់ ១,០៣៨​ លាន​គីឡូវ៉ាត់ ដែល​ក្លាយជា​ប្រតិបត្តិ​ករ​ផលិត​ថាមពល​ឈានមុខ​គេ​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា រោងចក្រ​ផលិត​ថាមពល HSPGC មាន​ទីតាំងនៅ​ស្រុក​ស្ទឹងហាវ ភាគ​ឦសាន​នៃ​ក្រុង​ព្រះសីហនុ ដែលមាន​សមត្ថភាពរ​ហូត​ដល់ ៧០០ ​មេ​ហ្គា​វ៉ា​ត់ ដោយ​ប្រើប្រាស់​ស្តង់ដា បច្ចេកវិទ្យា និង​ឧបករណ៍​ប្រ​ទេស​ចិន​។ វា​ជា​រោងចក្រ​ផលិត​ថា​ម​ពល​ដើរ​ដោយ​ធ្យូងថ្ម​ដែលមាន​សមត្ថ​ភាព​ឈានមុខ​គេ និង​កម្រិត​ការពារ​បរិស្ថាន​ខ្ពស់បំផុត​នៅ​កម្ពុជា​។​

​ក្រុមហ៊ុន​បានឱ្យដឹងថា​៖ «​ប្រតិបត្តិ​​ការ​ពេញលេញ​របស់​រោងចក្រ​ថាមពល HSPGC មាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​ការកែលម្អ​រចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ថាមពល​របស់​កម្ពុជា និង​ធ្វើឱ្យ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ថាមពល​របស់​កម្ពុ​ជាមាន​ភាពល្អប្រសើរ​។ ក្រុមហ៊ុន​នេះ​ក៏​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​មិត្តភាព​រវាង​ប្រជាជន​ចិន​-​កម្ពុជា ការធ្វើឱ្យ​ស៊ីជម្រៅ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​រវាង​ប្រទេស​ទាំង​ ២ និង​ការលើកកម្ពស់​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​ក្នុងស្រុក និង​សង្គម​ផងដែរ​»​។​

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ថាមពល​អគ្គិសនី​ដែល​ក្រុមហ៊ុន​ផលិត​បាន​និង​ត​ភ្ជាប់​ទៅ​បណ្តាញ​ជាតិ​ដើម្បី​ផ្គត់ផ្គង់​ទូទាំងប្រទេស​កម្ពុជា​។​

​លោក​និយាយថា​៖ «​វា​ជា​រោងចក្រ​ថាមពល​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន​ចិន​។ រោងចក្រ​នេះ​អាច​ផលិត​ថាមពល​បាន​៧០០​មេ​ហ្គា​វ៉ា​ត់​។ ដូច្នេះ​វា​នឹង​ត​ភ្ជាប់​ទៅ​បណ្តាញ​អគ្គិសនី​ជាតិ ដោយ​វា​មិន​គ្រាន់តែ​ផ្គត់ផ្គង់​នៅក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​នៅ​ទូទាំងប្រទេស​តែម្តង​។ រោងចក្រ​ថាមពល​នេះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ ការផ្គត់ផ្គង់​ថាមពល​សម្រាប់​សេដ្ឋកិច្ច​របស់​យើង​»​។​

​យោងតាម​ក្រុមហ៊ុន ការសាងសង់​រោងចក្រ​ថាមពល​ខាងលើ​បាន​ចាប់​​ផ្តើម​នៅ​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០២០ ហើយ​ត្រូវ​ចំណាយពេល ២៧​ ខែ​ដើម្បី​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​។​

​ភ្នំពេញ​ប៉ុស្តិ៍ បាន​រាយការណ៍​កាល​ពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩​ ថា ក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និង​ក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK) បាន​ចាប់​ដៃគូ​គ្នា​ធ្វើការ​សាងសង់​រោងចក្រ​ផលិត​ថាមពល​​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ ២​ នៅ​ខេត្ត​ព្រះសីហនុ​។ ជាមួយនឹង​ទុន​វិ​និ​យោគ​ប្រមាណ ១​ ពាន់​លាន​ដុល្លារ រោងចក្រ​អគ្គិសនី​ទាំង ២​ នេះ​អាចមាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន​ប្រមាណ ៧០០​ មេ​ហ្គា​វ៉ា​ត់​។​

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EdC)​ បាន​ថ្លែង​នៅក្នុង​ពិធី​ចុះ​ហត្ថលេខា និង​បើក​ការដ្ឋាន​សាងសង់​នាពេលនោះ​ថា ការសាងសង់​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ២០២២ ដោយ​រោង​ចក្រ​នេះ នឹង​ចាប់ផ្ដើម​ផលិត​ថាមពល​នៅ​ដើមឆ្នាំ​ ២០២៣ ហើយ​រោងចក្រ​នីមួយៗ​នឹង​អាច​ផលិត​ថាមពល​បាន ៣៥០ ​មេ​ហ្គា​វ៉ា​ត់​។​

​លោក​បាន​ថ្លែងថា​៖ «​រោងចក្រ​នេះ នឹង​អាច​ផលិត​ថាមពល​នៅ​រដូវប្រាំង ហើយនឹង​ជួយ​ធ្វើឱ្យ​តម្លៃ​អគ្គិសនី​កាន់​តែ​ទាប​។ ការវិនិយោគ​រួមគ្នា​រវាង​ក្រុម​​ហ៊ុន​ទាំង ២​ បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រទេស​ចិន និង​កម្ពុជា​។​

CHDHK គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន China Huadian Group ដែល​បាន​វិនិយោគ​លើ​ទំនប់​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ ក្នុង​ខេត្តកោះកុង ក្នុង​ឆ្នាំ​ ២០០៩៕

វីដេអូ៖